អង់គ្លេស​ចាប់ខ្លួន ស្ថាបនិក​WikiLeaks​នៅ​ស្ថានទូត​អេក្វាទ័រ​ក្នុង​ទីក្រុង​ឡុង​ដ៍​(វីដេអូ)

497
ចែករម្លែក
  • 11
    Shares

​ស្ថាបនិក​អង្គការ​WikiLeaks​លោក​ជូ​លៀន អា​សាញ ត្រូវបាន​ចាប់​នាំ​ខ្លួន​ដោយ​បង្ខំ​ចេញពី​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ក្រុង​ឡុង​ដ៍ ហើយ​ចូល​ក្នុង​រថយន្ត​ប៉ូលិស​ដែល​រង់ចាំ​កាល​​ពី​ថ្ងៃ​ព្រហស្បត៍ទី​១១​មេសា ដោយ​ចាប់ផ្តើម​ការតស៊ូ​តាម​ផ្លូវ​តុលាការ​អំពី​ការប៉ុនប៉ង​ធ្វើ​បត្យាប័ន​លោក​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពាក់ព័ន្ធ​​នឹង​ការចេញផ្សាយ​ឯកសារ​សម្ងាត់​រាប់ម៉ឺន​របស់​រដ្ឋាភិបាល​អាមេរិក​។​

​ប៉ូលិស​អង់គ្លេស​បាន​ចាប់ខ្លួន​លោក​អាសាញ​ក្រោយពី​ប្រទេស​នៅ​អាមេរិក​ខាងត្បូង​នេះ​បាន​សំរេច​ដកសិទ្ធិ​ជ្រកកោន​នយោបាយ​ដែល​បាន​ផ្តល់​ជម្រក​មួយ​ដល់​ស្ថាបនិក​WikiLeaks​រូប​នេះ​អស់​ពេល​ជិត​៧​ឆ្នាំ​។​ប្រធានាធិបតី​អេក្វាទ័រ លោក​ឡេ​នី​ន ម៉ូ​រ៉េណូ បាន​និយាយថា​ចំណាត់ការ​នេះ​ដោយសារ​អំពើ​របស់​អាសាញ​«​រំលោភ​ច្រំ​ដែល​ចំពោះ​​អនុសញ្ញា​អន្តរជាតិ​និង​ជីវិត​ប្រចាំថ្ងៃ​»​។​

​អាសាញ​បាន​ចូល​ជ្រកកោន​នៅក្នុង​ស្ថានទូត​នេះ​នៅ​ឆ្នាំ​២០១២ ក្រោយពី​លោក​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ​នៅ​អង់គ្លេស ក្នុងពេល​ប្រឈម​ការធ្វើ​បត្យាប័ន​ទៅ​ស៊ុយអែត​អំពី​​ការចោទប្រកាន់​រំលោភ​ផ្លូវភេទ​ដែល​ពេលនេះ​ត្រូវបាន​លុប​ចោល​ហើយ​។​តែ​លោក​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​ក្រសួង​យុត្តិធម៌​អាមេរិក​ចំពោះ​តួនាទី​របស់​អង្គការ​WikiLeaks​ក្នុង​ការបញ្ចេញ​ឯកសារ​សម្ងាត់​របស់​រដ្ឋាភិបា​លរាប់​ម៉ឺន​។​លោក​ក៏​ជា​បុគ្គល​សំខាន់​នៅក្នុង​ការស៊ើបអង្កេត​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ទៅក្នុង​នយោបាយ​អាមេរិក​​របស់​មេធាវី​រ៉ូ​ប៊ឺត មូ​អេល័​រ ។​

​អាសាញ​មិន​បាន​ចេញពី​ស្ថានទូត​នេះ​អស់​ពេល​ជិត​៧​ឆ្នាំ​ដោយ​ខ្លាច​ត្រូវ​ចាប់ខ្លួន​បញ្ជូន​ទៅ​អាមេរិក​ដោយសារ​តែ​បាន​ចុះផ្សាយ​ឯកសារ​សម្ងាត់​យោធា​និង​ការទូត​តាមរយៈ​អង្គការ​WikiLeaks​។​

​ទោះជា​ស៊ុយអែត​បាន​ទម្លាក់ចោល​ការចោទប្រកាន់​ការចាប់រំលោភ ក៏​អាជ្ញាធរ​អង់គ្លេស​បាន​និយាយថា​គាត់​នឹងត្រូវ​ចាប់ខ្លួន​ជា​ថ្មី​ដោយសារ​តែ​គេចវេស​ពី​ការ​នៅ​ក្រៅ​ឃុំ​នៅ​​ក្នុងករណី​ដំបូង​។​

​ប៉ូលិស​នៅ​ក្រុង​ឡុង​ដ៍​បាន​ចាប់ខ្លួន​ជូ​លៀន អា​សាញ ពី​ស្ថានទូត​អេក្វាទ័រ​នៅពេល​សិទ្ធិ​ជ្រកកោន​របស់​គាត់​បាន​ចប់​។​ការចាប់ខ្លួន​នេះ​ដោយសារតែ​អាសាញ​ខកខាន​មិន​បាន​​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​ឆ្នាំ​២០១២ តែ​បែរជា​ទៅ​រត់​ចូល​ក្នុង​ស្ថានទូត​៕​ដោយ​៖​វាសនា​

ប៉ូលិស​បាន​និយាយថា​អាសាញ​ត្រូវ​ចាប់​ខ្លួន​ដោយសារ​រំលោភ​លក្ខខណ្ឌ​នៅក្រៅ​ឃុំ​ក្នុងប្រទេស​អង់គ្លេស និង​ពាក់ព័ន្ធ​នឹង​សំណើ​របស់​អាមេរិក​