អគារ​ទ្រុឌទ្រោម​បន្សល់​ពី​សម័យ​អាណានិគម​នៅ​ក្រុង​កំពត​,​អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់ផ្ទះ​ជួសជុល​ដើម្បី​សុវត្ថិភាព​

674
ចែករម្លែក
អគារ​ទ្រុឌទ្រោម​បន្សល់​ពី​សម័យ​អាណានិគម​នៅ​ក្រុង​កំពត​,​អាជ្ញាធរ​តម្រូវឱ្យ​ម្ចាស់ផ្ទះ​ជួសជុល​ដើម្បី​សុវត្ថិភាព​

ដោយ បូកគោ​/​កំ​ពតៈ រដ្ឋបាលខេត្ត​បាន​តម្រូវឱ្យ​ម្ចាស់ផ្ទះ​កេរដំណែល​បន្សល់ទុក​ពី​អាណានិគមនិយម​បារាំង​ប្រញាប់ ជួសជុល និង​កែលម្អ​ដោយ​រក្សា​រចនាបទ​ផ្នែក​ខាងក្រៅ​នៅ​ដូចដើម​រាល់​សំណង់​ដែលមាន​លក្ខណៈ​ទ្រុឌទ្រោម​។


ក្នុង​កិច្ចប្រជុំ​ស្តីអំពី​ការរៀបចំ​សោភ័ណភាព​ក្រុង​នាពេល​ថ្មីៗ​នេះ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​រំលឹកថា​តាម​ការមើលឃើញ​ជាក់ស្តែង​ផ្ទះល្វែង​មួយចំនួន​ដែលជា​សំណង់​អគារ​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង​ក្នុង​ក្រុង​កំពត​មាន​លក្ខណៈ​ទ្រុឌទ្រោម​ខ្លាំង ហើយ​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត​។ ដូច្នេះ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ចុះ​ណែនាំ​ដល់​ម្ចាស់ផ្ទះ​ឱ្យ​ជម្លៀស សមាជិក​ចេញ​មួយរយៈ ហើយ​ចាប់ផ្តើម​ជួសជុល​កែលម្អ​ដោយ​រក្សា​រចនាបទ​ផ្នែក​ខាងក្រៅ​នៅ​ដូចដើម​វិញ​។​បើ​ពួកគាត់​មិន​ព្រម​អនុវត្តតាម​ការណែនាំ​នេះ​សមត្ថកិច្ច​អាចធ្វើ​ជា​របង​ហ៊ុមព័ទ្ធ​ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការចេញ​ចូល​ឬ​ចរាចរ​ក្បែរ​ចំណុច​ទាំង​នេះឡើយ​។​ក្នុងករណី​គ្រោះថ្នាក់​កើតឡើង​អ្នកទទួលខុសត្រូវ​គឺ​ថ្នាក់ដឹកនាំ​ខេត្ត​។​ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​បង្ការ​ឱ្យបាន​ដើម្បី​បញ្ចៀស​ពី​វិប្បដិសារី ឬ​ពាក្យ​ស្តីបន្ទោស​ព្រោះតែ​ការធ្វេសប្រហែស​ចំពោះ​កិច្ចការ​ស្ថិតក្រោម​បន្ទុក​របស់ខ្លួន​។​

អគារទ្រុឌទ្រោមនៅក្រុងកំពត


ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​លោក​បេង​សំណាង​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​កំពត​បាន​បញ្ជាក់ថា​ដោយ​មើលឃើញ​ពី​ការ​ប្រឈម​ចំពោះ​សំណង់​ផ្ទះល្វែង​មួយចំនួន​ស្ថិតក្នុង​ក្រុង​អាជ្ញាធរ​ធ្លាប់បាន​ណែនាំ​ជាច្រើនលើក​មកហើយ​ដើម្បីឱ្យ​ពួកគាត់​ជម្លៀស​កូនចៅ​ចេញ​និង​ចាប់ផ្តើម​ជួសជុល​កែលម្អ​។​ប៉ុន្តែ​អ្នកខ្លះ​ហាក់​បន្ត​រស់នៅ​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​បន្តិច​ណា​សោះ​ហើយ​ខ្លះទៀត​ទុក​ផ្ទះ​ទំនេរ​ទាំង​មិន​មក​ថែទាំ​ទៀតផង​។​លោក​ប្រធាន​បន្តថា​ថ្មីៗ​នេះ​ក្រោយ​មានការ​ណែនាំ​បន្ថែម​ពី​លោក​អភិបាលខេត្ត​មន្ត្រី​ជំនាញ​ក្រោម​ការដឹកនាំ​ដោយ​លោក​ប៉ិល​កុសល​អភិបាលរង​ខេត្ត​ក៏បាន​ចុះ​ក្រើនរំលឹក​ម្តងទៀត​បំណង​សុវត្ថិភាព​ទាំងអស់គ្នា​។​អគារ​ទាំងនោះ​ជា​កេរដំណែល​បន្សល់ទុក​តាំងពី​សម័យ​បារាំង​ដោយបាន​ចាត់ទុកជា​សំណង់​បេតិកភណ្ឌ​ដែល​តម្រូវឱ្យ​រក្សា​រចនា​បទ​ខាងក្រៅ​នៅ​ដូចដើម​។ ដូច្នេះ រាល់​ការជួសជុល ជំនាញ​មាន​ភារកិច្ច ចុះ​តាមដាន​ដោយ​មិន​អនុញ្ញាតឱ្យ​ពួកគាត់​ធ្វើតាម​ការនឹកឃើញ​នោះទេ​។​


សូមបញ្ជាក់ថា​ក្រុង​កំពត​ត្រូវបាន​ចាត់ទុកជា​ក្រុង​ទេសចរណ៍​បុរាណ​មួយ​ព្រោះតែ​អភិរក្ស​នូវ​សំណង់​កេរដំណែល​ពី​អាណានិគមនិយម​បារាំង​យ៉ាងច្រើន​។​សំណង់​ទាំងនោះ​ជា​ប្រភេទ​ផ្ទះល្វែង​ហើយ​កាន់កាប់​ដោយ​ប្រជាពលរដ្ឋ​មាន​ចំនួន​៣៩៦ និង​អគារ​របស់​រដ្ឋ​ចំនួន​១៦៕​សរន​