អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ផ្ទះ​ពលរដ្ឋ​២២​ខ្នង ស្មើ​៣១​គ្រួសារ ទាំង​ព្រឹក​នៅ​ខណ្ឌមានជ័យ​

950
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អគ្គិភ័យ​បាន​លេប​ត្របាក់​ទាំងស្រុង​នូវផ្ទះ​ពលរដ្ឋ​២២​ខ្នង ស្មើនឹង​៣១​គ្រួសារ នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នេះ នៅ​ភូមិ​ក្បាល​ទំនប់​ទី​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ ។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ ពុំទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ តែ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​។

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែលមាន​វត្តមាន​តាំងពី​អគ្គិភ័យ​ឆាបឆេះ​រហូតដល់​រលត់ ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លំនៅឋាន​ដែល​ឆាបឆេះ ជា​លំនៅឋាន​សង់​ជាប់​គ្នា​យ៉ាង​រដឹក​តែម្តង​។ ក្នុង​ហេតុការណ៍​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

​អភិបាលរង​រូបនេះ​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ ឆាបឆេះ​អស់​រយៈពេល​១​ម៉ោង ដោយ​កម្លាំង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​២៧​គ្រឿង ក្នុងនោះ​៥​គ្រឿង មកពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២​គ្រឿង​ទៀត​មក ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ អណ្តាតភ្លើង​ត្រូវ​រលត់​សូន្យសុង​ទៅវិញ នៅវេលា​ម៉ោង​៦៖២០​នាទី​។

​ជាមួយគ្នា​នោះដែរ ការចុះ​អន្តរាគមន៍ កម្លាំង​ជំនាញ​អគ្គិភ័យ មានការ​លំបាក​ខ្លាំង ព្រោះ​ស្ថានភាព​ផ្លូវ​នៅ​តំបន់​កើតហេតុ​ជា​ផ្លូវ​មាន​លក្ខណៈ​តូចចង្អៀត ពិបាក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូលទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ណាស់​៕ ល​