អគ្គនាយិកា​អង្គការ​យូណេស្កូ អញ្ជើញ​ទស្សនកិច្ច​រមណីយដ្ឋាន​អង្គរ​

1270
ចែករម្លែក

​ដោយ​:បាយ័ន​/​សៀមរាប ៖ ​ឆ្លៀត​ក្នុងឱកាស​អញ្ជើញ​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​រយៈពេល​២​ថ្ងៃ ពីថ្ងៃ​ទី​៤-៥ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ខួប​លើក​ទី ២៥​ឆ្នាំ នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ និង​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ កិច្ចប្រជុំពេញអង្គ​លើក​ទី​២៥ នៃ​អាយ​ស៊ី​ស៊ី​-​អង្គរ លោកជំទាវ Audrey AZOULAY អគ្គនាយិកា​យូណេស្កូ បានធ្វើ​ទស្សនកិច្ច​តាម​ការដ្ឋាន​ជួសជុល​តាម​ប្រាសាទ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយមាន​ការ​អមដំណើរ​ដោយ​ឯកឧត្តម ហង់ ពៅ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មន្ត្រី​មួយចំនួន​នៃ​អង្គការ​យូណេស្កូ​។

​នា​រសៀល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ លោកជំទាវ បាន​អញ្ជើញ​ស្វែងយល់​ពី​ការជួសជុល​នៅ​ការដ្ឋាន​មួយចំនួន​ក្នុង​ប្រាសាទអង្គរវត្ត​ដូចជា ការដ្ឋាន​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា របស់​ប្រទេស​ជប៉ុន និង​ការដ្ឋាន​គម្រោង​អ​ភ​រិ​ក្ស​អាល្លឺម៉ង់​-​អប្សរា (GACP) ប្រទេស​អា​ល្លី​ម៉​ង់ ពិសេស​គម្រោង​អភិរក្ស ជួសជុល​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​នៅ​អង្គរវត្ត​។ ដោយឡែក នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ លោកជំទាវ បាន​អ​ញ្ចើ​ញ​ពិនិត្យ​ការដ្ឋាន​ជប៉ុន​-​អប្សរា (JASA) នៅ​ប្រាសាទ​បា​យ័ន្ត ការដ្ឋាន​របស់​ប្រទេស​ឥណ្ឌា (ASI) នៅ​ប្រាសាទតាព្រហ្ម និង​ចុះ​ពិនិត្យ​ការងារ​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ប្រាសាទនាគព័ន្ធ​។​

​ក្រៅពី​ការ​ទស្សនា​នៅតាម​ប្រាង្គ​ប្រាសាទ​ហើយ​នោះ លោកជំទាវ​អគ្គនាយិកា និង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ពិភាក្សា ពន្យល់ ទៅលើ​ការងារ​គ្រប់គ្រង ការអភិរក្ស​ទូទៅ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។​

​លើសពីនោះ​ទៀត លោកជំទាវ​ក៏មាន​ចំណាប់អារម្មណ៍​ចំពោះ​ភ្ញៀវទេសចរ​ ដែល​មក​ទស្ស​នា​តំបន់​អង្គរ ពិសេស​គឺ​មរតក​វប្បធម៌​អរូបី ដោយបាន​ស្វែងយល់​ពី​ប្រពៃណី ទំនៀមទម្លាប់ ប្រាសាទ​ការធ្វើ​បុណ្យ ការគោរព​បូជា​ព្រះ ការ​ដោះ​ស្បែក​ជើងពេល​ដើរ​លើ​ប្រាសាទ ដោយ​សង្កត់ធ្ងន់ថា ចំពោះ​ភ្ញៀវទេសចរ​ខ្មែរ​មិនមែន​មក​ទស្សនា​តែ​ប្រាសាទ​ទេ គឺ​មក​ដើម្បី​បាន​គោរពបូជា​ព្រះ​។ ដូច្នេះ​អង្គរ​មិន​ស្លាប់​ទេ គឺ​នៅតែមាន​ការគោរព​បូជា​យ៉ាង​ខ្ជ​ប់​ខ្ជួន​ពី​ប្រជាជន​ខ្មែរ​៕​B/