អគ្គលេខាធិការ​អ​.​ស​.​ប​អំពាវនាវ​ឱ្យមាន​ការស្រុះស្រួល​គ្នា​និង​ការលះបង់​នៅ​កិច្ចចរចា​ស្តីពី​អាកាសធាតុ​

3227
ចែករម្លែក
  • 5
    Shares

 ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ប្រទេស​នានា​ធ្វើការ​សម្របសម្រួល​ក្នុងការ​ដោះស្រាយ​ការឡើង​កម្តៅ​ផែនដី ចំពេល​មានការ​ព្រួយបារម្ភ​ថា​សន្និសីទ​អ​.​ស​.​ប​អំពី​បញ្ហា​នេះ​អាច​នឹង​បញ្ចប់​ទៅដោយ​គ្មាន​កិច្ចព្រមព្រៀង​សំខាន់​។​

​នៅក្នុង​ការអំពាវនាវ​ដ៏​គួរឱ្យកត់សម្គាល់​លើក​ទី​២​របស់គាត់​នៅឯ​កិច្ចចរចា​នៅក្នុង​ប្រទេស​ប៉ូឡូញ​ក្នុងអំឡុង​រយៈពេល ១០ ថ្ងៃ លោក​អង់​តូ​នី​ញូ គូ​ថេ​រ៉េ​ស បាន​ប្រាប់​ពួក​រដ្ឋមន្ត្រី​និង​អ្នកការទូត​ជាន់ខ្ពស់​មកពី​ជិត ២០០ ប្រទេស​ថា ពួកគេ​គួរតែ​ពិចារណា​ពី​ជោគវាសនា​របស់​មនុស្ស​ជំនាន់​ក្រោយ​។​

​លោក​បាន​និយាយថា “​នេះ​គឺជា​ពេលវេលា​សម្រាប់​ការសម្របសម្រួល​នយោបាយ​។ នេះ​មានន័យថា​ការលះបង់ ប៉ុន្តែ​វា​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​យើងទាំងអស់គ្នា​”​។​

​ការអំពាវនាវ​របស់​លោក​បាន​កើតឡើង នៅពេល​កិច្ចប្រជុំ​រយៈពេល​២​សប្តាហ៍​នៅ​ទីក្រុង​ខា​តូ​វី​សេ (Katowice) បាន​ប្តូរ​ពី​ដំណាក់កាល​បច្ចេកទេស​ទៅ​ដំណាក់កាល​នយោបាយ ជាមួយ​ពួក​រដ្ឋមន្ត្រី​ជា​អ្នកត្រួតត្រា​លើ​ការចរចា​។​

​ក្រុម​យុទ្ធនាការ​នានា​បាន​ព្រមាន​ពី​ហានិភ័យ​នៃ​ការបរាជ័យ​និង​បាន​ចោទប្រកាន់​ប្រទេស​ដើរតួ​សំខាន់​មានអំណាច​ដូចជា​សហគមន៍​អឺរ៉ុប​ថា​មិនបាន​ជំរុញ​ខ្លាំងក្លា​គ្រប់គ្រាន់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​។​

​លោកស្រី វ៉ា​ណេ​ស​សា ប៉េ​រ៉េ​ស សឺ​រ៉េ​រ៉ា នៃ​អង្គការ​បរិស្ថាន WWF បាន​និយាយថា “​ភាពជា​អ្នកដឹកនាំ​ថ្មី​ត្រូវតែ​បង្កើតឡើង​។ យើង​មិនអាច​ត្រូវឱ្យ​បាត់បង់​មួយឆ្នាំ​ក្នុងចំណោម ១២ ឆ្នាំ ដែល​យើង​នៅសល់​បានទេ​”​។​

​លោកស្រី​និយាយ​នេះ​គឺ​ចង់​សំដៅ​ទៅលើ​របាយការណ៍​វិទ្យា​សាស្ត្រ​ថ្មីៗ​នេះ​ដោយ​គណៈកម្មាធិការ​មួយ​គាំទ្រ​ដោយ​អ​.​ស​.​ប ដែល​លើកឡើងថា​ការឡើង​កម្តៅ​ផែនដី​អាច​ទប់ស្កាត់​បានត្រឹមតែ ១,៥ អង្សា​ប៉ុណ្ណោះ ប្រសិនបើ​សកម្មភាព​បន្ទាន់​ត្រូវបាន​ធ្វើឡើង​នៅត្រឹម​ឆ្នាំ ២០៣០ រួមទាំង​ការកាត់បន្ថយ​យ៉ាងខ្លាំង​នៃ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល​។​

​ការអនុម័ត​របាយការណ៍​ដោយ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​បានក្លាយ​ទៅជា​បញ្ហា​ដ៏​គួរឱ្យ​ព្រួយបារម្ភ​កាលពី​ចុង​សប្តាហ៍ ជាមួយ​សហរដ្ឋអាមេរិក រុស្ស៊ី អារ៉ាប់​ប៊ី​សា​អូឌីត និង​កូ​វ៉ែត បាន​ប្រឆាំងនឹង​ចំណាត់ការ​នេះ​៕ ដោយ៖ កញ្ញាដាលីស

លោក​អង់​តូ​នី​ញូ គូ​ថេ​រ៉េ​ស ជជែក​ជាមួយ​ប្រធាន​សន្និសីទ​ស្តីពី​អាកាសធាតុ​អ​.​ស​.​ប គឺ​អនុរដ្ឋមន្ត្រី​បរិស្ថាន​ប៉ូឡូញ​លោក មី​ខាល់ គួ​ធី​កា