អគារ​ថ្មី​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​

298

(​ភ្នំពេញ​)៖ អគារ​ថ្មី​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ដែលជា​ជំនួយឥតសំណង​របស់​ប្រជាជន​ជប៉ុន ហើយក៏​ដែលជា​និមិត្តរូប នៃ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ជប៉ុន​និង​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ​។​

​ពិធី​សម្ពោធ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា និង​លោក HORINOUCHI Hidehisa​ឯក​​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា​។​

​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​ថ្លែងថា សមិទ្ធិផល​ថ្មី​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ប្រសិទ្ធភាព និង​លទ្ធភាព​ថែមទៀត​ក្នុង​​ការបង្កើន​សម​ទ្ធ​ភាព គុណភាព​នៃ​ការពិនិត្យ​និង​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​កាន់តែច្រើន​ថែមទៀត ហើយ​ប្រការនេះ​គឺជា​ការបញ្ជាក់​​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ ។​

​សូមបញ្ជាក់ថា តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ហៅ​កាត់​ថា​JICA រដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​ជា​ជំនួយ​ក្នុងការ​សាង​​សង់​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​នូវ​ទឹកប្រាក់​ចំនួន​៩​លាន​ដុល្លារ​អាមេរិក ។ ក្រៅពីនោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ជួយ​បន្ថែម​ថវិកា​១០​ម៉ឺន​ដុល្លារ ក្នុង​ការជួយ​សម្អាត​ទី​លាន ត​បណ្ដាញទឹក ជួសជុល​អាគារ​ផ្សេងៗ ក្នុង​មន្ទីរពេទ្យបង្អែក​នេះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា មន្ទីរពេទ្យបង្អែក​ស្វាយរៀង​នេះ បាន​សាងសង់ កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ ដោយ​សាងសង់​ពី​បេតុង​អា​ម៉េ​បូក និង​ជ​ញ្ចាំ​ង​ឥដ្ឋ មាន​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ទី​២ មាន​បន្ទប់​កាំរស្មី បន្ទប់​អេកូ បន្ទប់​វាស់​បេះដូង ឱសថស្ថាន បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់​តាមដាន​ជំងឺ និង​បន្ទប់​ពិគ្រោះ​ជំងឺ​ជាដើម​ផងដែរ​៕​ដោយៈ មេសា​/sn

​អគារ​ថ្មី នៃ មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ​

​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងពេល​អញ្ជើញ​ជា​អធិបតី នៃ ពិធី​សម្ពោធ​អាគារ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង​
​ ​