អគ្គិភ័យ​បាន​ឆេះ​ឃ្លាំង​ជួសជុល​មួយកន្លែង​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​

224
ចែករម្លែក

ដោយ​: ម៉ា​រ៉ា / ភ្នំពេញ: មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ជួសជុល​រថយន្ត​មួយកន្លែង ស្ថិត​នៅជាប់​ផ្លូវ​២០១១ ក្នុងភូមិ​តា​ងួន សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ចឲ្យ​ចុះជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ឃ្លាំង​រងគ្រោះ​ខាងលើ​មានឈ្មោះ ឃួន សីហា អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញ​ពីលើ​ដំបូល​ឃ្លាំង រួច​ក្រ​ឡែក​មើល​ខាងក្នុង​ឃ្លាំងស្រាប់​តែមាន​អណ្ដាតភ្លើង ទើប​ពួកគាត់​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជួយ​អន្តរាគមន៍​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​បង្ការ​អគ្គិភ័យ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង មក​ធ្វើ​ការបាញ់​ពន្លត់​យ៉ាង​ញាប់ដៃ​ញាប់ជើង​ដោយ​ប្រើ​ពេលវេលា​កន្លះ​ម៉ោង ក៏បាន​រលត់ទៅវិញ​ជា​ស្ថាពរ​ដោយ​ប្រើ​ទឹក​អស់​តែ​២​គ្រឿង​ប៉ុណ្ណោះ​។​

​ចំពោះ​ការខូចខាត​រួមមាន​គ្រឿងបន្លាស់​រថយន្ត និង​សម្ភារ​ចាស់ៗ​មួយចំនួនធំ សំណាងល្អ​ក្នុង​ហេតុការណ៍​នេះមិន​បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​។ រីឯ​មូល​ហេតុដែល​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​នេះ គឺ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ ល​/Ha