អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជំ​រុញឱ្យ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​បច្ចុប្បន្នភាព​ជន​ប្រើប្រាស់​គ្រឿងញៀន​

703
ចែករម្លែក
  • 20
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានធ្វើ​ការណែនាំ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ភូមិ​-​ឃុំ ត្រូវធ្វើ​បច្ចុប្បន្នភាព​ជន​ប្រើប្រាស់​គ្រឿងញៀន និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ក្នុង​ការងារ​ទប់ស្កាត់​ប​ទ​ល្មើស​គ្រឿងញៀន ដោយ​ត្រូវបង្កើត​គណៈកម្មាធិការ​តាម​គោលដៅ​នៅ​មូលដ្ឋាន​គ្រប់​ទីកន្លែង ដោយមាន​អធិការរង​ស្រុក​ម្នាក់ ជា​អ្នកទទួលខុសត្រូវ​ការ​ងារ​ជំនាញ​គ្រឿងញៀន​នេះ​។​

​ចូលរួម​ក្នុងឱកាស​នេះដែរ មាន​លោក​ងួន រត​នះ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត ថ្នាក់ដឹកនាំ​សាលាដំបូង​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក្រុង ស្រុក លោកស្នងការ​នគរបាល ខេត្ត​-​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់ អភិបាលក្រុង​-​ស្រុក និង​ប្រធាន អនុប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាច្រើន​នាក់​ផងដែរ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​ថ្លែងថា ក្នុងនាម​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន បាន​ថ្លែងអំណរគុណ​ដល់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​ធ្វើការ​ងារ​នេះ​កន្លងមក ព្រមទាំង​បានបញ្ជាក់​ថា ដើម្បី​កាត់បន្ថយ​ជន​ប្រើប្រាស់​គ្រឿងញៀន យើង​ត្រូវ​សិក្សា​ភូមិសាស្ត្រ ទីតាំង​ប្រើប្រាស់​គ្រឿងញៀន ឱ្យបាន​ច្បាស់លាស់​ជាមុនសិន ដើម្បី​មាន​វិធានការ​ទប់ស្កាត់ ឱ្យបាន​ទាន់ពេលវេលា​ផងដែរ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវមាន​ទីកន្លែង​អប់រំ​បន្សាប​គ្រឿងញៀន​នៅតាម​បណ្តា​ខេត្ត​របស់ខ្លួន សម្រាប់​ទទួល​ព្យាបាល​ជន​ដែល​ញៀន​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត និង​មានការ​ឯកភាព​ពី​អាណា​ព្យាបាល​ផងដែរ​។​

​លោក ងួន រតនៈ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​បានប្រកាស​គាំទ្រ​ទាំងស្រុង និង​ចូលរួម​សហការ​គ្រប់ពេលវេលា នូវ​ការងារ​ទប់ស្កាត់​ពី​បញ្ហា​គ្រឿងញៀន ក្នុង​ខេត្ត​ជាមួយ​សមត្ថកិច្ច​ជំនាញ​បន្តទៀត​។ លោក​បាន​បញ្ជាក់ថា តាមរយៈ​វេទិការ​សាធារណៈ​កន្លងមក គឺ​អាជ្ញាធរខេត្ត​បានធ្វើ​រួចហើយ និង​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ពី​បញ្ហា​ផ្សេងៗ នៅតាម​មូលដ្ឋាន​ពិសេស​លើក​ពី​គោលនយោបាយ​ភូមិ ឃុំ​មាន​សមត្ថភាព​ទាំង​៩​ចំណុច ពិ​សេ​សេ​បញ្ហា​គ្រឿងញៀន បញ្ហា​ក្មេង​ទំនើង បញ្ហា​ល្បែងស៊ីសង​ជាដើម​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា មានតែ​ការចូលរួម​ពី​យើងទាំងអស់គ្នា​ទេ ទើប​ការងារ​នេះ​ទទួលបាន​ជោគជ័យ ក្នុងការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​និង​កាត់បន្ថយ​ឱ្យនៅ​សល់​តិចតួច​បំផុត​៕ ល​