អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ខ្នង ក្នុង​សង្កាត់​សៀមរាប​

687
ចែករម្លែក

​ដោយ​: គូលែន / សៀមរាប​: មាន​ករណី​គ្រោះ​អគ្គិភ័យ​មួយ បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​សង្ក​សី ឥដ្ឋ​ក្រោម​មាន​ទំហំ​៧​ម៉ែត្រ x ៩​ម៉ែត្រ អស់ទាំង​ស្រុង ក្នុង​សង្កាត់​សៀមរាប ក្រុង​ខេត្តសៀមរាប ខណៈពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ ក្នុង​ហេតុការណ៍​នេះដែរ​អគ្គីភ័យ​មិនបាន​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​

​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​ស្ពាន​ជ្រាវ ម្តុំ​ផ្លូវ​ចូល​សាលាបឋមសិក្សា​អា​មី​ល្យូ ត្រើយ​ខាងកើត​ស្ទឹង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​សង្កាត់​សៀមរាប បាន​បញ្ជាក់ថា ត្បិត​មានការ​ជួយ​អន្តរាគមន៍​ពី​ក្រុម​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ខេត្ត​(​ឡានទឹក​) និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​អ្នកជិតខាង​យ៉ាង​សស្រាក់សស្រាំ ប៉ុន្តែ​មិនអាច​សង្គ្រោះ​បានទេ ផ្ទះមួយ​ខ្នង​នេះ​ត្រូវបាន​ក្លាយជា​ចំណី​របស់​ភ្លើង​អស់ទាំង​ស្រុង​។​

​សមត្ថកិច្ច​បាន​បន្តថា នៅ​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ពុំបាន​នៅទេ គឺ​ចាក់សោរ​ទ្វារ​ចោល ហើយ​ចេញទៅ​ក្រៅ​។​ម្ចាស់ផ្ទះ​គឺមាន​ឈ្មោះ ផាន់ លាំ ភេទ​ស្រី អាយុ​៨០​ឆ្នាំ មាន​សមាជិកគ្រួសារ​ចំនួន​៣​នាក់​ក្នុងបន្ទុក​៕