អគ្គនាយក​ពន្ធនាគា​រ៖ ការធ្វើ​ទារុណកម្ម​លើ​អ្នក​ជាប់ឃុំ នៅក្នុង​ពន្ធនាគារ​លែងមាន​ហើយ​

248

(ភ្នំពេញ)៖ គិត​មកដល់ពេលនេះ អ្នកជាប់ឃុំឃាំង​នៅក្នុង​ពន្ធនាគារនៅតាម​រាជធានី ខេត្ត ទូទាំងប្រទេស មាន​ចំនួន​ជិត៣ម៉ឺន​នាក់ ក្នុងនោះ​ស្ត្រី​ប្រមាណ​ជាង ២.០០០ នាក់ និង​បាន​លុបបំបាត់បាន​នៅ​អំពើ​ធ្វើ​ទារុណកម្ម​និង​ការ​មើលងាយមើលថោក ។ ចំពោះ​ការប្រព្រឹត្តិ​អំពើ​មិន​គប្បី ដោយ​មន្ត្រី​ពន្ធនាគារ លើ​អ្នក​ជាប់ឃុំ គឺ​លែងមានទៀតហើយ​។

​លោក​ចាន់ គឹម​សេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​១៤ ខែធ្នូ ថា អ្នកទោស​ដែល​កំពុងតែ​ជាប់ពន្ធនាគារ នៅតាម​មណ្ឌល​អប់រំ​កែប្រែ និង​តាម​បណ្តា​ខេត្ត​ទូទាំងប្រទេស មាន​ចំនួន​សរុប​ប្រមាណ​ជា ២៨.០០០​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន​ជិត ២.៤០០​នាក់​។

​លោក​បាន​បញ្ជាក់ថា អ្នកទោស​ដែល​កំពុងតែ​ជាប់ពន្ធនាគារ មានដូចជាៈ​នៅ​ពន្ធនាគារ​ព្រៃ​ស គឺ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ មាន​ចំនួន ៦.៣០០​នាក់​។ មណ្ឌល​អប់រំ​កែប្រែ​ទី​២ (​សម្រាប់​ដាក់​ស្ត្រី និង​អនីតិជន​) មាន​ចំនួន ១.៤០០​នាក់​។ នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង មណ្ឌល​អប់រំ​កែប្រែ​ទី​៣ មាន​ចំនួន ១.៧០០​នាក់​។ ខេត្តសៀមរាប មាន​ចំនួន ២.៦០០​នាក់​។ ខេត្តកណ្តាល មាន​ចំនួន​១.៨០០​នាក់​។ ខេត្តបាត់ដំបង មាន​ចំនួន ១.៧០០​នាក់​។ ខេត្តបន្ទាយមានជ័យ មាន​ចំនួន​១.៤០០​នាក់​។ ខេត្តព្រៃវែង មាន​ចំនួន ៦២០​នាក់​។ ខេត្ត​មណ្ឌល​គី​រី មាន​ចំនួន​១៥០​នាក់​។​

​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​បញ្ជាក់ថា នៅក្នុង​កំណែទម្រង់​វិស័យ​ពន្ធនាគារ គឺ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានធ្វើការ​ថ្លឹងថ្លែង រវាង​សន្តិសុខ សុវត្ថិភាព ជាមួយនឹង​មនុស្សធម៌ សិទ្ធិមនុស្ស ក្នុងការ​ឃុំឃាំង ។ ដូច្នេះ​ការឃុំ​ឃាំង គឺ​ស្ថិតនៅលើ​ការគិតគូរ អំពី​រឿង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព បង្កា​ជន​ជាប់ឃុំ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ នៅក្នុង​ពន្ធនាគារ គឺ​បាន​គិតគូរ​អំពី​សុខភាព ការរស់នៅ​របស់​ជន​ជាប់ឃុំ ស្ថានភាព​សុខភាព ការពិនិត្យ​ព្យាបាល​ជំងឺ ហើយក៏​មានការ​អនុវត្ត​កម្មវិធី​អប់រំ កែប្រែ ស្តារនីតិសម្បទា ដើម្បី​ធ្វើ​សមាហរណកម្ម ចូលទៅក្នុង​សង្គម​វិញ តាមរយៈ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​។​

​លោក​ចាន់ គឹម​សេង បានបញ្ជាក់​ទៀតថា “​នៅក្នុង​ពន្ធនាគារ បច្ចុប្បន្ននេះ យើង​លុបបំបាត់បាន​នូវ​អំពើ​ធ្វើ​ទារុណកម្ម អំពើ​មើលងាយ មើលថោក បានន័យថា សិទ្ធិ​ជា​មូលដ្ឋាន​របស់​ជន​ជាប់ឃុំ ត្រូវបាន​ការពារ​។ មាន​ម្តងម្កាល ដែល​បង្កឡើង​ដោយ​ជម្លោះ​ហិង្សា​របស់​ជន​ជាប់ឃុំ យើង​បាន​ចាត់វិធានការ​ដាក់វិន័យ បទបញ្ជាផ្ទៃក្នុង​របស់​ពន្ធនាគារ ប៉ុន្តែ​ឲ្យ​ប្រព្រឹត្តដោយ​មន្ត្រី​ពន្ធនាគារគឺ​លែងមាន​តែម្តង​”៕​ដោយៈ មុនី​រ័ត្ន​/sn

អ្នក​ទោស​ជាប់​ឃុំឃាំង​នៅក្នុង​ពន្ធនាគារ (​រូប​ថ​តៈ​ឯកសារ​)