អគ្គិភ័យ​ឆាបឆេះ ផ្ទះ​អាចារ្យវត្ត​ចាំ​យាម បំផ្លាញ​ទ្រព្យសម្បត្តិ​ទាំងស្រុង​

507
ចែករម្លែក

​ដោយ​: សុ​ផានី​តា / កោះកុង​: គ្រោះ​អគ្គិភ័យ​ដ៏​កម្រ​មួយ​កើតឡើង​ឆាបឆេះ​លំនៅដ្ឋាន​អាចារ្យវត្ត​ចាំ​យាម បង្ក​ឱ្យ​ផល​ខូចខាត​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​អ្វី​នោះទេ ទោះបីជា​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ភូមិ​ផង​របង​ជាមួយ​ខិតខំ​ជួប​អន្តរាគមន៍​ពន្លាត់​យ៉ាងណាក៏ដោយ​។

​ផ្ទះ​ឈើ​ខាងលើ ថ្ម​ក្រោម មាន​បណ្តោយ​១២​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ជា​កម្មសិទ្ធិ​របស់លោក​តា សៅ ឆ​យ អាយុ​៧០ ឆ្នាំ ជា​អាចារ្យវត្ត​ចាំ​យាម ស្ថិតនៅ​ក្នុងភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ទាំងស្រុង កាល​ម៉ោង​១០ និង​២០​នាទី នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា នេះ ព្រោះតែ​ការឆ្លង​ចរន្តអគ្គិសនី​។​

​លោក ជា សារិន អធិការនគរបាល​ស្រុក​មណ្ឌលសីមា មានប្រសាសន៍ថា សមត្ថកិច្ច​បាន​ប្រើប្រាស់​ពេលវេលា​ជាង​១​ម៉ោង ទើប​អាច​ពន្លាត់​ភ្លើង​បានជា​ស្ថាពរ ដោយមាន​រថយន្ត​ពន្លាត់ អគ្គិភ័យ​ចំនួន​២​គ្រឿង មួយគ្រឿង​ជា​រថយន្ត​អធិការនគរបាល និង​មួយគ្រឿង​ទៀត​ជា​របស់​ក្រុមហ៊ុន​LYP រួមទាំង​ប្រជាពលរដ្ឋ​មាន​នាំគ្នា​អន្តរាគមន៍​។ ប៉ុន្តែ​នៅតែ​ពុំ​អាច​សង្គ្រោះ​យក​ទ្រព្យសម្បត្តិ​ចេញពីផ្ទះ​បានឡើយ​។ ពោលគឺ​បាន​គ្រាន់​ទប់ស្កាត់​មិន​អគ្គិភ័យ​រីក​រាល​បន្ត​ប៉ុណ្ណោះ​។​

​ភ្លាមៗ​នោះ គេ​ឃើញ​លោក ហាក់ ឡេង ប្រធាន​អនុសាខា​កាកបាទក្រហម​ស្រុក​មណ្ឌលសីមា បាន​ចុះមក​សួរ​ទុក និង​សម្តែង​នូវ​ក្តី​សោក​ស្ពាយ​ចំពោះ​ផល​ខូចខាត​របស់​ក្រុមគ្រួសារ​លោកតា សៅ ឆ​យ ដ៏​កម្រ​នឹង​កើតមាន​ណាស់​ក្នុង​មូលដ្ឋាន​។​

​លោក ហាក់ ឡេង ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះ​អគ្គិភ័យ រាល់ពេល​ដុត​ភ្លើងទៀន ធូប ឬ​ចាក​ចេញពី​ទៅ​ទីណា​មួយ​ត្រូវបាន​បិទ​កុង​ទ័​រ​ភ្លើង​អោយបាន​ត្រឹមត្រូវ ជៀសវាង​បង្ក​ឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ណាមួយ​ជាយថាហេតុ​បន្តទៀត​។​

​ក្រៅពី​សួរ​ទុក​រួចរាល់ អនុសាខា​កាកបាទក្រហម​ស្រុក ក៏បានផ្តល់​នូវ​អំណោយ​អង្គរ មី ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ មុង ថវិកា​មួយចំនួន ពិសេស​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​ជួយ​ជា​ថវិកា​ចំនួន​២​លាន​រៀល​ផងដែរ​៕ ល​