អគ្គនាយកដ្ឋាន​រដ្ឋបាលៈ មិនមាន​ការបង្កើត​ខេ​ត្ត​ថ្មី​ចំនួន​៧​បន្ថែមទៀត​ទេ​

2363
ចែករម្លែក
  • 2.5K
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បាន​បដិសេធ​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​កំពុងតែ​សិក្សា​លទ្ធភាព ដើម្បី​បង្កើត​ខេត្ត​ថ្មី​ចំនួន​៧ បន្ថែមទៀត គឺជា​ព័​ត៍​មាន​មិន​ពិត ធ្វើ​ឲ្យ​សាធារណៈជន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​រាជរដ្ឋាភិបាល​។

លោក​ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ (រូប: មុនីរ័ត្ន )

​លោក​ប្រាក់ សំអឿន អគ្គនាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ថា រដ្ឋាភិបាល​អំពី​ការសិក្សា​បង្កើត​ខេត្ត​ចំនួន​៧​បន្ថែមទៀត​នោះ គឺជា​ព័ត៌មាន​មិន​ពិត​ទេ​។ ហើយ​ក្រសួងមហាផ្ទៃ​បានស្នើ​សុំ​គោល​ការអនុញ្ញាត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ចំនួន​ពីរ​តែប៉ុណ្ណោះ​។ ដោយ​លោក​បាន​អះអាងថា ព័ត៌មាន​នេះ គឺជា​ព័ត៌មាន​បំប៉ោង ធ្វើ​ឲ្យ​សាធារណៈជន​ទូទៅ​មានការ​យល់ច្រឡំ​មកលើ​រាជរដ្ឋាភិបាល ហើយ​ក្នុងនាម​ជា​អ្នកបច្ចេកទេស សូម​ធ្វើការ​បដិសេធ​នូវ​រាល់​ព័​ត៍​មាន​ទាំងអស់នេះ ហើយ​នេះ​ជា​ព័​ត៍​មាន​ក្លែងក្លាយ​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ទៅដល់​សាធារណៈមតិ ហើយ​ធ្វើការ​វាយប្រហារ​មកលើ​រដ្ឋាភិបាល​។ ដូច​បាន​គូសបញ្ជាក់​ពី​ខាងដើម គឺ​ក្រសួងមហាផ្ទៃ​បានស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ចំនួន​ពីរ​ទេ​។

​សូមជម្រាបថា នៅលើ​បណ្តាញ​សង្គម និង​តាម​សារ​អេ​ឡិ​ក​ត្រូ​និក​តេ​ឡា​ក្រាម វើ​សអាប់ បាន​ចែករំលែក​ព័​ត៍​មាន​អំពី​ការសិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​៧​បន្ថែមទៀត គឺ​៖

១. ខេត្ត​មុខកំពូល (​បំបែក​ចេញពី​ខេត្តកណ្តាល​) មាន​ក្រុង​នាគរាជ​តេ​ជោ ជាទី​រួម​ខេត្ត​។​
២. ខេត្ត​នគរ​ភ្នំ (​បំបែក​ចេញពី​ខេត្តព្រៃវែង​) មាន​ក្រុង​អ្នក​លឿង​។​
៣. ខេត្ត​ឧ​ត្តុ​ង្គ​មានជ័យ (​បំបែក​ចេញពី​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​កណ្តាល​) មាន​ក្រុង​ឧ​ត្តុ​ង្គ​។​
៤. ខេត្ត​កំពង់ថ្ម (​បំបែក​ចេញពី​ខេត្តកំពង់ធំ​) មាន​ក្រុង​កំពង់ថ្ម​។​
៥. ខេត្ត​រតនមណ្ឌល (​បំបែក​ចេញពី​ខេត្តបាត់ដំបង​)​។​
៦. ខេត្ត​ក្រឡាញ់ (​បំបែក​ចេញពី​ខេត្តសៀមរាប និង​ខេត្តបន្ទាយមានជ័យ​)​។​
៧. ខេត្ត​កោះ​ញែក (​បំបែក​ចេញពី​ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី​)​។ ប៉ុន្តែ​ព័​ត៍​មាន​នេះ ត្រូវបាន​អគ្គនាយកដ្ឋាន​រដ្ឋបាល​អះអាងថា ជា​ព័​ត៍​មាន​មិន​ពិត​ត​នោះទេ​៕ ល​