អគ្គិភ័យ​ឆេះ​សិប្បកម្ម​ពូក​នៅ​ភ្នំពេញ​ជា​ពិសោធន៍​មួយ​

429
ចែករម្លែក

សិប្បកម្ម​ផលិត​ពួក​និង​អគារ​ស្តុក​ពូក​កម្ពស់​ប្រាំមួយ​ជាន់​ជាច្រើន​ល្វែង​នៅក្នុង​សង្កាត់ បឹងទំពុន​ទី​១​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ម្តុំ​មុខ​ពេទ្យរុស្ស៊ី​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ សន្ធោរ​សន្ធៅ និង​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ហេតុការណ៍​ភ្លើង​ឆេះ​នោះ បានកើត​ឡើង ចាប់តាំងពី​ម៉ោង ១​រសៀល ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​ហើយ​រហូតដល់​យប់​នៅ តែ​មិនទាន់​រលត់​។​

​អាជ្ញាធរ​សមត្ថកិច្ច​បា​ន​ប្រឹងប្រែង​អន្តរាគមន៍ ដោយ​ប្រើប្រាស់​ឡានទឹក​រាប់សិប​គ្រឿង​។ ប្រជាពលរដ្ឋ ដែល​រស់នៅ​ជិត​នោះ ត្រូវបាន​ជម្លៀសចេញ ដើម្បី​បង្ការ​គ្រោះថ្នាក់ ជាយថាហេតុ​។ អគារ​ច្រើន​ជាន់ បន្ទាប់ពី​ឆេះ ក៏បាន​បាក់ស្រុត​។​

​ឡានទឹក​ជាច្រើន​គ្រឿង ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ប៉ុន្តែ​នៅតែ​មិនអាច គ្រប់គ្រង​ហេតុការណ៍​ភ្លើង​ឆេះ​សិប្បកម្ម​ផលិត​ពូក និង​អគារ​ស្តុក​ពូក​នោះបានទេ​។ អ្នកខ្លះ​លើកឡើងថា ពូក​ឆាប់​ឆាបឆេះ​លឿន សាហាវ​ហើយ​អគារ​កម្ពស់​ប្រាំមួយ​ជាន់ នោះ ស្តុក​ពូ​ពេញ​តាំងពី​ក្រោម ដល់​លើ​។ ហេតុនេះហើយ អាជ្ញាធរ​សមត្ថកិច្ច​មិនអាច បាញ់​ពន្លត់ភ្លើង​ឆេះ​ពូក​ទាំង​នោះបានទេ​។​

​យ៉ាងណាក៏ដោយ ក៏មាន​អ្នក​លើកឡើងថា ឡានទឹក​មក​អន្តរាគមន៍​ច្រើន​មែន​តែ​បាញ់ ទឹក​មិនអាច​ឡើងដល់​កន្លែង​ឆេះ​នៃ​អគារ​កម្ពស់​ប្រាំមួយ​ជាន់​នោះទេ​។ ក្រៅពីនោះ កិច្ចប្រឹងប្រែង​របស់​ក​ង​កម្លាំង​អាជ្ញាធរ​សមត្ថកិច្ច គឺ​បាន​អន្តរាគមន៍​រាប់​ម៉ោង​ហើយ តែ​ដោយសារតែ​មិនមាន​ឧបករណ៍​គ្រប់គ្រាន់ ដោយ​យើង​មិនមាន​លទ្ធផល​ចូលដល់ ជាន់ខ្ពស់ៗ ដែល​ភ្លើង​កំពុង​ឆេះ ឬក៏​មាន​យន្តហោះ ពន្លត់​អគ្គិភ័យ ហេតុនេះហើយ មានតែ​បាញ់​ទឹក​ការពារ​នៅផ្ទះ​ជិត​កន្លែង​ឆេះ​នោះ ហើយ​រង់​ចាំមើល​ភ្លើង​ឆេះ​រោងចក្រ សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​នោះ ជាច្រើន​ម៉ោង​។ កន្លែង​ឆេះ​នោះ​ផ្លូវ​ក៏​តូចចង្អៀត​ថែម ទៀតផង​។​

​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បានបញ្ជាក់​រួចមកហើយ​ថា​ប៉ូលិស​ពន្លត់​អគ្គិភ័យ យើង​មាន​សមត្ថភាព​ក្នុង​ការបាញ់​ពន្លត់​អគ្គិភ័យ​ត្រឹមតែ​ជាន់​ទី​បួន ឬ​ជា​ន់ទី​ប្រាំ ប៉ុណ្ណោះ​។ ដូច្នេះ​នៅ​អគារ​ខ្ពស់ៗ ចាប់ពី​ជាន់​ទី​ប្រាំមួយ​ឡើងទៅ​ត្រូវ​រៀបចំ​ប្រព័ន្ធ ការពារ​អគ្គិភ័យ​ដោយ​ខ្លួនឯង​។​

​សព្វថ្ងៃនេះ អគារ​ខ្ពស់ៗ ពិសេស​នៅ​ភ្នំពេញ កើតឡើង​ច្រើន ដែល​អាជ្ញាធរ​សមត្ថកិច្ច គួរតែ​គិតគូរ ការពារ​ទុកជាមុន លើ​គ្រោះ​អគ្គិភ័យ​នេះ​។​

​ដោយឡែក រោងចក្រ​សិប្បកម្ម​ផលិត​ពូក ឬក៏​ស្ថានីយ​ប្រេង ជាដើម​ដែលជា​កន្លែង​ងាយ នឹង​កើត​គ្រោះថ្នាក់​ជាយថាហេតុ​នូវ​គ្រោះ​អគ្គិភ័យ ក៏​គួរតែ​អាជ្ញាធរ​សមត្ថកិច្ច​ត្រួត ពិនិត្យ​ពី​ប្រព័ន្ធ​សុវត្ថិភាព តាម​បច្ចេកទេស​ត្រឹមត្រូវ​។ បើ​រោងចក្រ​សិប្បកម្ម​ឬក៏​ស្ថានីយ ប្រេង​ណា ដែល​ងាយ​នឹង​បង្ក​ហានិភ័យ ភ្លើង​ឆេះ គួរតែរៀបចំ​ឲ្យ​នៅក្រៅ​ក្រុង ទីប្រជុំជន ហើយ​ដាច់​ពី​ផ្ទះ​របស់​ប្រជាពលរដ្ឋ​។​
​ ​
​ម្ចាស់​អាជីវកម្ម រោងចក្រ សិប្បកម្ម និង​ម្ចាស់​ស្ថានីយ​ប្រេង​ក៏​គួរតែ​គិតគូ​ពី​សុវត្ថិ​ភាពជា ចម្បង ព្រោះ​ថាបើ​កើតហេតុ​ភ្លើង​ឆាបឆេះ​ដែល​បាន​កើតឡើង​ញឹកញាប់​លើ​ស្ថានីយ ប្រេង និង​រោងចក្រ​សិប្បកម្ម គឺ​មិន​ត្រឹមតែ​ខាតបង់​តែ​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួនឯង​នោះទេ តែ​ក៏បាន​ឆេះ​បំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះសម្បែង​របស់​អ្នកជិតខាង ហើយ​ម្ចាស់ផ្ទះ​ម្ចាស់ ស្ថានីយ​ប្រេង រោងចក្រ​សិប្បកម្ម ដែល​បង្ក​អគ្គិភ័យ​នោះ ក៏ត្រូវ​ចេញ​សំណង​សង​ដល់ ផ្ទះ​អ្នកជិតខាង​ថែម​ទៀតផង​។​
​ ​
​សរុបមក អាជ្ញាធរ​សមត្ថកិច្ច ប៉ូលិស​ពន្លត់​អគ្គិភ័យ​យើង គួរតែ​បង្កើន​សមត្ថភាព​ដោយ គួរតែមាន​ឡានទឹក​ទំនើប ទុយោ​វែង ឡាន​មាន​ដង​ស្ទួ​ច​ខ្ពស់ៗ​ហើយ​អាច​គួរតែមាន ដល់​យន្តហោះ​ឧទ្ធម្ភាគចក្រ សម្រាប់​ពន្លត់ភ្លើង បើសិនជា​កើតឡើង​នៅ​អគារ​ខ្ពស់ៗ ដែល​អាច​ទឹក​ធម្មតា មិនអាច​បាញ់​ពន្លត់​ដល់​។ រីឯ​ទីតាំង​រោងចក្រ សហគ្រាស សិប្បកម្ម ស្ថានីយ​ប្រេង ជាដើម​ក៏​គួរតែ​គោរព​តាមច្បាប់​បទដ្ឋាន​បច្ចេក​ទេស​ត្រឹមត្រូវ​នោះ​ក៏​អាច ការពារ​បាន​នូវ​គ្រោះ​អគ្គិភ័យ​បាន​មួយចំណែក​ធំ​ផងដែរ​៕ ដោយៈ ម៉េង​ឆៃ​

#