អគ្គមេបញ្ជាការ​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​អគ្គិសនី​កម្ពុជា​

985
ចែករម្លែក

ដោយៈ​យោធិន​/​ភ្នំពេញៈ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​កាលពី​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ បាន​ប្រារព្ធ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​និង​ថ្លែងអំណរគុណ​ជូន​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​អគ្គិសនី​កម្ពុជា​សំដៅ​ឆ្លើយតប​ទៅនឹង​គុណបំណាច់​ដែល​ស្ថាប័ន​អគ្គិសនី​បាន​ជួយឧបត្ថម្ភ​ដល់​កង​យោធា​ក្នុង​ការបំពេញ​កាតព្វកិច្ច​ការពារ​មាតុភូមិ​ប្រកបដោយ​ជោគជ័យ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ជូន​លិខិត​ថ្លែងអំណរគុណ​ដល់​លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា និង បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អគ្គិសនី​កម្ពុជា​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ុល​សារឿន​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ជា​អធិបតី​ក្នុង​ពិធី​នេះ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ល្អប្រសើរ​រ​វាង​កងយោធពល​ខេមរភូមិន្ទ​ជាមួយ​ស្ថាប័ន​អគ្គិសនី​កម្ពុជា​និង​ថ្លែងអំណរ​គុណ​​ចំពោះ​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​អគ្គិសនី​កម្ពុជា ដែលជា​អង្គភាព​សម្ព័ន្ធមេត្រីភាព ដែល​កន្លង​ទៅបាន​ឧបត្ថម្ភ​សម្ភារៈ​និង​ថវិកា ចាប់ពី​ឆ្នាំ​២០០៨ រហូតដល់​ឆ្នាំ​២០១៨​សរុប​ជា​ថវិកា​៤.៦០០.០០០​ដុល្លារ​អាមេរិក​ផ្តល់​ជូន​ដល់​កងពលតូច​ថ្មើរជើង​លេខ​៤២​ដែលមាន​ទីតាំង​ឈរជើង​នា​តំបន់​ប្រាសាទ​តា​មាន់​ឈម​នឹង​ព្រំដែន​កម្ពុជា​-​ថៃ​។​កងពលតូច​អន្តរាគមន៍​លេខ​១៤​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​វរ​សេនា​តូច​លេខ​១​ខេត្តពោធិ៍សាត់ ព្រមទាំង​បាន​សហ​ការតភ្ជាប់​ចរន្តអគ្គិសនី​ជូន​ដល់​បណ្តា​អង្គភាព​ទ័ព​មួយចំនួន សំដៅ​រួមចំណែក​ពង្រឹង​សមត្ថភាព​​អង្គភាព​ឱ្យ​កាន់តែ​រឹងមាំ ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារជាតិ ។​

នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ ខ​.​ភ​.​ម បាន​បញ្ជាក់ថា​ក្នុងន័យនេះ កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញាចិត្ត​ខិតខំ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​របស់ខ្លួន ដើម្បី​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​ផលប្រយោជន៍​ជាតិ ការពារ​បូរណភាព​ទឹកដី និង​ប្រឆាំង​ដាច់ខាត​បដិវត្តន៍​ពណ៌ មិនឱ្យ​កើតមាន​នៅលើ​ទឹកដី​កម្ពុជា​នោះឡើយ​។ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ កងយោធពល​ខេមរភូមិន្ទ ប្តេជ្ញា​ការពារ​ឱ្យបាន​រឹងមាំ​នូវ​សុខសន្តិភាព ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​និង​នាំមក​នូវ​សុខដុមរមនា ភាពសម្បូររុងរឿង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជានិច្ច​និរន្តរ៍​៕មន