អគ្គិភ័យ​នៅ​កំពង់ផែ​ថៃ​បណ្តាលអោយ​របួស​មនុស្ស​២៥​នាក់​

628
ចែករម្លែក

​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​លើ​នាវា​ដឹក​ទំនិញ​នៅ​កំពង់ផែ​ថៃ​មួយ ដោយ​បណ្តាល​អោយ​ផ្ទុះ​បង្ក​អោយ​របួស​កម្មករ​យ៉ាង​តិច​២៥​នាក់ ដោយសារ​ឈ្លួកផ្សែង​និង​រលាកភ្លើង​។​

​អគ្គិភ័យ​នៅ​កំពង់ផែ​ទឹក​ជ្រៅ លឺ​ម ឆា​បាង​ក្នុង​ខេត្ត​ឈុន​បុរី បាន​កើត​ឡើង​នៅ​ពី​ម៉ោង​៦​និង​៣៥​នាទី​នៅលើ​នាវា​ឈ្មោះ​KMTC Hong Kong​កាល​ព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ឧសភា ។​

​យុទ្ធ​ថា​ណា ម៉ុក​ខាវ នាយក​កំពង់ផែ បាន​និយាយថា កំពង់ផែ​រង​ផល​ប៉ះពាល​ពី​ផ្សែង​និង​ការ​ជះ​អំបែង​បណ្តាល​មកពី​ការផ្ទុះ​កុង​តេនឺ​។​

​មន្ត្រី​ខេត្ត​បាន​និយាយថា យ៉ាងហោច​ណាស់​កម្មករ​២៥​នាក់​រងរបួស​តិចតួច តែ​សារព័ត៌មាន​ខ្លះ​និយាយថា មនុស្ស​ដល់​ទៅ​៥០​នាក់​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដោយសារ​​អគ្គិភ័យ​នេះ​តែ​រហូតដល់​ពេល​នេះ ស្ថានភាព​ស្ថិត​ក្រោម​ការគ្រប់គ្រង​ហើយ​ប៉ូលិស​នឹង​ស៊ើបអង្កេត​រក​មូលហេតុ​នៃ​អគ្គិភ័យ​។​

​កំពង់ផែ​ទឹក​ជ្រៅ​នេះ​ជា​ផ្នែក​មួយ​នៃ​គំរោង​ហេដ្ឋារចនាសម្ពន្ធ​តំលៃ​៤៥​ពាន់​លាន​ដុល្លារ​របស់​របប​សឹក​ថៃ ដែល​គេ​ស្គាល់​ថា​«​របៀង​សេដ្ឋកិច្ច​ខាងកើត​» ដើម្បី​ប្រែក្លាយ​តំបន់​​ឆ្នេរ​នេះ​ទៅ​ជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​មួយ​។​

​កុងតេ​នឺ​ជាង​៧​លាន​ត្រូវបាន​ដឹកជញ្ជូន​កាត់​កំពង់ផែ​លឺ​ម ឆា​បាង ក្នុង​មួយឆ្នាំៗ​។​ក្រោម​គំរោង​ថ្មី កំពង់ផែ​នេះ​ត្រូវ​ពង្រីក​ជាមួយនឹង​ផែ​កុង​តេនឺ​៤ ដើម្បី​បង្កើន​ការទទួល​កុង​តេនឺ​​អោយបាន​១៨,១​លាន​ក្នុង​មួយឆ្នាំ​៕​ដោយ​៖​វាសនា​

អគ្គិភ័យ​កើតឡើង​នៅលើ​នា​កុងតេ​នឺ​មួយ​នៅ​កំពង់ផែ លឺ​ម ឆា​បាង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​