អគ្គនាយកដ្ឋាន​រដ្ឋបាល​បញ្ជាក់​អំពី​ការប្រើប្រាស់​ឈ្មោះ​សញ្ញា​សម្គាល់​-​រចនាសម្ព័ន្ធ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​

687
ចែករម្លែក
  • 484
    Shares

​ដោយៈ មុនី​រ័ត្ន​/ ​ភ្នំពេញៈ បើទោះបីជា​តុលាការ​កំពូល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាងណាក៏ដោយ ក៏​អតីតមន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បន្ត​ប្រើប្រាស់​ឈ្មោះ​រូប​សញ្ញា​សម្គាល់​គណបក្ស និង​រចនាសម្ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ដដែល​។ ប៉ុន្តែ​បើ​យោងតាម​ច្បាប់​បុគ្គល​ដែល​នៅតែ​បន្ត​ប្រើប្រាស់ គ្រប់គ្រង និង​ដឹកនាំ​គណបក្ស​នេះ អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​២០​លាន​រៀល និង​/​ឬ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពីមួយ​ខែ ទៅមួយ​ឆ្នាំ​។​
​ ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​តាម​អំណាច​សាលដីកា​លេខ ៣៤០​ឆ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បិទផ្លូវ​តវ៉ា ហើយ​ក្នុង​សាលដីកា​នោះ បាន​ហាមឃាត់​អតីតមន្ត្រី​ជាន់ខ្ពស់​ចំនួន​១១៨​រូប មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ថែម​ទៀតផង ប៉ុន្តែ​រហូតមក​ដល់ពេលនេះ គឺ​នៅ​ឃើញ​មាន​អតីតមន្ត្រី​មួយចំនួន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បន្តធ្វើ​សកម្មភាព​បំពាន​ច្បាប់​យ៉ាង​គឃ្លើន​។​
​ទាក់ទង​ករណី​ខាងលើនេះ លោក​វង្ស សុភាព តំណាង​កាសែត​រស្មី​កម្ពុជា បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩​។​

លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​


រស្មី​កម្ពុជាៈ សូម​ជម្រាបសួរ​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ តើ​លោក​អាច​បញ្ជាក់​បានទេ​ថា ការបន្ត​ប្រើប្រាស់ គ្រប់គ្រង និង​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ( ឈ្មោះ សញ្ញា​សម្គាល់ “LOGO” និង​រចនាសម្ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​) ពី​សំណាក់​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​អតីត​គណបក្ស​មួយ​នេះ តើ​បង្ហាញ​ពី​ទង្វើ​ល្មើសច្បាប់​ឬទេ​? ព្រោះថា​ឈ្មោះ​អតីត​គណបក្ស​នេះ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​តាមរយៈ​អំណាច​សាលដីកា​លេខ​៣៤០​ឆ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​បិតផ្លូវ​តវ៉ា​រួចទៅហើយ​?​

​លោក​ប្រាក់ សំអឿនៈ ជាបឋម​ខ្ញុំ​សូម​អរគុណ​ចំពោះ​លោក​វង្ស សុភាព តំណាង​កាសែត​រស្មី​កម្ពុជា ដែល​បាន​លើក​ជា​សំណួរ ដែល​ពាក់ព័ន្ធ​នឹង​ការបន្ត​ប្រើប្រាស់ គ្រប់គ្រង និង​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ( ឈ្មោះ សញ្ញា​សម្គាល់ “LOGO” និង​រចនាសម្ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​) ពី​សំណាក់​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​អតីត​គណបក្ស​នេះ ជា​បន្តបន្ទាប់ ជាពិសេស​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​ទីក្រុង Lowel សហរដ្ឋអាមេរិក​។

ពាក់ព័ន្ធ​នឹង​ករណីនេះ ខ្ញុំ​សូម​ជម្រាបជូន​សាធារណជន​ឲ្យ​បាន​ជ្រាបថា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល តាម​អំណាច​សាលដីកា​លេខ ៣៤០​ឆ ចុះ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​បិទផ្លូវ​តវ៉ា ហើយ​ក្នុង​សាលដីកា​នោះបាន​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​អតីត​ថ្នាក់ដឹកនាំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​នាក់​។ នាពេល​ថ្មីៗ​នេះ មាន​ព្រះរាជក្រឹត្យ​ផ្តល់នូវ​នីតិសម្បទា​ឡើងវិញ​ដល់​លោក គង់ គាំ និង​លោក គង់ បូរ៉ា ប៉ុន្តែ​អ្នក​ដ៏ទៃទៀត​នៅតែ​ស្ថិតក្នុង​ការហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​រប​ស់​តុលាការ​កំពូល​ដដែល​។ បន្ទាប់ពី​ទទួលបាន​សាលដីកា​តុលាការ​កំពូល ក្រសួងមហាផ្ទៃ​បាន​លុបឈ្មោះ​គណបក្ស​នេះ​ចេញពី​បញ្ជី​ឈ្មោះ​គណបក្សនយោបាយ​ដែល​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​រួចហើយ តាំងពី​ពេលនោះ​មក​។

ចំពោះ​ករណី​ដែល​អតីត​ថ្នាក់ដឹកនាំ ឬ​បុគ្គល​ណាមួយ​នៅតែ​បន្ត​ប្រើប្រាស់ គ្រប់គ្រង ឬ​ដឹកនាំ​គណបក្ស​នេះ​បន្តទៀត គឺជា​ទង្វើ​ប្រព្រឹត្តល្មើស​ទៅនឹង​បទ​ប្បញ្ញត្តិ​មាត្រា ៤២​ថ្មី នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រង់ចំណុច​ទី​២ ដែល​ចែងថា “​បន្ត​គ្រប់គ្រង ឬ​ដឹកនាំ​គណបក្សនយោបាយ​ដែល​តុលាការ​បានសម្រេច​រំលា​យ​ជា​ស្ថាពរ​”​។ ករណីនេះ អតីត​ថ្នាក់ដឹកនាំ​គណបក្ស​នេះ ឬ​បុគ្គល​ដែល​នៅតែ​បន្ត​ប្រើប្រាស់ គ្រប់គ្រង និង​ដឹកនាំ​គណបក្ស​នេះ អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០.០០០.០០០ (​ដល់​លាន​)​រៀល ដល់ ២០.០០០.០០០(​ម្ភៃ​លាន​)​រៀល និង​/​ឬ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​០១(​មួយ​)​ខែ ដល់ ០១(​មួយ​)​ឆ្នាំ​៕SRN