អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស ពិចារណា​លក់​លំនៅដ្ឋាន​របស់គាត់​ដើម្បី​សម្រាល​កង្វះ​ថវិកា​ដ៏​ធ្ងន់ធ្ងរ​

519
ចែករម្លែក

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​សបាន​ប្រាប់​អ្នកការទូត​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ទី​៤​មិថុនា​ថា​លោក​បាន​ពិចារណា​លក់​ភូមិគ្រឹះ​រប​ស់លោក​តំបន់​ម៉ាន់​ហា​តាន់​នៃ​ទីក្រុង​ញូវយ៉ក​ដើម្បី​ជួយ​ដល់​ស្ថាប័ន​សកលលោក​មួយ​នេះ​ជម្នះ​នូវ​វិបត្តិ​ថវិកា​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​គូ​ថេ​រ៉េ​សបាន​ដាក់ចេញ​សំណើ​ជាច្រើន​ដើម្បី​ដោះស្រាយ​កង្វះ​ប្រាក់​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ថវិកា​ថែរក្សា​សន្តិភាព​អ​.​ស​.​ប និង​ប្រាក់ ៤៩២ លាន​ដុល្លារ​នៅក្នុង​ថវិកា​ទូទៅ​របស់ខ្លួន​ពី​ការរួមចំណែក​ដោយ​គ្មាន​ប្រាក់ខែ​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​។​

​លោក​គូ​ថេ​រ៉េ​ស ដែល​បាន​ក្លាយជា​អគ្គលេខាធិការ​អ​.​ស​.​ប​នៅ​ខែមករា​ឆ្នាំ ២០១៧ បាន​និយាយថា “​រឿង​ដំបូង​ដែល​ខ្ញុំ​បានធ្វើ​នៅពេល​ខ្ញុំ​មកដល់ គឺ សួរថា​តើ​ខ្ញុំ​អាច​លក់​លំនៅដ្ឋាន​នេះ​បាន​ដែរឬទេ​”​។​

​លោក​បាន​ប្រាប់​គណៈកម្មាធិការ​ថវិកា​របស់​អ​.​ស​.​ប​ថា “​ខ្ញុំ​មិន​និយាយ​លេង​ទេ​។ វា​គឺជា​រឿង​ពិត​”​។​

​លំនៅដ្ឋាន​របស់​អគ្គលេខា​ធិ​ការ​អ​.​ស​.​ប​នៅ​កណ្តាល​តំបន់​ម៉ាន់​ហា​តាន់​គឺជា​ផ្ទះ​ប្រភេទ Townhouse កម្ពស់​បួន​ជាន់ មាន​សួនច្បារ​មួយ អាច​មើលឃើញ​ទន្លេ​ខាងកើត ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ស៊ូ​តុ​ន ហើយ​វា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មានតម្លៃ​រាប់សិប​លាន​ដុល្លារ​។​

​លោក​គូ​ថេ​រ៉េ​សបាន​និយាយថា​គាត់​ទើប​ដឹងខ្លួន​ថា​គាត់​មិនមាន​សិទ្ធិ​លក់​លំនៅដ្ឋាន​ក្រោម​កិច្ចព្រមព្រៀង​របស់​អ​.​ស​.​ប​ជាមួយ​សហរដ្ឋអាមេរិក ដែលជា​រដ្ឋាភិបាល​ម្ចាស់ផ្ទះ​នៃ​អង្គការសហប្រជាជាតិ​។​

​ប៉ុន្តែ​ការប៉ុនប៉ង​លក់​ផ្ទះ​នេះ​បាន​គូសបញ្ជាក់​ពី​ការ​រឹតបន្តឹង​យ៉ាងធ្ងន់ធ្ងរ​ដែល​បានដាក់​មកលើ​អង្គការសហប្រជាជាតិ ខណៈដែល​ខ្លួន​ព្យាយាម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​និង​លំហូរ​ចំណូល​របស់ខ្លួន​។​

​លោក​គូ​ថេ​រ៉េ​សបាន​ពណ៌នា​អំពី​ហិរញ្ញវត្ថុ​របស់​អ​.​ស​.​ប​ថា​ជា​រឿង​សំខាន់​ហើយ​បាន​និយាយថា​ទោះបីជា​ប្រទេស​ទាំងអស់​បាន​ចំណាយ​វិភាគទាន​របស់ខ្លួន​ទាន់ពេលវេលា​និង​បង់​ពេញលេញ​ក៏ដោយ ក៏​អ​.​ស​.​ប​នឹង​នៅតែ​ប្រឈម​បញ្ហា​សាច់ប្រាក់​នៅ​ចុងឆ្នាំ​នេះ​។​

​យោងតាម​មន្ត្រី​អ​.​ស​.​ប​បានឱ្យដឹងថា សហរដ្ឋ​អាម៉េរិក ដែលជា​អ្នក​រួមចំណែក​ខាង​ហិរញ្ញវត្ថុ​ខ្ពស់បំផុត​ចំពោះ​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជំពាក់​លុយ​ច្រើន​បំផុត​ដែរ គឺ ៨៥២ លាន​ដុល្លារ បន្ទាប់មក​គឺ​ប្រេ​ស៊ី​ល ជប៉ុន អ៊ីតាលី វ៉េ​ណេ​ស៊ុយ​អេ​ឡា អា​រ៉ា​ប៊ី​សា​អូឌីត និង​អា​ហ្ស​ង់​ទីន​។​

​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បានប្រកាស​កាលពី​ខែធ្នូ​ថា ខ្លួន​នឹងចូលរួម​វិភាគទាន​ដល់​ថវិកា​ថែរក្សា​សន្តិភាព​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​របស់​អង្គការសហប្រជាជាតិ​នៅត្រឹម​ចំនួន ២៥ ភាគរយ​ប៉ុណ្ណោះ ពោលគឺ​ធ្លាក់ចុះ​ពី​ចំនួន ២៨,៤៧ ភាគរយ​។​

​ដើម្បី​ដោះស្រាយ​កង្វះខាត​នេះ លោក​គូ​ថេ​រ៉េ​សបាន​អំពាវនាវ​ឱ្យ​បង្កើត​មូលធន​សម្បទាន​សម្រាប់​ការថែរក្សា​សន្តិភាព​ចំនួន ២៥០ លាន​ដុល្លារ​ហើយ​បាន​ស្នើថា សមតុល្យ​សាច់ប្រាក់​ពី​បេសកកម្ម​ទាំងអស់​គឺ​ត្រូវដាក់​នៅក្នុង​កញ្ចប់​តែមួយ​ដើម្បី​កាត់បន្ថយ​ការគ្រប់គ្រង​ថវិកា​។​

​លោក​គូ​ថេ​រ៉េ​ស ដែល​បាន​អំពាវនាវ​ឱ្យមាន​វិធានការ​ដើម្បី​បង្កើន​សាច់ប្រាក់​ងាយស្រួល​បាន​និយាយថា “​អង្គការ​នេះ​មិនអាច​ធ្វើ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​បរិយាកាស​ខ្វះខាត​សាច់ប្រាក់​នោះទេ​”​។​

​ប្រមុខ​អ​.​ស​.​ប​រូបនេះ​បាន​ព្រមាន​ថា​ការប្រឹងប្រែង​របស់លោក​ក្នុងការ​ធ្វើកំណែទម្រង់​ស្ថាប័ន​ពិភពលោក​នេះ​និង​ធ្វើឱ្យ​វា​មាន​ប្រសិទ្ធិភាព អាច​នឹងត្រូវ​បានធ្វើឱ្យ​ខូច លុះត្រាតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​ល្អប្រសើរ​ឡើង​៕ ដោយ៖ កញ្ញាដាលីស

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​អង់​តូ​នី​ញ៉ូ គូ​ថេ​រ៉េ​ស