អគ្គលេខាធិការ​ប៉ា​រ៉ា​ឡាំ​ពិ​ក ចង់ឲ្យ​មាន​ការប្រមូល​ផ្ដុំ​កីឡា​ថ្នាល និង​ការប្រកួត​កីឡា​ជាតិ​ជនពិការ​

1042
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា
​ភ្នំពេញ​: លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​ចាត់ទុកថា សម្រាប់​កីឡា​ជនពិការ របស់លោក សព្វថ្ងៃនេះ កីឡា​ចំនួន ៣ ប្រភេទ កំពុងតែ​មាន​សក្ដានុពល​ខ្លាំង គឺ​ប្រភេទ​កីឡា​អត្តពលកម្ម ហែល​ទឹក និង​បាល់បោះរ​ទេះ​នារី ។​

​ហែល​ទឹក អត្តពលក​ម្ម សុទ្ធតែ​ធ្លាប់​ដណ្ដើមបាន​មេដាយ ឯ​បាល់បោះ​លើរ​ទេះ​នារី ទោះបី​ការប្រកួត​កីឡា​អាស៊ី ប៉ា​រ៉ា​ហ្គេម កន្លងមក មិន​បាន​ទទួល​លទ្ធផល​ល្អ ក៏ពិតមែន​តែ លោក​មើលឃើញថា ទម្រង់​លេង​ល្អ បច្ចេកទេស មិន​ចាញ់​ប្រទេស នៅក្នុង​តំបន់​ឡើយ ។ លោក​ទទួលស្គាល់ថា ការប្រកួត​កីឡា​អាស៊ី ប៉ា​រ៉ា​ហ្គេម កន្លងមក មិន​បាន​ចំណាត់​ថ្នាក់​មែន ព្រោះ​នោះ ជា​ការប្រកួត​កម្រិត​ទ្វីបអាស៊ី តែ​សម្រាប់​កម្រិត​តំបន់ គឺ​អាច​ស៊ីសង​គ្នា​បាន ។​

​សម្រាប់​កីឡា​ជនពិការ មាន ៤២ ប្រភេទ​កីឡា ឯ​កម្ពុជា ទើបតែ​មាន ១៧ ប្រភេទ​កីឡា​ប៉ុណ្ណោះ ។ ប្រភេទ​កីឡា​ខ្លះ មាន​សកម្មភាព ឯ​ខ្លះ​មិនសូវមាន សកម្មភាព ព្រោះ​មិន​សូវ​មាន​លុយ ។ ប្រភេទ​កីឡា ដែលមាន​សកម្មភាព​ខ្លាំង គឺ​ប្រភេទ​កីឡា ដែល​មាន​សក្ដានុពល ។​

​ឆ្នាំ​២០១៩ ខាងមុខ​នេះ​កីឡា​ជនពិការ មាន​ការប្រកួត​ច្រើន ដូចជា ASEAN Para Games មាន​ការប្រកួត​ជម្រុះ សម្រាប់​អូឡាំពិក​ជនពិការ ២០២០ នៅ​តូ​ក្យូ (Qualifier Olympic Para Games) ។ ហេតុនេះ នៅ​ដើមឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា នឹង​ធ្វើ​ការប្រកួត​ជើងឯក​របស់ខ្លួន ដើម្បី​ចម្រាញ់រ​កជើង​ខ្លាំង ឲ្យ​ហើយ ។​

​លោក​យី វាសនា បាន​សម្ដែង​នូវ​ការបារម្ភ ខ្លាច​ការ​ជម្រុះ​សម្រាប់​អូឡាំពិក ប៉ា​រ៉ា​ហ្គេម ធ្វើ​នៅ​អឺរុប ដែល​នៅ​ទីនោះ ការចំណាយ នឹង​អស់​ច្រើន ជាង​នៅ​អាស៊ី ។ បើ​នៅ​អាស៊ី ការចំណាយ​ធ្វើដំណើរ ស្នាក់​នៅ​ហូប​ចុក មិន​ខ្ពស់ ដូច​នៅ​អឺរុប​ឡើយ​។​

លោក​ យី វាសនា​

​ការប្រកួត​ជម្រុះ សម្រាប់​ប៉ា​រ៉ា​ឡាំ​ពិ​ក​ហ្គេម ២០២០ ប្រភេទ​បាល់បោះ​រទេះ នៅ​ទ្វីបអាស៊ី មាន ៤ កៅអី ។ ជប៉ុន ដែល​ជា​ម្ចាស់ផ្ទះ បាន​ទទួល​កៅអី​មួយ ដោយ​ស្វ័យប្រវត្តិ ។ ប្រទេស​ចិន ដែល​ជា​ប្រទេស​ខ្លាំង​នោះ នឹង​ដណ្ដើមបាន​មួយ​កៅអី ហើយ​ហេតុនេះ នៅសល់ ២ កៅអី​ទៀត ដែល​កម្ពុជា ត្រូវ​ប្រជែង​ជាមួយ​ប្រទេស ដែល​ខ្លាំង​ដូចគ្នា គឺ​កម្ពុជា អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ។ នេះ​មិន​ទាន់​គិត​ដល់​ប្រទស​មួយចំនួន ដែល​គេ​គិតថា នៅ​ទន់ខ្សោយ​ផង ។​

​ការចូលរួម ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ប៉ា​រ៉ា​ហ្គេម កន្លងមក កីឡា​ជនពិការ​កម្ពុជា បាន​ចូលរួម​តាម​ប្រព័ន្ធ​អនុគ្រោះ (Wild Card Sistem) ប៉ុណ្ណោះ មិន​ដែល​បាន​ចូលរួម តាមរយៈ​ការប្រកួត​ជម្រុះ (Qualifier) នោះឡើយ ។​

​លោក យី វាសនា បាន​សំណូមពរ ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ជួយ​ពង្រីក​ទំហំ នៃ​ការប្រមូលផ្ដុំ សម្រាប់​កីឡា​ជនពិការ ការប្រមូលផ្ដុំ​កីឡា​ថ្នាល និងបង្កើតឲ្យមាន​ការប្រកួ​ត​កីឡាជាតិ នៃ​ជនពិការ (National Para Games) ដូច​កីឡា​ធម្មតា​ដែរ ។​

​នៅ​ឆ្នាំ​២០១៨ ក្រសួង​អប់រំ យុវជន និង កីឡា បាន​ជួយ​ឧបត្ថម្ភ ក្នុង​ការប្រមូលផ្ដុំ​កីឡាករ – កីឡា​ការិនី បាន​ចំនួន ៣០ រូប ទាំង​គ្រូបង្វឹក តែ​ចាប់​ពី​ឆ្នាំ​២០១៩ ទៅ លោក​សង្ឃឹមថា កីឡា​ជនពិការ របស់លោក នឹង​ទទួលបាន​ការប្រមូលផ្ដុំ​ដែល មាន​ទំហំ​ធំ​ជាង​នេះ ៕v