អគ្គមេបញ្ជាការ​៖​សមយុទ្ធ​នាគ​មាស​រវាង​កងទ័ព​កម្ពុ​ជា​-​ចិន​មិនមែនជា​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ទេ​

151
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​/​កំពត​៖​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក វ៉ាង​វិ​ន​ធៀន​(WangWenTian)​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ នៅថ្ងៃ​ទី​១៥​ខែមីនា​ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បើក​សមយុទ្ធ «​នាគ​មាស ឆ្នាំ​២០២០» រវាង​កងទ័ព​កម្ពុជា​-​ចិន នៅ​ទីលាន​បាញ់​គ្រាប់​ពិត តេ​ជោ​សែន​ជុំ​គី​រី​​នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០ ស្ថិតក្នុង​ភូមិ​អូរ​ ឃុំ​ត្រពាំង​រាំង​ ស្រុក​ជុំ​គិរី​ខេត្តកំពត​។

​បើតាម​សេចក្តីរាយការណ៍​របស់​ប្រធាន​ក្រុមការងារ​ដឹកនាំ​ធ្វើ​សមយុទ្ធ​ប្រទេស​ទាំងពីរ បានឱ្យដឹងថា សមយុទ្ធ​ឆ្នាំនេះ មាន​រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ ។​ដោយមាន​ការចូលរួម​ពី​កងទ័ព​កម្ពុជា​-​ចិន សរុប​ជាង​៣​ពាន់​នាក់ អមដោយ​អាវុធយុទ្ធភណ្ឌ​ធុនធ្ងន់ រថក្រោះ​ ​រថពាសដែក ឧ​ត្ថ​ម្ភា​ក​ចក្រ រួម​ជាមួយនឹង​កាំភ្លើង​ស្វ័យប្រវត្តិ​។

​ឧបករណ៍​សម្រាប់​ស៊ើបការណ៍​,​ឧបករណ៍​សម្រាប់​ដោះមីន​,​និង​ឧបករណ៍​សម្រាប់​បន្សាប​សារធាតុ​គីមី​ជាច្រើន​ទៀត​។​អ្វី​ជាការ​កត់ម្គាល់​ សមយុទ្ធ​កម្ពុជា​-​ចិន​ឆ្នាំ​២០២០​បានធ្វើ​ឡើង​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​បណ្ដា​ឆ្នាំមុនៗ ក្រោម​ប្រធានបទ «​រួមគ្នា​ប្រឆាំង​ភេរវកម្ម និងការងារ​មនុស្សធម៌​»​។

​លោក វ៉ាង វិ​ន ធៀន ឯកអគ្គរដ្ឋទូត​ចិន បានចាត់ទុក​លំ​ហាត់​សមយុទ្ធ​នាគ​មាស ឆ្នាំ​២០២០​នេះ គឺជា​យុទ្ធ​ការជាក់ស្តែង​មួយ​ក្នុងការ​អនុវត្តន៍​កិច្ចព្រមព្រៀង​របស់​ថ្នាក់ដឹកនាំ​កងទ័ព​ប្រទេស​ទាំងពីរ ។​ក្នុង​ការជំរុញឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​និង​ចូលរួម​ជំរុញ​លើ​កម្ពស់​សមត្ថភាព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ឆ្ពោះទៅមុខ​បន្ថែមទៀត​។​

​នាយ​ឧត្ដមសេនីយ៍​វង្ស​ពិ​សេន ​បាន​គូសបញ្ជាក់ថា​​ នេះ​ជា​លើក​ទី​៤​ហើយ​ដែល​កងយោធពល​ខេមរភូមិន្ទ​និង​កងទ័ព​រំដោះប្រជាជន​ចិន​បានធ្វើ​សមយុទ្ធ​រួមគ្នា ​ដែល​សមយុទ្ធ​និ​មួយៗ​សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់​ចំណង​សាមគ្គីភាព​។ ក៏ដូចជា​ការបណ្តុះបណ្តាល​ចំណេះដឹង ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ ជាពិសេស​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​កងទ័ព​ប្រទេស​ទាំងពីរ​ក្នុង​កិច្ចសហប្រតិបត្តិការ​កា​រ ​ចេះ​សម្របសម្រួល​រស់នៅ​និង​ចេះ​ធ្វើការ​រួមជាមួយ​ជាតិ​សាសន៍​ជាច្រើន​ទៀត​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​វង្ស​ ពិ​សេន​បាន​បញ្ជាក់ថា​ សមយុទ្ធ​ក៏​មិនមែនជា​ការគំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ ​ផ្ទុយទៅវិញ​គឺជា​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ដែលជា​ភារកិច្ច​រួម​ ហើយ​ដែល​បណ្ដា​ប្រទេស​នៅលើ​សកលលោក​​ត្រូវ​រួមគ្នា​ សហការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា​ដើម្បី​ថែរក្សា​សុខ​សុ​វត្ថិភាព​ក្នុង​តំបន់ និង​ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​។

​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ​បាន​រំលេច​នូវ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ​ជា​ប្រមុខ​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញលេញ​ទូទាំងប្រទេស​​ធ្វើឱ្យ​កម្ពុជា​មានឱកាស​ស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យមាន​សន្ទុះ​រីកចម្រើន​ជា​បន្តបន្ទាប់​លើ​គ្រប់​វិស័យ​។

​ដូច្នេះ​កត្តា​សន្តិភាព​មានតម្លៃ​ដ៏​មហាសាល​មិនអាច​កាត់ថ្លៃ​បាន បើ​គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់ កុំថាឡើយ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការអភិវឌ្ឍ​។ តាម​នាយ​ឧត្ដមសេនីយ៍​«​អរគុណ​សន្តិភាព ដោយសារ​នយោបាយ​ឈ្នះ​ឈ្នះ​ទើបបាន​បញ្ចប់សង្គ្រាម​មា​ន​សន្តិភាព​។​ដឹងគុណ​អ្នក​ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​»​។

​នាយ​ឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​យោធិន​គ្រប់រូប​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវគោរព​ប្រតិបត្តិ​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទ​វិន័យ​ទូទៅ​របស់​កងយោធពល​ខេមរភូមិន្ទ​។​ក្នុងនោះ​ត្រូវ​រួមសហការ​ស្អិតល្មួត​ជាមួយ​កងទ័ព​មិត្ត​ ហើយ​ត្រូវ​បង្កើន​កិច្ចសហការ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មាន​តួនាទី​ឈានមុខ​។​ក្នុងការ​បង្កឱ្យមាន​ភា​ព​ស្និទ្ធស្នាល​បង្កើត​នូវ​បរិយាកាស​រីករាយ​សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ភាគី​មិត្ត​បាន​យល់ និង​ជ្រួតជ្រាប​កាន់តែ​ស៊ីជម្រៅ​ថែមទៀត អំពើ​តម្លៃ​នៃ​វប្បធម៌​ទំនៀមទម្លាប់​ប្រពៃណី​របស់​ជាតិ​យើង​។

​ក្នុងករណី​ចាំបាច់​ត្រូវ​ចេះ​ជួយ​សម្របសម្រួល​ដល់ក​ម្លាំ​ង​ភាគី​មិត្ត​ផ្តល់​បទពិសោធន៍​និង​ដកស្រង់​បទពិសោធន៍​ពីគ្នា​ទៅវិញទៅមក​ដោយ​ក្តី​ស្មោះត្រង់ ជ្រះថ្លា ក្នុងនាម​សហការី​រួម​វិជ្ជាជីវៈ​។ ទន្ទឹម​នោះ ត្រូវ​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ចំណេះធ្វើ​ថ្មីៗ​ល្អៗ​សម្រាប់​បំពេញភារកិច្ច​ការពារ​ជាតិ​និង​កសាង​មាតុភូមិ​ក៏ដូចជា​ការចូលរួមចំណែក​ថែរក្សា​ការពារ​សន្តិភាព​ស្ថិរភាព​ពិភពលោក​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​៕S/​Ha