អគារ​ប៊ូ​ឌី​ញ​ស ជា​គំរូ សម្រាប់​ការអភិវឌ្ឍ​ដទៃទៀត​

1798

​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្របសម្រួល ដោះស្រាយ និង​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​អគារ​ប៊ូ​ឌី​ញ ស គ្រប់គ្នា ១០០​ភាគ រយ មុននឹង​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​អា​រ៉ា​កា​វ៉ា​( Arakawa) បើក​ការដ្ឋាន វាយកម្ទេច​អគារ​ប៊ូ​ឌី​ញ ស កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​
​ ​
​ការ​វាយកម្ទេច​អគារ​ដ៏​ចំណាស់​នេះ នឹងត្រូវ​អនុវត្តតាម​បច្ចេកវិទ្យា​ទំនើប ប្រើ​រយៈពេល ៤​ខែ ចាប់ពី​ថ្ងៃទី​១៧​កក្កដា​តទៅ​ហើយ ខណៈដែល​ក្រុមការងារ ក៏​កំពុង​ហ៊ុម​ព័ទ្ធរបង និង​រៀបចំ​ប្រព័ន្ធ ការពារ​សុវត្ថិភាព​ផងដែរ​។​
​ ​
​តាម​គោលនយោបាយ​របស់លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ផ្តល់​សំណង​ដល់​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់ បន្ទប់​ស្នាក់​នៅក្នុង​អគារ​ប៊ូ​ឌី​ញ ក្នុងតម្លៃ ១.៤០០ ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ​។ លើស​នេះ លោក​ជា​សុផារ៉ា បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ផ្តល់​លុយ ១០០ ដុល្លារ​ថែមទៀត ជូន​ម្ចាស់ ក្នុង​មួយ​បន្ទប់ ដើម្បី​ជា​ឈ្នួល​រុះរើ​ដឹកជញ្ជូន​ឥ​វ៉ាន់​។​
​ ​
​ជាការ​ពិត ដំណោះស្រាយ​នោះ ត្រូវបាន​ទះដៃ​ស្វាគមន៍​យ៉ាង​កងរំពង បើទោះបីជា​ពីដំបូង​អ្នករស់នៅ ជាន់​ផ្ទាល់​ដី ក្នុង​អគារ​ប៊ូ​ឌី​ញ ចង់បាន​ថ្លៃ​ជាង​នេះ​ក៏ដោយ​។ តែ​អ្នក​នៅ​ជាន់​លើ​វិញ គឺ​យល់ព្រម ដោយ​ញញឹម ក្នុង​ការលក់​បន្ទប់រ​បស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ព្រោះ​បន្ទប់​ផ្ទះ​នៅ​ប៊ូ​ឌី​ញ​ដែល​សាងសង់ឡើង តាំងពី​ឆ្នាំ​១៩៦៣ មកដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ប្រេះ បែក​ថ្ម​ស៊ីម៉ង់ត៍ ពិ​ដាន ធ្វើ​ឲ្យ​បងប្អូន​អ្នករស់នៅ​អគារ​ប៊ូ​ឌី​ញ ដែលមាន​កម្ពស់ ៤​ជាន់​នោះ បារម្ភ ខ្លាច​បាក់រ​លំនៅ​ថ្ងៃ​ណាមួយ​។​

​ក្រោម​ការផ្តួចផ្តើម​រប​ស់លោក​ជា​សុផារ៉ា កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ដើម្បី​ប្រជុំ​ចរចា​ជាច្រើនលើក ជាមួយនឹង​បងប្អូន​អ្នករស់នៅ​ប៊ូ​ឌី​ញ ក្នុង​បំណង​អភិវឌ្ឍន៍​តំបន់​ប៊ូ​ឌី​ញ ដែល​ល្បីល្បាញ ហាក់ដូចជា កន្លែង​អណាធិបតេយ្យ បងតូច​បងធំ ស្ត្រី​រកស៊ី​ផ្លូវភេទ និង​អ្នកញៀន​ថ្នាំ ជាដើម​។​
​ ​
​ពីដំបូង​លោក​ជា​សុផារ៉ា មានបំណង​អភិវឌ្ឍន៍​នៅនឹងកន្លែង ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ដើម្បី​សាងសង់​អគារ​ខ្ពស់ របៀប​ជា​ខន​ដូ ហើយ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំងនោះ​វិញ នៅពេល​សាង សង់​រួចរាល់​។ តែ​ដោយ​ប្រជាពលរដ្ឋ​ប៊ូ​ឌី​ញ ស្ទើរតែ​ទាំងអស់ ចង់បាន​សំណង​ជា​លុយ ហើយ​ចាកចេញ ទៅរក​ផ្ទះ​ថ្មី ។​
​ ​
​ជាមួយនឹង​ដំណោះស្រាយ ដែល​មិនមាន​បាតុកម្ម​តវ៉ា ដូច​ករណី បូរី​កីឡា និង​តំបន់​បឹងកក់ ជាដើម​នោះ​លោក​រដ្ឋមន្ត្រី​ជា​សុផារ៉ា ដែលជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ច្បាស់លាស់ នៅពេល​មានការ​ព្រមព្រៀង​ពី​ក្រុមហ៊ុន​ជប៉ុន ថា​បោះទុន​វិនិយោគ​នៅ​ប៊ូ​ឌី​ញ​។ លោក​បាន​បង្កក់​ការលក់ដូរ ហើយ​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ម្ចាស់​បន្ទប់​ទាំងនោះ​ជាច្រើន​ដង ព្រមទាំង​ចាត់​មន្ត្រី​ជំនាញ ចុះ​ស្រង់​ស្ថិតិ និង​វាស់​ម៉ែត្រ​ជាក់ស្តែង​នៃ​បន្ទប់​ស្នាក់​ការសរុប ៤៩២ បន្ទប់​។​
​ ​
​ក្រោយពី​មន្ត្រី​ជំនាញ​ចុះ​វាស់វែង ស្រង់​ស្ថិតិ​នៅក្នុង​អគារ​ប៊ូ​ឌី​ញ​ស​ហើយ ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន បានផ្តល់​សំណង​ជា​លុយ ទៅតាម​ទំហំ​ផ្ទះ ដោយ​គិត​ជា​ម៉ែត្រការ៉េ​។ មិនមែន​គិត​ជា​ចំនួន​គ្រួសារ ដូច​ករណី​នៅ​បូរី​កីឡា ឬក៏​នៅ​បឹងកក់ ដែល​នាំ​ឲ្យ​មាន​ការលួចបន្លំ បន្ថែមចំនួន​គ្រួសារ ហើយ​បញ្ហា​បន្ត​មកដល់​សព្វថ្ងៃ​នោះឡើយ​។​
​ ​
​សរុបមក ករណី​នៅ​ប៊ូ​ឌី​ញ​ស នេះ អាចជា​គំរូ​ដ៏​ល្អ សម្រាប់​រាជរដ្ឋាភិបាល​យកទៅអនុវត្ត ក្នុងការ​អភិវឌ្ឍន៍​នៅ​តំបន់​ផ្សេង ព្រោះថា ក្រៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​ប៊ូ​ឌី​ញ​ស្ងប់ចិត្ត និង​រីករាយ​ផង​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ផ្សេងទៀត ក៏បាន​ទះដៃ​សរសើរ​លោក​ជា​សុផារ៉ា និង​រាជរដ្ឋាភិបាល មិនតិច​ទេ ក្នុងការ​ដោះស្រាយ​បញ្ហា​ប៊ូ​ឌី​ញ​។

​ប៊ូ​ឌី​ញ​ស ពីមុន ដែល​អ្នកខ្លះ គ្រាន់តែ​លឺឈ្មោះ ក៏​ខ្លាចញញើត ព្រោះតែ​បញ្ហា​អសន្តិសុខ ជាដើម​។ តែ​ចាប់ពីពេលនេះ​តទៅ អគារ​ប៊ូ​ឌី​ញ ដែល​ចាស់​ទ្រុឌទ្រោម នឹង​លែងមានទៀតហើយ​។ ប៉ុន្តែ​ទីតាំង​នោះ នឹង​ជំនួស​មកវិញ នូវ​អគារ​ខ្ពស់​ទំនើប​តាម​ស្តង់ដារ​ជប៉ុន​។ គម្រោង​នេះ ក៏បាន​លើកមុខ​លើក​មាត់ ពិសេស​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​រៀបចំ​ដែនដី ក៏ត្រូវ​បាន​មហាជន​សរសើរ មិន​ដាច់​ពី​មាត់​ដែរ​៕ ដោយៈ ម៉េង​ឆៃ​