អគ្គិភ័យ​បំផ្លាញ​ព្រះវិហារ​Notre-Dame នៅ​ក្រុងប៉ារីស បណ្តាល​អោយរ​លំបាក់​កំពូល​ (វីដេអូ)

424
ចែករម្លែក
  • 18
    Shares

​អគ្គិភ័យ​ធំ​មួយ​បាន​លេប​ត្របាក់​ព្រះវិហារ​គ្រិស្ត Notre-Dame​នៅ​កណ្តាល​ក្រុងប៉ារីស​កាលពី​ថ្ងៃ​ចន្ទ​ទី​១៥​មេសា ដោយ​បណ្តាល​អោយរ​លំបាក់​កំពូល​និង​គំរាម​បំផ្លាញ​អាគារ​​ទាំងមូល​និង​វត្ថុ​សិល្បៈ​ដ៏​មាន​តំលៃ​របស់​វា​ថែម​ទៀត​។​

​មន្ត្រី​អគ្គិភ័យ​នៃ​ក្រុង​ប៉ារីស​បាន​និយាយថា គ្រោង​ធំ​នៃ​វិហារ Notre-Dame​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្រោយ​ការប្រយុទ្ធ​នឹង​អណ្តាតភ្លើង​អស់​រាប់​ម៉ោង​។​

​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​៤០០​នាក់​បាន​ចូលរួម​ក្នុង​ការប្រយុទ្ធ​នឹង​អគ្គិភ័យ​ដ៏​ធំ​នេះ​។​

​អគ្គិភ័យ​ដែល​បាន​ចាប់ផ្តើម​នៅ​ពេល​ល្ងាច បាន​បញ្ជូន​អណ្តាតភ្លើង​និង​ផ្សែង​ដ៏​ធំ​ចូល​ក្នុង​អាកាស​ដោយ​បង្ក​អោយ​អ្នក​ក្រុងប៉ារីស​ស្រឡាំងកាំង​និង​អ្នកទេសចរ​សម្លឹងមើល​​ទាំង​ចិត្ត​សង្ស័យ​អំពី​ការ​លួច​ដុត​ឬ​មាន​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ក្រុម​អាវកាក់​ពណ៌​លឿង​។​អ្នកខ្លះ​យំ​និង​ខ្លះ​ទៀត​បន់ស្រន់​ចេញ​ពី​ម្ខាង​នៃ​ទន្លេ​សែន ខណៈ​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​​ទាក់ទាញ​នៅ​កណ្តាល​ក្រុង​កំពុង​ក្លាយជា​ចំណី​ភ្លើង​។​

​មូលហេតុ​នៃ​អគ្គិភ័យ​នេះ​នៅ​មិនទាន់​ត្រូវ​គេ​ដឹង​នៅឡើយ តែ​អាគារ​ព្រះវិហារ​នេះ​កំពុង​ស្ថិត​ក្រោម​ការជួស​ជុល​ដ៏​ធំ ដែល​ផ្នែក​សេវា​អគ្គិភ័យ​បាន​និយាយ​វា​អាច​ជា​មូលហេតុ​​មួយ​។​

​ប្រធានាធិបតី​បារាំង​លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង បាន​លុបចោល​ការ​ថ្លែង​សុន្ទរកថា​ក្នុង​ទូរទស្សន៍​នៅ​ល្ងាច​ថ្ងៃ​ចន្ទ និង​បាន​រួសរាន់​ធ្វើដំណើរ​ទៅកាន់​កន្លែង​កើតហេតុ​។​

​លោក​បាន​សរសេរ​បង្ហោះ​ថា​«​ដូច​ជនរួមជាតិ​របស់​ខ្ញុំ​ទាំងអស់ ខ្ញុំ​មាន​ទុក្ខ​ក្រៀមក្រំ​ដោយ​ឃើញ​ផ្នែក​នៃ​យើង​បាន​ឆេះ​នៅ​ល្ងាច​នេះ​»​។​

​ចំណែក​អធិកា​ប​តី​អាល្លឺម៉ង់​លោកស្រី​មឺ​គែល បាន​ហៅ​វិហារ​Notre-Dame ថា​ជា​«​និមិត្តរូប​នៃ​វប្បធម៌​អឺរ៉ុប​» ខណៈ​ភ្លើង​កំពុង​ឆាប់ឆេះ​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់​ត្រាំ បាន​សរសេរ​បង្ហោះ​ថា​«​គួរ​អោយ​តក់ស្លុត​ដោយ​ឃើញ​អគ្គិភ័យ​ដ៏​ធំ​នៅ​Notre Dame​ក្នុង​ក្រុងប៉ារីស​។​ឧទ្ធម្ភាគចក្រ​ដឹក​ទឹក​ទំនងជា​អាច​​ពន្លត់​វា​។​ត្រូវ​ចាត់ការ​ភ្លាមៗ​»​។​

​ព្រះវិហារ​នេះ​ស្ថិតនៅ​កណ្តាល​ក្រុងប៉ារីស​និង​សំណង់​របស់​វា​ត្រូវបាន​បញ្ចប់​ទាំងស្រុង​នៅ​សតវត្សរ៍​ទី​១២ ក្រោយ​សាងសង់​អស់​ប្រមាណ​២០០​ឆ្នាំ​។​ក្នុងអំឡុង​បដិវត្តន៍​បារាំង ព្រះវិហារ​​នេះ​ត្រូវបាន​វាយបំផ្លាញ​ក្នុងអំឡុង​មាន​អំពើ​ហិង្សា​ប្រឆាំង​សាសនា​កាតូលិក​។​វា​គេចផុត​ពី​ការបំផ្លាញ​នៃ​សង្គ្រាម​ពិភពលោក​២​នៅ​សតវត្ស​ទី​២០៕​ដោយ​៖​វាសនា​