អគារ​កាស៊ីណូ​ចាស់​អាយុ​ជិត​១០០​ឆ្នាំ នៅ​បូកគោ​ត្រូវកែលម្អនិង​គ្រោងបើក​ដំណើរ​​ជាថ្មី នា​ថ្ងៃទី​០៩ ខែកុម្ភៈ

236

(​ខេត្តកំពត​) ៖ សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេស ដែល​រចនា​ម៉ូដ​ដោយ​វិស្វករ​បារាំង និង​អ៊ីតាលី​នៅក្នុង​សម័យកាល​ប្រទេស​បារាំង​ធ្វើ​អាណា​​ព្យាបាល​មកលើ​ប្រទេស​កម្ពុជា ដែល​បើកសម្ពោធ​ជា​លើកដំបូង​នៅ​ឆ្នាំ​១៩២៥ និង​លើក​ទី​២ ក្នុងសម័យ​សម្ត​ច​ព្រះ​បរម​កោដ នរោត្តម សីហនុ ឆ្នាំ​១៩៦២ តែ​បាន​បោះបង់​ឬ​ទុកចោល​វិញ​ក្នុងសម័យ​សង្គ្រាម ថ្មីៗ​នេះ​ត្រូវធ្វើ​ការកែលម្អ​លាបថ្នាំ និង​តុបតែង​ឡើងជា​ថ្មី អស់​រយៈពេល​អស់​ជាច្រើន​ខែ​កន្លង​ទៅហើយ​គ្រោង​បើក​ដំណើរ​លើក​ទី​៣ ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ជាថ្មី នា​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​សុខាអូតែល កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ ឱ្យដឹងថា​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេស (Le Bokor Palace) សាងសង់​លើ​ផ្ទៃដី​ជាង​១​ហិកតា មាន​កម្ពស់​៤​ជាន់​ស្មើនឹង​៣៦​បន្ទប់ ដែលមាន​អាយុកាល​ជិត​១០០​ឆ្នាំ (១៩២៥-២០១៨) មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​តំបន់​ព្រៃ​ត្រូពិច និង​ឆ្នេរសមុទ្រ​បៃតង លើ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ក្បែរ​ក្រុង​កំពត​សម្រាប់​បម្រើ​​ជូន​រាជវង្សានុវង្ស និង​អភិជន​ជាច្រើន​ទសវត្សរ៍ ។

​សណ្ឋាគារ​ត្រូវបាន​បើក​ឡើងវិញ​នៅ​ដើមឆ្នាំ​១៩៦២ ដោយ​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម​សីហនុ​ដែល​ផ្តល់​សេវាកម្ម​ជូន​មន្ត្រី​​ជាន់ខ្ពស់ រាជរដ្ឋាភិបាល និង​ពាណិជ្ជករ​ដែលមាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ហើយ​វា​ក៏​ជា​កន្លែង​វិស្សម​កាលដែល​ព្រះករុណា​ព្រះបាទ​​សម្តេចព្រះ​នរោត្តម​សីហនុ ចូលចិត្ត​ជាទីបំផុត ។​

​លោក FRUGERE F. Philippe អ្នកគ្រប់គ្រង​ទូទៅ​នៃ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេស បាន​បញ្ជាក់ថា ក្រោយពី​ជួសជុល​រួចរាល់ សំណង់​អគារ​អាណានិគម​ដ៏​ធំ​ស្កឹមស្កៃ​នេះ នឹង​ត្រូវបាន​បើកសម្ពោធ​ជាថ្មី​ម្តងទៀត​នាពេល​ខាងមុខនេះ​។ វា​មាន​បន្ទប់​ស្នាក់នៅ​នឹង​​បន្ទប់​ស្វី​ត​ដ៏​ប្រណិត​ចំនួន​៣៦​បន្ទប់​ ​ភោជនីយដ្ឋាន​ចំនួន​២ ដែល​បង្ហាញ​នូវ​ប្រណិត​ភាព នៃ​សណ្ឋាគារ​នេះ​នា​សម័យ​អតីតកាល ចុងភៅ​ស្វី​ស និង​ខ្មែរ​បានរៀបចំ​នូវមុខ​ម្ហូប​កាលពី​១០០​ឆ្នាំមុន និង​ម្ហូបអាហារ​គ្រួសារ​រាជវង្ស​ខ្មែរ ជាមួយនឹង​បន្លែ​សរីរាង្គ​និង​គ្រឿងផ្សំ​​ថ្មី​ស្រស់ ដែល​ដាំ​នៅក្បែរ​ចំការ​បន្លែ​។ ឈ្មោះ​សណ្ឋាគារ​ឡឺ បូកគោ​ផា​ឡេស ត្រូវបាន​រក្សាទុក​ក៏ដូចជា​ការរក្សា​ទុក​នូវ​ប្រវត្តិសាស្ត្រ នៃ​អាណានិគម និង​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ។​

​គួរ​បញ្ជាក់ថា សំណង់​អគារ​អាណានិគម​សេសសល់ ដែល​នៅតែ​អាច​មើលឃើញ​នាពេល​បច្ចុប្បន្ន រួមមាន​ផ្ទះ​ជប៉ុន ព្រះវិហារ​កាតូលិក វត្ត​សំពៅ​ប្រាំ ដំណាក់​ស្លា​ខ្មៅ ដំណាក់​ស្តេច សាលាក្រុង និង​សំណង់​អគារ​អាណានិគម​ជាច្រើន​ទៀត ដែលមាន​ស្ទើរតែ​គ្រប់​ទីកន្លែង និង​តែងតែ​ត្រូវបាន​គ្របដណ្តប់​ដោយ​អ័ព្ទ​។ ទន្ទឹមនឹងនេះ​ភ្ញៀវទេសចរ​ដែល​ស្នាក់នៅ​សណ្ឋាគារ​ឡឺ​បូកគោ​ផា​ឡេស ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​រមណីយដ្ឋាន​សុខភាព​បែប​ធម្មជាតិ ក៏​អាច​ទៅ​ទស្សនា​បឹង​លើ​ភ្នំ​ដ៏​ស្រស់ត្រកាល ទឹកជ្រោះ​ពពក​វិល​ដ៏​ស្រស់ស្អាត​ថ្ម​ដែល​បង្កើត​​ជា​រូបរាង​ខុសៗ​គ្នា​ជាច្រើន​នៅ​វាលស្រែ​១០០ និង​រូបរាង​ដ៏​អស្ចារ្យ នៃ​និមិត្តរូប​ច្រកទ្វារ​រវាង​ឋានសួគ៌ និង​ឋានមនុស្ស​៕​ដោយ​៖​វិបុល​/sn