អគ្គនាយកពន្ធដារ ៖ ចំណូលពន្ធក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ សម្រេចបានគ្រប់ និងលើស ផែនការកំណត់

1670
ចែករម្លែក

(ភ្នំពេញ) ៖​ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ ប្រភេទក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះចាប់តាំងពី២០១២មក អគ្គនាយកដ្ឋានពន្ធដារ តែងតែសម្រេច បានគ្រប់និងលើស​ផែនការដែលច្បាប់កំណត់ ជាពិសេសឆ្នាំ២០១៧ គឺជាកំណត់ត្រាថ្មីរបស់ពន្ធដារ ដែលសម្រេចបាន ១១៣ភាគរយ នៃផែនការច្បាប់។

លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ (រូបភាព ៖ ហ្វេសប៊ុកពន្ធដារ)

លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើងដឹងថា លទ្ធផលសម្រេចបាននេះ គឺអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុង បរិបទមួយ ដែលគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា មិនមានការបង្កើនអត្រាពន្ធ ឬបង្កើតពន្ធថ្មីនោះទេ គឺមានតែពង្រឹងច្បាប់និងបទបញ្ញត្តិស្តីពី ពន្ធដារមានស្រាប់តែប៉ុណ្ណោះ។

 

ក្នុងសិក្ខាសាលាស្តីពី “កាតព្វកិច្ច និងការដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ និងវឌ្ឍនភាពស្តីពី ការកែទម្រង់ប្រព័ន្ធពន្ធដារ” កាលពីដើមសប្ដាហ៍កន្លងទៅនេះ ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារនឹង ពង្រឹងការគ្រប់ គ្រងប្រមូល ចំណូលពន្ធ​ឱ្យអស់សក្តានុពលដែលមានស្រាប់ ដើម្បីធានាឱ្យបាននូវភាព ងាយស្រួល សមធម៌ និងភាពត្រឹមត្រូវ​ក្នុងការបង់ពន្ធផ្សារភ្ជាប់ នឹងទិដ្ឋភាពសេដ្ឋកិច្ច ក្នុង រយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។

 

ក្នុងរដូវកាលនៃការប្រកាសពន្ធលើប្រាក់ ចំណូលប្រចាំឆ្នាំ២០១៧ ដែលនឹងផុតនៅដំណាច់​ខែមីនាខាងមុខនេះ ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានក្រើនរម្លឹកដល់ សហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ ខ្លួន ដោយគោរពប្រតិបត្តិយ៉ាង ខ្ជាប់ខ្ជួននូវបទបញ្ញត្តិស្តីពីពន្ធដារ គឺជាកិច្ចការចម្បងដែលអ្នកជាប់ពន្ធគ្រប់ រូបត្រូវប្រកាន់យក ហើយបោះបង់ចោលនូវ ទម្លាប់ចាស់ ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយ   លើក យកហេតុផលផ្សេងៗ និងប្រែក្លាយ​ការគោរព​ប្រតិបត្តិច្បាប់មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់ បានត្រឹម  ត្រូវ ឱ្យមកជាគោរពប្រតិបត្តិ​ច្បាប់ឱ្យបានត្រឹមត្រូវដោយមក ដាក់លិខិតប្រកាសបង់ ពន្ធឱ្យបានទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។

 

លោកបានលើកឡើងថា កន្លងមក ក្នុងករណីមានបញ្ហាប្រឈម នឹងចំណុចកកស្ទះ ណាមួយពាក់ព័ន្ធនឹង    ពន្ធ អគ្គនាយកដ្ឋានពន្ធដារមានយន្តការ នៃភាពជាដៃគូជាមួយផ្នែក ឯកជន ដើម្បីយកមកពិភាក្សាគ្នា រកដំណោះស្រាយ៕