អគ្គបញ្ជាកា​កងទ័ព​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​នូវ​ឧបាយកល​បំបែកបំបាក់​កងឯកភាព​តាមរយ​:​ព័ត៌មាន​ក្លែងក្លាយ​

509
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ក្រើនរំលឹក​ដល់​នាយ នាយរង និង​ពលទាហាន​ទាំងអស់ ត្រូវ​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​នូវ​ឧបាយកល បំបែកបំបាក់ បំផ្លិចបំផ្លាញ​លើ​កងឯកភាព នៃ​កងយោធពល​ខេមរភូមិន្ទ តាមរយ​:​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្លែងក្លាយ និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​នោះ​។​


នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​មួយ​ខ្នង​តម្លៃ ៦៦​ម៉ឺន​ដុល្លារ​អាម៉េរិក ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​២ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង​កំពង់ចាម គឺ​នៅ​ចំពោះមុខ​ភ្ញៀវ​ជាតិ អន្តរជាតិ​នៃ​កងទ័ព​ប្រទេស​វៀតណាម និង​នាយ នាយរង និង​ពលទាហាន​យ៉ាងច្រើន​កុះករ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មានប្រសាសន៍ថា សូម​ឲ្យ​នាយ នាយរង និង​ពលទាហាន​ទាំងអស់ ត្រូវ​យល់​ឲ្យ​ច្បាស់​ពី​តួនាទី និង​ភារកិច្ច គឺជា​កម្លាំង​ស្នូល នៃ​កិច្ច​ការការពារ​ខឿន​ឯករាជ្យ​ជាតិ​។​

លោក វង្ស ពិ​សេន បាន​ថ្លែង​ឲ្យ​ដឹងថា ត្រូវ​ធ្វើជា​គំរូ ក្នុង​ការគោរព​ច្បាប់ និង​អនុវត្ត​ច្បាប់ ពិសេស​ត្រូវគោរព​វិន័យ និង​បទបញ្ជា​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​។ ដោយ​ស្មារតី​ភ្ញាក់រលឹក និង​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ច្បាប់ នីតិវិធី​នានា ព្រមទាំង​ឯកសារ​បទដ្ឋាន​គតិយុត្តិ​ទាក់ទិន​នឹង​បញ្ហា​ផ្សេងៗ ដើម្បី​ចូលរួម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេសជិតខាង​ឲ្យ​បានល្អ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ថ្លែង​ទៀតថា ត្រូវ​អនុវត្តន៍​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ និង​ការដឹកនាំ តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​ពោល គឺ​អធិក្រម​ទាំង​៥: ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ ព្រមទាំង​បាវចនា​ចំនួន​២ : កែទម្រង់ និង​បង្កើន​មិត្ត នៅ​ខាងក្រៅ​ក្នុង​ស្មារតី​ឯករាជ និង​គោរព​ធ​ធិ​ម​ប​តេ​យ្យ​ភាព​រៀងៗ​ខ្លួន​។​

អគ្គបញ្ជាការ​បាន​ថ្លែងបន្តថា ពិសេស​ត្រូវ​ក្តាប់​ឲ្យ​បាន​នូវ​សភាពការណ៍​សន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុងប្រទេស គឺ​អ្វីដែល​មានការ​ពាក់ព័ន្ធ​នឹង​កងយោធពល​ខេមរភូមិន្ទ​។ ត្រៀម​អនុវត្តន៍​បទបញ្ជា លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​ចំពោះ​ឧបាយកល​បំបែកបំបាក់ បំផ្លិចបំផ្លាញ ដល់​កងឯកភាព នៃ​កងយោធពល​ខេមរភូមិន្ទ តាម​ការប្រើប្រាស់​រូបភាព​ជា​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ក្លែងក្លាយ និង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជាដើម​នោះ​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ថែមថា ពង្រឹង​ចំណង​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ តាម​មតិយោបល់ និង​បទពិសោធន៍​ថ្មីៗ​ពី​មជ្ឈដ្ឋាន​នៅ​ជុំវិញ​។ សំខាន់​ជាង​នេះ​ត្រូវ​ចូលរួម​ទប់ស្កាត់ ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ជួរ​កងទ័ព​របស់​យើង គឺ​កងទ័ព​កាន់​កាំភ្លើង​។ ដូច្នេះ​បើ​មានការ​ប្រើប្រាស់​គ្រឿងញៀន​ហើយ ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ជាបន្ទាន់ មិនត្រូវ​លើកលែង​ដាច់ខាត​៕​B/