ដោយ: ស៊ាថាំង
ភ្នំពេញ: អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា កាលពីលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងរដ្ឋបាលគយចិនបានជួបកិច្ចប្រជុំទ្វេភាគីក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ ដែលបាន ចុះហត្ថលេខាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកLi Keqiang នាយករដ្ឋមន្ត្រីនៃ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន។
កិច្ចប្រជុំនេះអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម អគ្គនាយក និង រដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកHu Wei អនុរដ្ឋមន្ត្រីនៃ
រដ្ឋបាលគយចិន។
លោកបណ្ឌិត គុណ ញឹម បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងស្អិតរមួតជាប្រវត្តិសាស្ត្រទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ បច្ចុប្បន្ន ប្រទេសចិនជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយក៏ជាប្រភពវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ។ លើសពីនេះទៀត ប្រទេសចិនក៏ជាប្រទេសដែលផ្តល់ជំនួយហិរញ្ញវត្ថុដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសកម្ពុជា។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន កន្លងមកបានផ្តល់ម៉ាស៊ីនស្កែនកុងតឺន័រចំនួន ០៨ គ្រឿង ហើយបច្ចុប្បន្នកំពុងប្រើប្រាស់នៅតាមមាត់ច្រកសំខាន់ៗ និងបានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ក៏ដូចជាចូលរួមជំរុញបន្ថែមទៀតដល់កិច្ចសម្រួលពាណិជ្ជកម្មផងដែរ។
លោក Hu Wei បានលើកឡើងអំពីទំនាក់ទំនង និង ដៃគូជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ហើយថ្នាក់ដឹកនាំ នៃប្រទេសទាំង២ តែងយកចិត្តទុកដាក់ខ្ពស់បំផុតលើទំនាក់ទំនងនេះ។ លោកបានបញ្ជាក់ថា ដើម្បីបង្កើនកិច្ចសហប្រតិបត្តការលើគ្រប់វិស័យ ជាពិសេសផ្នែកសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រដ្ឋបាលគយនៃប្រទេសទាំង២ ត្រូវជម្រុញកិច្ចសហប្រតិបត្តការឲ្យកាន់តែជិតស្និទថែមទៀត ហើយអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ គឺជាសក្ខីភាពនៃជំហានថ្មីនៃទំនាក់ទំនងកាន់តែល្អប្រសើររវាងរដ្ឋបាលគយទាំង២។ លោកក៏បានចែករំលែកបទពិសោធនៃការកែទម្រង់រចនាសម្ព័ន្ធ និងស្ថាប័ន ក៏ដូចជាការធ្វើទំនើបកម្មគយផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋបាលគយកម្ពុជា និង រដ្ឋបាលគយសាធារណរដ្ឋប្រជាមានិតចិន បានពិភាក្សានិងផ្លាស់ប្តូរមតិយោបល់ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តការគយទ្វេភាគី តំបន់ និងពិភពលោក (ក្រោមក្របខណ្ឌអង្គការគយពិភពលោក) ហើយចែករំលែកលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មនៅក្នុងរដ្ឋបាលគយនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖ រួមគ្នារៀបចំកាលវិភាគការងារអនុវត្តកិច្ចសហប្រតិបត្តការស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ បង្កើតចំណុចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរទិន្នន័យស្ថិតិ និងពត៌មានសម្ងាត់។ បង្កើតយន្តការរួមគ្នាលើការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធនិងបទល្មើសឆ្លងដែន។ សហការផ្លាស់ប្តូរព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិចនៃវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ។
រដ្ឋបាលគយចិននឹងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីគយកម្ពុជា។ គយកម្ពុជាត្រៀមខ្លួនចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (BRI)។ដើម្បីបង្កើតយន្តការសហប្រតិបត្តការគយក្រោមក្របខ័ណ្ឌ ឡាងឆាង-មេគង្គ រដ្ឋបាលគយចិននឹងរៀបចំសេចក្ដីព្រាង TOR ហើយរដ្ឋបាលគយកម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមនេះ និងត្រៀមខ្លួនផ្ដល់ធាតុចូលលើ TOR នោះ។ រដ្ឋបាលគយទាំង២នឹងបន្តចូលរួមយ៉ាងសកម្មក្នុងក្នុងគម្រោង “ប្រតិបត្តិការរួមគ្នា” (Joint Operations) ដែលរៀបចំឡើងដោយអង្គការគយពិភពលោក (WCO) ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន និងការពង្រឹងសន្តិសុខក្នុងតំបន់ និងសកលលោកជាដើម ។
ក្រៅពីនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសារៈសំខាន់នៃកិច្ចប្រជុំទ្វេភាគីនេះ ដែលបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនទំនាក់ទំនងកាន់តែជិតស្និទលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយរដ្ឋបាលគយនៃប្រទេសទាំងពីរមានតួនាទី និងភារកិច្ចក្នុងការអនុវត្តគោល នយោបាយនិងកិច្ចព្រមព្រៀងសហប្រតិបត្តការ នានា ជាពិសេសពាក់ព័ន្ធនឹងសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ល