អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ស្រុក​សំ​រោងទង​ដាក់ឱ្យ​ប្រើប្រាស់​ចំណាយ​អស់​ថវិកា​ជាង​៤៤៦.៨៧០.០០០​លាន​រៀល

466
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ ​៖ ​កាលពី​រសៀល​ថ្ងៃទី​៥​ ខែមិថុនា ​ឆ្នាំ​២០១៩​ នៅ​សាលាស្រុក​សំ​រោងទង បាន​ធ្វើ​​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ ស្រុក​សំរោង​ទង បាន​ចំណាយ​ថវិកា​សរុប​៤៤៦.៨៧០.០០០​រៀល​។​ ក្នុង​ពិធី​ខាងលើ​នេះដែ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៧០០​នាក់​។​

លោក ស៊ី​ម រត​នៈ អភិបាលស្រុក​សំរោង​ទង បានឱ្យដឹងថា​ អគារ​ការិយាល័យ​ច្រកចេញចូល​តែមួយ​មាន​ទំហំ​ទទឹង​១០​ម៉ែត្រ​បណ្តោយ​២០​ម៉ែត្រ​សង្ឃ​អំពី​ថ្ម​ដំបូល​ស៊ីប​ប្រូ ​ព្រមទាំង​បំពាក់​សម្ភារៈ បច្ចេកទេស សង្ហា​រឹម​គ្រប់គ្រាន់​បាន​ចំណាយ​ថវិការ​សរុប​៤៤០.៨៧០.០០០​រៀល​។​ការសាងសង​ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១៧​រហូតដល់​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩​បានដាក់​ឱ្យប្រើ​ប្រាស់​។​

លោក​បាន​បន្តថា ​ថវិកា​ដែល​យកមក​សាងសង​អគារ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​សំរោង​ទង​ជា​ថវិកា​របស់​ថ្នាក់ជាតិ​ ដើម្បី​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​លិ​ខិ​ត្ត​ស្នាម​ផ្សេងៗ​។​ល​។​

​លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​យន្តកា​រ​ច្រកចេញ ចូល​តែមួយ នៅ​គ្រប់​ប្រភេទ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បី​ប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​ឲ្យ​ស្របតាម​គោលការណ៍ នៃ​រដ្ឋបាល​ឯកភាព និង​អភិបាលកិច្ច​ល្អ ជាពិសេស​ការបង្កើតឡើង​នូវ​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​រដ្ឋបាល​រាជធានី ខេត្ត​ទូទាំងប្រទេស​ និង​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​តាម​បណ្តា​ក្រុង ស្រុក នៅ​ទូទាំងប្រទេស ដែល​បាន​កំពុង​នឹង​អនុវត្ត​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ។

ហើយ​ក្នុង​ឆ្នាំ ២០១៩ នេះ​ផងដែរ ក្រសួងមហាផ្ទៃ បានកំណត់​យក​ស្រុក​គោលដៅ​ចំនួន ២៩ នៃ​ខេត្ត​ចំនួន ២១ បន្ថែមទៀត សម្រាប់​បង្កើត​ការិយាល័យ​ច្រកចេញ ចូល​តែមួយ ក្នុងនោះ​ក៏មាន​ស្រុក​សំ​រោងទង​ក្នុង​ខេត្តកំពង់ស្ពឺ​ផងដែរ​។​

លោក​បាន​បន្ដថា ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាល​ស្រុក មាន​តួនាទី ភារកិច្ច​ក្នុង​ការផ្តល់សេវា​រដ្ឋបាល​លើ​គ្រប់​វិស័យ​រួមមាន​សេវា​រដ្ឋបាល ដែល​កំពុងផ្តល់​ដោយ​រដ្ឋបាល​ស្រុក និង​សេវា​រដ្ឋបាល​ដែល​កំពុងផ្តល់​ដោយ​មន្ទីរ អង្គភាព​ជំនាញ​នានា “​នៅ​កន្លែង​តែមួយ​” ។

​ការប្រមូលផ្តុំ​ការផ្តល់សេវា​រដ្ឋបាល​នៅ​កន្លែង​តែមួយ​តាមរយៈ​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ គឺ​បាន​លើកកម្ពស់​គោលការណ៍​អភិបាលកិច្ច​ល្អ​តាម រយៈ​ការពង្រឹង​វិសាលភាព​សេវាកម្ម ដែល​ផ្តល់​ដោយ​រដ្ឋបាល​ស្រុក ឱ្យបាន​ទូលាយ​ដោយ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម ព្រមទាំង​បាន​ឆ្លើយតបបាន​ទាន់ពេលវេលា​ទៅតាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​។​

គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​ទូទាំង​ខេត្តកំពង់ស្ពឺ​មាន អង្គភាព​ច្រកចេញចូល​តែមួយ​របស់ រដ្ឋបាលខេត្ត នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៨ និង​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​ក្រុង​ច្បារមន ដែល​បានចាប់ផ្តើម​ដាក់ឱ្យ​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១១ ,​ការិយាល័យ​ច្រកចេញ ចូល​តែមួយ​របស់​ស្រុក​ឧដុង្គ ដែល​ចាប់ផ្តើម ដំណើរការ​ចាប់ពី​ថ្ងៃទី ០២ ខែមករា ឆ្នាំ​២០១៧ ហើយ​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០១៩​បានរៀបចំ​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការិយាល័យ​ច្រកចេញ ចូល​តែមួយ របស់​រដ្ឋបាល​ស្រុក​សំរោង​ទង​៕​B/