អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ សរុប​ជា​ទឹកប្រាក់​ប្រហែល៥​ម៉ឺន​ដុល្លារ​អាមេរិក

424
ចែករម្លែក

​​ដោយ:​គូលែន​/​សៀមរាប​ ៖ ឃ្លាំង​ស្តុក​សម្ភារៈ ធ្វើ​អំពី​ដែក ជញ្ជាំង​ស័ង្កសី​ប្រក់​ស័ង្កសី ប្រវែង ៧​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង រួមទាំង​សម្ភារ​:​ប្រើប្រាស់​ដែល​ស្តុក​ទុក​នៅក្នុង​ឃ្លាំង ។​ករណី​អគ្គីភ័យ​ឆេះ​ឃ្លាំង​ស្តុក​សម្ភារៈ ខាង​លើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ក្រុមទី​២០ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។​

សមត្ថកិច្ច​នគរបាល​សង្កាត់​ស្លក្រាម បាន​និយាយថា ឃ្លាំង សំរាប់​ដាក់​សម្ភារៈ​ខាងលើ ធ្វើ​អំពី​ដែក ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី មាន​ប្រវែង​៧​ម៉ែត្រ គុណ​នឹង​៨​ម៉ែត្រ ត្រូវបាន​ខូចខាត​ទាំងស្រុង រួម​នឹង សម្ភារៈប្រើប្រាស់​មួយចំនួនធំ​ទៀត ។​

សមត្ថកិច្ច​បាន​បន្តថា សម្ភារ​:​ដែល​ខូចខាត​នៅក្នុង​ឃ្លាំង​នោះ​រួមមាន ឡា​បូ​លាងដៃ​ចំនួន​២៦​គ្រឿង​ ចាន​បង្គន់​ចំនួន​២៦​គ្រឿង​ កំរាល​ព្រហ្ម​ចំនួន២៥ដុំ​ ផ្កាជ័រ​តម្លៃ​ប្រហែល ៧០០០ដុល្លារ សរុប​ជា​ទឹកប្រាក់​ប្រហែល៥ម៉ឺន​ដុល្លារ​អាមេរិក​។ ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន៨​គ្រឿង រថយន្ត​ពន្លត់អគ្គីភ័យ​កង​រាជអាវុធហត្ថ​ខេត្ត​៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ឡាន រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប៤​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ឡាន ពន្លត់​ចប់​ជា​ស្ថាប​ពរ ដោយ​មិនអោយ​រាលដាល​ដល់​អ្នកជិតខាង​ឡើយ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​ដែល​បង្ករ​អោយមាន​អគ្គិភ័យ​នេះ​ឡើង​គឺ​បណ្តាលមកពី​បុគ្គលិក​បោះ​កន្ទុយបារី​។​ ម្ចាស់​ឃ្លាំង​ឈ្មោះ លឹម ភក្តី ភេទ​ប្រុស អាយុ​៣៨ ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​៕B/​