អគ្គិភ័យ​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​ក្នុងស្រុក​ទឹកឈូ​ បណ្តាលឲ្យ​ខូចខាត​តូប​អស់​ជិត​១៥០​ខ្នង​

256
ចែករម្លែក

ដោយ:បូកគោ​/កំ​ពត ៖ តូប​លក់ដូរ​របស់​អា​ជីវ​ករ​ជិត​១៥០​ខ្នង​ បាន​រង​ការខូចខាត​ដោយសារ​អគ្គិភ័យឆាបឆេះ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ​កាលពី​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩​។ ហេតុការណ៍​នេះ​បានកើត​ឡើង​ក្នុងភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​​ ដែលជា​ព្រំប្រទល់​រវាង​ខេត្តកំពត និង​ខេត្ត​ព្រះសីហនុ​។ ក្រៅពី​តូប​លក់ដូរ​ទាំងនោះ ទ្រព្យសម្បត្តិ​ដែលមាន​តម្លៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏​ត្រូវបាន​បំផ្លាញ​ដោយ​អំណាច​នៃ​អណ្តាតភ្លើង​នោះដែរ​។

តាម​ការ​ប្រាប់​ឱ្យដឹងពី​សមត្ថកិច្ច​នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៩​នេះ​ថា ​ករណី​អគ្គិភ័យ​កើតឡើង​នៅ​ផ្សារ​ត្រពាំងរ​ពៅ ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​កាលពី​យប់​ថ្ងៃទី​៧ ​ខែសីហា​នោះ បាន​បណ្តាលឲ្យ​ខូចខាត​តូប​លក់ដូរ​អស់​ប្រមាណ​៨០​ភាគរយ ស្មើនឹង​១៤៧​ខ្នង ក្នុងចំណោម​តូប​សរុប​១៨៧​ខ្នង​។ ប៉ុន្តែ​តម្លៃ​នៃ​ការខូចខាត​ក្នុង​ទំហំ​ទឹកប្រាក់​ប៉ុន្មាន​មិនទាន់​អាច​ប៉ាន់ប្រមាណ​បាន​នៅឡើយ​ទេ​។​

សូម​រំលឹកថា កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២១៩ មាន​ករណី​អគ្គិភ័យ​កើតឡើង​នៅ​ផ្សារ​សាមគ្គី​ត្រពាំងរ​ពៅ ​ស្ថិត​ក្នុងភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។ ជាមួយនឹង​ហេតុការណ៍​នេះ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ប្រាំ​គ្រឿង​បាន​ចុះ​អន្តរាគមន៍ ដោយ​បី​គ្រឿង​ជា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត និង​ពីរ​គ្រឿង​ទៀត​មកពី​អធិការដ្ឋាន​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ដោយ​ប្រើប្រាស់​ទឹក​អស់​៣៥​ស៊ីទែន​ទើប​ភ្លើង​បាន​រលត់​នៅ​រយៈពេល​ប្រហែល​បី​ម៉ោង​ក្រោយមក​។

សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង ព្រោះ​ខណៈពេល​ចាប់ផ្តើម​ឆេះ​នោះ​មិនមាន​អ្នកណា​នៅក្នុង​ផ្សារ​ទេ​។ ប៉ុន្តែ​ជំនាញ​នឹង​ស្រាវជ្រាវ​បន្តទៀត​។ ទោះបី​ក្នុង​ហេតុការណ៍​នោះ​មិនបាន​បណ្តាលឱ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​ក្តី ប៉ុន្តែ​ការខាតបង់​ពិត​ជាមាន​ទំហំធំធេង​៕​B/Ha