អង់គ្លេស​ចង់​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ​ចំនួន​បី​នៅ​កម្ពុជា ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​

972
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ លោក​គ្រី​ស ផូក (Chris Pook) បានបង្ហាញ​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំខាន់​បី​នៅ​កម្ពុជា រួមមាន​៖​ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ សុខភាព និង​បច្ចេកវិទ្យា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​អង់គ្លេស​និង​កម្ពុជា​។​

​ក្នុងជំនួប​ការងារ​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក គ្រី​ស ផូក បាន​គូសបញ្ជាក់ថា ចក្រភព​អង់គ្លេស​មានបំណង​ផ្តល់នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា ដូចជា​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការលើកកម្ពស់​សុខមាលភាព​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​។ លោក​បន្តថា ក្រៅពី​វិស័យ​អាទិភាព​ខាងលើ អង់គ្លេស​ក៏មាន​បំណង​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​វ័យឆ្លាត (Smart City)​នៅ​កម្ពុជា និង​នៅតាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ផងដែរ ហើយ​បច្ចុប្បន្ន​មាន​វិនិយោគិន​អង់គ្លេស​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ​មកកាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការធ្វើ​ប្រតិបត្តិការ​។

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ចេតនា​របស់​ចក្រភព​អង់គ្លេស និង​បាន​ពន្យល់​ដល់​ភាគី​ជំនួប​អំពី​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ គោលនយោបាយ​អភិវឌ្ឍ​ន៍​ឧ​ស្សហកម្ម និង​គោលនយោបាយ​គាំពារ​វិនិយោគ​កម្ពុជា ដែល​ផ្តោត​សំខាន់​លើ​ការទាក់ទាញ​វិនិយោគិន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​និង​បែក​ចែក​កំណើន​ប្រកបដោយ​សមធម៌​។​ឮ​
​លោក​រដ្ឋមន្ត្រី​បានស្នើ​ចក្រភព​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់ (Belt & Road) របស់​ប្រទេស​ចិន និង​ធ្វើ​ការចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទេ្វ​ភាគី (FTA) ជាមួយ​កម្ពុជា ដើម្បី​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។

​បន្ថែម​លើ​នេះ តាមរយៈ​ភាគី​អង់គ្លេស លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​វិនិយោគិន​អង់គ្លេស​ធ្វើការ​បណ្តាក់ទុន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ធនធានមនុស្ស ឧ​ស្សហកម្ម​កែច្នៃ វិទ្យាសាស្ត្រ កសិកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ពីព្រោះ​វិស័យ​ទាំងអស់នេះ​គឺជា​កត្តា​អទិភាព​ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។​

​សូមបញ្ជាក់ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស មាន​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ ក្នុងនោះ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​បាន​កើនឡើង​ពី​ទឹកប្រាក់​៧៥២​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៤ ដល់​ទឹកប្រាក់​១,០១៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ ទន្ទឹមគ្នានេះ ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស​មក​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧ មាន​ចំនួន​៥៥​លាន​ដុល្លារ ដែល​ធ្វើឱ្យ​អង់គ្លេស ស្ថ​ត​នៅតែ​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ច្រើនជាងគេ​នៅ​កម្ពុជា​៕ ល​