អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​: សិស្ស​សន្លប់​ជាង​៧០​នាក់ មិនមែន​ដោយសារ​ក្រុមគ្រូពេទ្យ​ចិន​ទេ​

259

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានធ្វើ​ការបដិសេធ​ចំពោះ​ការផ្សាយ​របស់​បណ្តាញ​សង្គម នៃ​គណនី ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) ដែល​បាន​ផ្សាយ​ជុំវិញ​ហេតុការណ៍ ពាក់ព័ន្ធ​នឹង​សិស្សសាលា​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង ជិត​១០០​នាក់​បាន​ដួលសន្លប់ ដោយសារ​ជនជាតិ​ចិន បាន​ជួស​ឈាម​សិស្ស និង​ការចាក់​ថ្នាំ​នោះ គឺ​មិនមែនជា​ការពិត​ឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​របស់​អគ្គស្នងការ​នគរបាលជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​។​

សិស្ស​សន្លប់​នៅ​វិទ្យាល័យ​ថ្មគោល​

​បណ្តាញ​សង្គម​របស់​គណនី​ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) បានសរសេរថា មាន​ជនជាតិ​ចិន បាន​ចុះ​សុំនា​យកសា​លាមក​ពិនិត្យ​សុខភាព​សិស្ស​ដោយ​សិស្ស​ខ្លះ​ត្រូវបាន​ជួស​ឈាម រីឯ​សិស្ស​ខ្លះ​ត្រូវ​ចាក់​ថ្នាំ និង​ពិនិត្យ ចង្វាក់បេះដូង​។​

​យោងតាម​នាយក​វិទ្យាល័យ​ថ្មគោល លោក ហេង ស៊ុន​ផា​រិ​ទ្ធ បាន​បំភ្លឺថា ហេតុការណ៍​ដួលសន្លប់​នេះ បាន​កើតឡើង​ចំពោះ​សិស្ស​៧១​នាក់ ក្នុងនោះ​សិស្សស្រី​មាន​៧០​នាក់ កាលពី​ថ្ងៃទី​៦-៧​ខែធ្នូ ឆ្នាំ​២០១៨​។​
​នាយក​វិទ្យាល័យ​ថ្មគោល​បាន​បន្តថា កាលពី​ថ្ងៃទី​២-៣ ខែធ្នូ ឆ្នាំ​២០១៨ មាន​ក្រុមគ្រូពេទ្យ​ខ្មែរ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ចិន ដែល​ក្នុងនោះ មាន​គ្រូពេទ្យ​ចិន​ប្រមាណ​ពី​១០​ទៅ​២០​នាក់​ជិះឡាន​ទូ​រី​ស​ចំនួន​២ បានធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​នូវ​ជម្ងឺ​បេះដូង​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រដាប់​ឧបករណ៍​ស្ទង់​បេះដូង​តែប៉ុណ្ណោះ និង​មិនបាន​ជួស​ឈាម​នោះទេ​។ ការចុះ​ស្រាវជ្រាវ​ជំងឺ​បេះដូង​នោះ គឺ​បាន​ធ្វើតាម​សាលា​ជាច្រើន​មិន​ត្រឹមតែ​វិទ្យាល័យ​ថ្មគោល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​សាលា​មួយចំនួន​ក្នុងស្រុក​សង្កែ​និង​នៅក្នុង​ក្រុង​បាត់ដំបង​។

​សិស្ស​ដែល​ក្រុមគ្រូពេទ្យ​បាន​ចុះ​ស្រាវជ្រាវ​ពិនិត្យ​បេះដូង​ក្នុង​វិទ្យាល័យ​ថ្មគោល​នោះ គឺជា​សិស្ស​កម្រិត​ថ្នាក់​ទី​៧, ទី​៨ និង​ទី​៩​។ ចំណែក​ការដួលសន្លប់​របស់​សិ​ស្ស​នៅ​វិទ្យាល័យ​ថ្មគោល​ចំនួន​៧១​នាក់​នោះ គឺជា​សិស្ស​ថ្នាក់​ទី​១១ និង​ថ្នាក់​ទី​១២ នោះទេ ដែល​មិន​ពាក់ព័ន្ធ​នឹង​សិស្ស​ដែល​ក្រុមគ្រូពេទ្យ​ខ្មែរ និង​ចិន បាន​សហការគ្នា​ស្រាវជ្រាវ​ជំងឺ​បេះដូង​នោះឡើយ​។​
​ដូច្នេះ​ការផ្សាយ​តាម​បណ្តាញ​សង្គម​របស់​គណនី​ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) បាន​ខុស​នឹង​ការពិត​លើ​បញ្ហា​នេះ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បដិសេធថា ការផ្សាយ​របស់​បណ្តាញ​សង្គម​នៃ​គណនី​ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ដួលសន្លប់ របស់​សិស្សសាលា​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង ដោយសារ​ជនជាតិ​ចិន បាន​ជួស​ឈាម​សិស្ស និង​ការចាក់​ថ្នាំ​នោះ មិនមែនជា​ការពិត​ឡើយ​។ អគ្គស្នងការដ្ឋាន នគរបាលជាតិ​សូម​អំពាវនាវ​អ្នកលេង​បណ្តាញ​សង្គម សូមកុំ Share រឿង​មិន​ពិត​(Fake News) នេះ​អោយសោះ ពីព្រោះ​នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​នៃ​ការផ្សាយ​ព័ត៌មាន​មិន​ពិត ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម​៕ ល​