អគ្គលេខាធិការ AIMF ភ្ញាក់ផ្អើល​និង​ការរីកចំរើន​របស់​រា​ជ​ធានី​ភ្នំពេញ​, និង​ស្នើឱ្យ​រួមគ្នា​រក្សា​សន្តិភាព​

2061
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​រ៉ូ​ប៊ែ បឺ​ហ្គ្រេ ម៉ម​បេ (Robert Beugré MAMBE) អគ្គលេខាធិការ​(AIMF) និង​ជា​អភិបាលក្រុង អា​ប៊ីត​ហ្ស​ង់ តំណាង របស់ លោកស្រី​អាន អ៊ី​ដា​ហ្គូ (ANNE HIDALGO) ប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង បាន​សម្តែង​ពី​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការរីកចំរើន​របស់​រា​ជ​ធានី​ភ្នំពេញ ហើយ​លោក​ក៏បាន​ស្នើឱ្យ​បណ្តាល​ប្រទេស​ទាំងអស់​របស់​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង រួមគ្នា​រក្សា​សន្តិភាព ព្រោះ​ថាបើ​គ្មាន​សន្តិភាព​ទេ​ប្រទេសជាតិ​មិនអាច​មាន​ភាព​រីកចំរើន​នោះទេ ។​

​ការលើកឡើង​បែបនេះ​របស់លោក​រ៉ូ​ប៊ែ បឺ​ហ្គ្រេ ម៉ម​បេ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៤ ធ្នូ ២០១៩ ក្នុង​សន្តិ​សីទ​កាសែត​មួយ ក្រោយ​បញ្ចប់​កម្មវិធី​សន្និបាត​AIMF​នៅ​សណ្ឋាគារ​សុខា​រេ​ស៊ី​ដង់​ភ្នំពេញ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។

​ក្នុងនោះ​លោក​រ៉ូ​ប៊ែ បឺ​ហ្គ្រេ ម៉ម​បេ បាន​មានប្រសាសន៍ថា លោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍន៍​រីកចំរើន​របស់​រាជធានី​ភ្នំពេញ ដូច្នេះ​លោក​ស្នើសុំ​ឲ្យ​សមាជិក នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ទាំងអស់​គាំទ្រ សកម្មភាព​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ហ៊ុន សែន​។ អ្វីដែល​សំខាន់ នៅ​កម្ពុ​ជាមាន​សុខសន្តិភាព ។ ដើម្បី​ទទួលបាន​សន្តិភាព​សំខាន់​គឺ​យើង​ត្រូវ​ចេះ​សម្របសម្រួល​គ្នា រួមគ្នា ទាំងអស់គ្នា​ដើម្បី​សន្តិភាព ។​លោក​បញ្ជាក់ថា កម្ពុជា​សម្រាប់​ថ្ងៃ​អនាគត​គឺ​ពិតជា មាន​ទិសដៅ​ល្អប្រសើរ​ណាស់ តែ​អាច​ល្អ​បាន​គឺ​អាស្រ័យ​លើ​កត្តា​សន្តិភាព​នេះហើយ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​អង្គ​សន្និសីទកាសែត​នោះបាន​លើកឡើង​ផងដែរ​ថា​៖ រាជធានី​ភ្នំពេញ​ពិត​ជាមាន​កិត្តិយស​យ៉ាង​ធំធេង​ដែល សមាគម​AIMF​បានជ្រើសរើស​ធ្វើជា​ទីតាំង ដើម្បី​បើក​កិច្ច​មហាសន្និបាត​នេះ គឺ​ស្រប​នឹង​ខួប​លើក​ទី​៤០​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​ជាមួយនិង​ខួប​ទី ៤០​នៃ​ការរំដោះ​ប្រទេស​ចេញពី​របប​ប៉ុលពត​នៅ​កម្ពុជា​។​

​លោក​បន្តទៀតថា​៖ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​បាន​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប៉ុលពត ដែល​កាលណោះ ប្រទេសជាតិ​ដើរចេញ​ពី​ចំណុចសូន្យ តែ​រហូតដល់​៤០​ឆ្នាំនេះ ប្រទេសជាតិ​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង រហូត​ពេលនេះ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ខាងលើ​ថែមទៀត ដោយមាន​ការចូលរួម​ពី ៤១ ប្រទេស​និង​១២០​ទីក្រុង​។ យើង​បាន​ចូល​សម្ព័ន្ធមេត្រីភាព​ជាមួយ​ទីក្រុង​ច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផងដែរ​។

​លោក​អភិបាល​បញ្ជាក់​ផងដែរ​ថា​៖ សម្រាប់​ថ្ងៃ​អនាគត កម្ពុជា​មិនមាន​ភាព​ឯក​កោ​នោះទេ យើង​មាន​ដៃគូ​ច្រើន​ដើម្បី​ធ្វើឱ្យ​កម្ពុជា​បោះជំហាន​ទៅមុខ​មួយកម្រិត​ទៀត​៕ ល​