អគារ​ពាណិជ្ជកម្ម​កម្ពស់​៤០​ជាន់​តម្លៃ​៩៥​លាន​ដុល្លារ​នឹង​លេចចេញ​រូបរាង​នៅ​ឆ្នាំ​២០២២

346
ចែករម្លែក
  • 17
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​បច្ចុប្បន្ន​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​នឹង​កំពុង​រីកចម្រើន​យ៉ាង​លឿន តាមរយៈ​ការវិនិយោគ​ដោយផ្ទាល់​ពី​វិនិយោគិន​បរទេស ដែល​នឹង​នាំឱ្យ​វិស័យនេះ ក្លាយជា​វិស័យ​អាទិភាព​ខ្ពស់​ក្នុងការ​ទាញ​ចំណូល​បាន​ច្រើន​ចូល​សេដ្ឋកិច្ចជាតិ​។​ការវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​កើនឡើង​ប្រមាណ​ពី​២០៣០​ភាគរយ​ថែមទៀត​នៅក្នុង​ឆ្នាំនេះ​ខណៈ​ទឹកប្រាក់​វិនិយោគ​ក្នុង​វិស័យនេះ គិត​ត្រឹម​ដើមឆ្នាំ​២០១៨ មានការ​កើនឡើង​ប្រមាណ​ជា​២០​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។​

​ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច​ថេរ​និង​ការរីកលូតលាស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​មួយ​បាន​សម្រេចចិត្ត​បោះទុន​វិនិយោគ​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​លើ​ការសាងសង់​អគារ​ពាណិជ្ជកម្ម​មួយ នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ខណ្ឌចំការមន​។​អគារ​ពាណិជ្ជកម្ម កម្ពស់​៤០​ជាន់​ឈ្មោះ​ឈី​ហ្វ​ថា​វើ​(ChiefTower)​ដែលមាន​ទីតាំងនៅ​ម្តុំ​បឹង​កេងកង​ដែលជា​តំបន់​មាន​សក្តានុពល​ខ្លាំង​ខាង​អចលនទ្រព្យ នឹងត្រូវ​សាងសង់ឡើង​នៅ​ចុងខែ​មិនា​នេះ​។​

​នៅក្នុង​ឱកាស​នោះ លោក ញ៉ែម សុផល អ្នកយក​ពត៌មាន​សេដ្ឋកិច្ច​នៃ កាសែត​រស្មី​កម្ពុជា បានទទួល​សិទ្ធិ​ក្នុងការ​សម្ភាសន៍ ជាមួយ​តំណាង​ក្រុមហ៊ុន JS Property International ដែលជា​ក្រុមហ៊ុន​ម្ចាស់​គម្រោង​ឈី​ហ្វ​ថា​វើ​។​ខ្លឹមសារ​នៃ​បទសម្ភាសន៍ មាន​ដូចខាងក្រោម​៖

​រស្មី​កម្ពុជា​៖​តើ​ការអភិវឌ្ឍ​អចលនទ្រព្យ ដែលមាន​ឈ្មោះថា​ឈី​ហ្វ​ថា​វើ​ជាការ​អភិវឌ្ឍ​បែបណា​? តើ​គម្រោង​អភិវឌ្ឍ​អចលនទ្រព្យ​ឈី​ហ្វ​ថា​វើ ជាការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​យ៉ាងណា​?
JS Property :​ឈី​ហ្វ​ថា​វើ គី​ជា​អាគារ​ពាណិជ្ជកម្ម Landmark Business Tower ដែលមាន​កម្ពស់ ៤០​ជាន់​និង​មាន​ទីតាំងនៅ​ចំ​សង្កាត់​បឹង​កេងកង​១ ដែលជា​កន្លែង​ដែល​ប្រសើរ​បំផុត​នៃ​ទីក្រុង​ភ្នំពេញ​។​

​រស្មី​កម្ពុជាៈ​តើ​គម្រោង​ឈី​ហ្វ​ថា​វើ ជា​គម្រោង​ដែលមាន​ការវិនិយោគ​ពី​វិនិយោគិន​ក្នុងស្រុក ឬ​ពី​វិនិយោគិន​បរទេស​?

JS Property :​ឈី​ហ្វ​ថា​វើ គី​ជា​គម្រោង​អភិវឌ្ឍ​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន JS Property International ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​មួយ​របស់ JS & Partner និង ឈី​ហ្វ ថា​វើ​រៀល​អេស​ស្តេត​ខេ​ម​បូ​ឌៀ​ខូ​អែល​ធី​ឌី​(Chief Real Estate Development Cambodia Ltd)​។ ក្រុមហ៊ុន​ទាំងពីរ​នេះ​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមាន​ដៃគូ​សហការ​ក្នុងស្រុក និង​បរទេស​ដូចជា កម្ពុជា​, ម៉ា​ទ្បេ​ស៊ី​, និង​ហុងកុង​ជាដើម​។​គម្រោង​នេះ​នឹង​ចំណាយ​ប្រមាណ​៩៥​លាន​ដុល្លារ​អាមេរិក​។​

​រស្មី​កម្ពុជា​៖​អាច​ជម្រាប​បានទេ តើ​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នេះ​មានកេរ្តិ៍ឈ្មោះ ក៏ដូចជា​ចក្ខុវិស័យ​យ៉ាងដូចម្តេច​ដែរ​?JS Property : សម្ព័ន្ធ​ក្រុមហ៊ុន JS Property International គឺមាន​វត្ត​មាននៅ​ប្រទេស​កម្ពុ​ជាជាង​១​ទសវត្ស​មកហើយ​។​ក្រៅពី​ការអភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​រួមមាន​ការសាងសង់​អគារ​ខុន​ដូ​រោងចក្រ​និង​ស​ណ្ធា​គារ​នោះ​យើង​ក៏​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​វិស័យ​ធនាគារ វិស័យ​អចល​ទ្រព្យ​និង​វិស័យ​ឧស្សាហកម្ម​ទីផ្សារ​ការផ្គត់ផ្គង់​ម្ហូបអាហារ​និង​ភេសជ្ជៈ​ផងដែរ​។ វា​គឺជា​បេសកកម្ម​ចម្បង​របស់​JSGroup​ដើម្បី​ផ្តល់ជូន​នូវ​អចល​ទ្រព្យ​ដែលមាន​គុណភាព​ល្អឥតខ្ចោះ​គ្មាន​គូ​ប្រៀប​ដែល​ជួយ​ជំរុញ និង​បង្កើន​តំលៃ​នៃ​ជីវិត​ជូន​មនុស្សជាតិ​។

​តួយ៉ាង​យើង​នៅតែ​ទទូច​ធ្វើ​ឲ្យ​ប្រសើរ​ទ្បើង​ជា​បន្តបន្ទាប់​មិន​ត្រឹមតែ​បច្ចេកវិជ្ជា​សំណង់​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​និន្នាការ​ថ្មី​បំផុត​នៃ​បច្ចេកវិទ្យា​ស្ថាបត្យកម្ម​ទំនើប​ចុងក្រោយ​គេ​មក​ផ្តល់ជូន​។ ទាំងនេះ​គឺជា​ចក្ខុវិស័យ​របស់​យើង​ដែល​អាច​ផ្តល់ឱ្យ​មនុស្ស​គ្រប់គ្នា​អាចមាន​ផ្ទះ​ជា​របស់ខ្លួន​ជាមួយនិង​តម្លៃ​សមរម្យ និង​អាចមាន​ការិយាល័យ​ដែល​ល្អ​ឥត​ខ្ជោះ​មួយ​។​

​រស្មី​កម្ពុជា​៖​តើ​អគារ​Chief Tower មាន​អ្វីខ្លះ​? (​ទីលាន​ពាណិជ្ជកម្ម​, កន្លែង​ស្នាក់នៅ​, ការិយាល័យ​ពាណិជ្ជកម្ម​, ជា​sky bar, ក្លឹប​ហាត់ប្រាណ​?)JS Property : ឈី​ហ្វ​ថា​វើ គី​ជា​អគារ​ពាណិជ្ជកម្ម​មួយ ដែលមាន​២៥​ជាន់​ជា​ការិយាល័យ​, ប្រាំ​ជាន់​ជា​កន្លែង​ពាណិជ្ជកម្ម​សំរាប់​ជួល និង​១០​ជាន់​ផ្សេងទៀត​ជា​បន្ទប់​ស​ណ្ធា​គារ​។​

នៅក្នុង​ChiefTower​យើង​មាន​កន្លែង​ជាច្រើន​សំរាប់​ផ្តល់ជូន​នូវ​សេវា​ដូចជាៈ បន្ទប់​ប្រជុំ​ដែល​អាច​មើលឃើញ​ទិ​ដ្ធ​ភាព​ទីក្រុង​, បន្ទប់​រាំ​, ក្លឹប​ហាត់ប្រាណ​, និង​កន្លែង​ធុរកិច្ច​ទំនើប​ដែល​ផ្តល់ជំនួយ​ដល់​អាជីវកម្ម​បរទេស​ជា​លក្ខណៈ​ឯកជន​។ ជាពិសេស​ថែមទៀត​នោះ ឆេវ​ថា​វើ (Chief Tower)​ក៏មាន​ប្រព័ន្ធ​ចត​រថយន្ត​ក្រោយ​ដី​ដោយ​ស្វ័យប្រវត្តិ​។​

​រស្មី​កម្ពុជា​៖​តើ​ឈី​ហ្វ​ថា​វើ​(ChiefTower)​មាន​ចំណុច​ខុសពី​គេ​ត្រង់ណា​ខ្លះ​បើ​ប្រៀបធៀប​ជាមួយនិង​អគារ​ពាណិជ្ជកម្ម​ដ៏ទៃទៀត​នៅ​ទីក្រុង​ភ្នំពេញ​?JS Property : ឈី​ហ្វ​ថា​វើ (Chief Tower ) គី​ជា​អគារ​ពាណិជ្ជកម្ម​មួយ​ដែរ​ត្រូវបាន​គេ​បង្កើត​ទ្បើង​ស្របតាម​តម្រូវការ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​។

ជាមួយនិង​ការសាងសង់​ចំ​ទីកន្លែង​ដែល​ល្អឥតខ្ចោះ​, មាន​ហេ​ដ្ធា​រចនាសម្ព័ន្ធ​ដ៏​ទំនើប និង​មាន​លក្ខណៈពិសេស​ដែល​ផ្តល់ជូន​នូវ​បណ្តាញ​រួម​ប​ញ្ជូ​ល​គ្នា​ដូចជា​ប្រព័ន្ធ​បង្កើត​បណ្តាញ​, គម្រោង​សាងសង់​ជាន់​ប្រកបដោយ​ភាពរឹងមាំ និង​ផាក​សុខភាព​,​ឈី​ហ្វ​ថា​វើ (Chief Tower ) គឺ​ត្រូវបាន​គេ​រំពឹងទុក​ថា​ជាទី​កន្លែង​ដែល​ល្អ​ឥត​ខ្ជោះ​សម្រាប់​អ្នកជំនួញ​រី​ក្រុមការងារ​អាជីវកម្ម​ដែល​ទើបតែ​ចាប់ផ្តើម​រឺ​ជា​អគារ​ដែល​ជួយ​ជម្រុញ​កំលាំងចលករ​របស់​ក្រុមហ៊ុន​ដែល​ចង់យក​អាជីវកម្ម​របស់​ពួកគេ​ឈានទៅ​មុខ​បាន​មួយកម្រិត​ទៀត​។​

​រស្មី​កម្ពុជា​៖​តើ​ជីវិត​នឹង​ទៅជា​យ៉ាងណា​នៅពេលដែល​យើង​ទៅ​នៅ​ឈី​ហ្វ​ថា​វើ​?​តើ​អ្វី​ទៅ​ដែល​អ្នក​អភិវឌ្ឍ​ប្តេជ្ញាចិត្ត នឹងធ្វើ​ឲ្យ​បាន​នៅក្នុង​គម្រោង​មួយ​នេះ​?JS Property : ឈី​ហ្វ​ថា​វើ គឺជា​អគារ​ពាណិជ្ជកម្ម​មួយ​ដែល​បង្កើត​ទ្បើង​ដោយ​ផ្អែកលើ​ទស្សនៈ ៣​ធំៗ​គឺ​៖ រស់នៅ​, ការងារ​, និង​ការកម្សាន្ត​។​

ក្រៅពី​មាន​ការិយាល័យ​នៅ​ឈី​ហ្វ​ថា​វើ​(ChiefTower),​យើង​មានការ​តាំងចិត្ត​យ៉ាង​មុតមាំ​ថា​និង​ផ្តល់​ឲ្យ​អតិថិជន​ឲ្យ​បាន​ច្រើនជាង​ជីវិត​ការងារ​នូវ​អ្វីៗ​ផ្សេងទៀត​ដែល​សំខាន់​ក្នុង​ជីវិត​មានដូចជា សុខភាព​, ការកម្សាន្ត​, និង​ការសំរាកលំហែ​កាយ​ដែល​នឹងត្រូវ​បានផ្តល់​ឲ្យ​ដោយ​ឈី​ហ្វ​ថា​វើ ។​

​រស្មី​កម្ពុជា​៖​តាមរយៈ​សំណង់​ស្ថាបត្យកម្ម​តើ​អាគារ​នេះ​មាន​លក្ខណៈ​លេចធ្លោ​ខុសគ្នា​ពី​អាគារ​ពាណិជ្ជ​ដ៏ទៃទៀត​ដូចម្តេចខ្លះ​?JSProperty:​ឈី​ហ្វ​ថា​វើ​មាន​គោលដៅ​ដោយមាន​បំណង​ចង់​ឲ្យ​ខ្លួន​ក្លាយជា​និមិត្តសញ្ញា​ស​នៃ​ជំនួញ​អចលនវត្ថុ​មួយ​ដ៏​ល្បីល្បាញ​មួយ​នៃ​ទីក្រុង​ភ្នំពេញ​។

​ស្ថាបត្យកម្ម​នៃ​ឈី​ហ្វ​ថា​វើ​គឺ​បានរួម​បញ្ចូល​នូវ​ស្មារតី​នៃ​ការច្នៃប្រឌិត​និង​ការគិត​តរក​នូវ​អ្វីដែល​ថ្មី​ដែល​វា​បេសកកម្ម​ចម្បង​របស់ខ្លួន​ដើម្បី​ក្លាយជា​គោលដៅ​អាជីវកម្ម​នៅ​ទីក្រុង​ភ្នំពេញ​។​អគារ​នេះ​ផងដែរ​គឺ​ត្រូវបាន​រចនា​ម៉ូត​បន្ថែម​ស្របទៅតាម​ការប្រៀបធៀប​ទៅលើ​ផ្នត់គំនិត​បែប​សហគ្រិន ។​

​រស្មី​កម្ពុជា​៖​តើ​អ្វី​ទៅ​ដែលជា​លក្ខណៈពិសេស​បំផុត​របស់​ឈី​ហ្វ​ថា​វើ​?JSProperty:​ទី​១​គឺ​អាង​ហែល​ទីក​នៅលើ​ដំបូល​ដែល​គេ​ឲ្យ​ឈ្មោះថា​“CantileverSwimmingPool”​។​សម្រាប់​អ្នកប្រើប្រាស់​អាគារ​អា​ចទ​ទួលបាន​នូវ​ការ​កម្ស​ន្ត​ជា​អាង​ហែល​ទឹក​តែមួយ​គ្មាន​ពី​គឺ​“RoofTopCantilevel”​តាម​អាកាសធាតុ​បែប​ត្រ​ពិ​ច​ដែលមាន​លក្ខណៈ​ក្តៅ​ហើយ​សើម នៅ​ទីក្រុង​ភ្នំពេញ​។

​គួបផ្សំ​ជាមួយនិង​ទស្សនីយភាព​បែប​Panoramic​នៃ​ទីក្រុង​ដែល​ត្រូវបាន​ជឿជាក់ថា​និង​ក្លាយជា​បទពិសោធន៍​មួយ​ដែលមាន​តែមួយគត់​។​បន្ទប់​ធុរៈកិច្ច​ដ៏​ល្អ​ប្រណិត​និង​បន្ទប់​ប្រជុំ​ដែល​អាច​មើលឃើញ​ទេស​ទីក្រុងៈ​យើង​សូម​ផ្តល់ជូន​នូវ​បន្ទប់​ធុរៈកិច្ច​ដ៏​ល្អ​ប្រណិត​ដែលមាន​សារៈសំខាន់​បំផុត​ជំនួញ​បរទេស​និង​ជំនួយ​តូចៗ​រឺ​សំរាប់​មាន​អង្គប្រជុំ​មួយ​ដ៏​ល្អ​។​

​ទស្សនៈ​គំនិត​ដែល​បាន​រចនា​បន្ទប់​ធុរៈកិច្ច​ដ៏​ល្អ​ប្រណិត​នេះ​ទ្បើង​មក​ក៏​ដើម្បី​ជួយ​កាត់បន្ថយ​នូវ​សម្ពាធ​ពី​ការប្រជុំ​អង្គ​គណៈនាយក​ប្រជុំ​សំរាប់​សហគ្រិន​ទាំងអស់​ផងដែរ​។​ប្រព័ន្ធ​ចត​រថយន្ត​ដោយ​ស្វ័យប្រវត្តិៈ​ប្រព័ន្ធ​ចត​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ត្រូវបាន​ផ្តល់ជូន​ដល់​អតិថិជន​ដោយ​រំពឹងទុក​ថា​និង​ជួយ​ការកាត់បន្ថយ​ភាព​មមាញឹក​ដែល​កើត​ទ្បើង​ក្នុង​ការចត​រថយន្ត​និង​ជួយ​សន្សំ​ពេលវេលា​សម្រាប់​ដោះស្រាយ​បញ្ហាសំខាន់​ជាង​នេះ​។​

​រស្មី​កម្ពុជា​៖​ហេតុអ្វី​បានជា​ម្ចាស់​អ្នក​អភិវឌ្ឍ​គម្រោង​ជ្រើសរើស​តំបន់​បឹង​កេងកង​នេះ​ជា​កន្លែង​សាងសង់​អគារ​ពាណិជ្ជកម្ម​ឈី​ហ្វ​ថា​វើ​នេះ​?JSProperty:​បឹង​កេងកង​១​គី​ជា​តំបន់​ដែលមាន​លក្ខណៈ​អំ​ណាយ​ផល​ជាងគេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ជាមួយនឹង​ទីតាំង​ដែលមាន​ការតភ្ជាប់​ល្អ​គ្មានអ្វី​ប្រៀបប្រដូច​នៅក្នុង​ចំណុច​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ប្រឈម​និង​ផ្លូវ​ដ៏​សំខាន់​គឺ មហាវិថី​ព្រះមុនីវង្ស​។ វា​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​របស់​អាគារ​ពា​ណិ​ជ្ជ​កម្ម​។​

​រស្មី​កម្ពុជា​៖​គម្រោង​នេះ ចាប់ផ្តើម​សាងសង់​ពេលណា​?JS Property : គម្រោង​ចាប់ផ្តើម​បើក​ការដ្ឋាន បុកគ្រឹះ​សាងសង់​នៅ​ថ្ងៃទី​២១ ខែ​មិនា​ឆ្នាំ​២០១៩ ហើយនឹង​ចំណាយពេល​សាងសង់​ប្រមាណ​៣​ឆ្នាំ ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២២៕S/

​ចំណងជើង​រូ​បថ​តៈ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ JS Property International បោះទុន​វិនិយោគ​ប្រមាណ​ជិត​១០០​លាន​ដុល្លារ​សាងសង់​អគារ​ពាណិជ្ជកម្ម​Chief Tower កម្ពស់​៤០​ជាន់​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស សង្កាត់​បឹង​កេងកង ខណ្ឌចំការមន​