អង់គ្លេស​ចូលរួម​ជាមួយ​អាម៉េរិក​ក្នុង​បេសកកម្ម​ល្បាត​ឈូង​សមុទ្រ​ពែ​ក្ស បន្ទាប់ពី​អ៊ីរ៉ង់​ឌឺដង​

415
ចែករម្លែក

​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៥​សីហា​ថា​ខ្លួន​នឹងចូលរួម​ជាមួយ​សហរ​ដ្ឋ​អាម៉េរិក​ដើម្បី​ការពារ​នាវា​ដឹកទំនិញ​នៅ​ឈូង​សមុទ្រ​ពែ​ក្ស ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ជាមួយ​អ៊ីរ៉ង់ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​បាន​ចម្អក​វ៉ាស៊ីនតោន​ថា សម្ព័ន្ធមិត្ត​របស់ខ្លួន​ក៏ “​ខ្មាស់អៀន​” ក្នុងការ​ចូលរួម​បេសកកម្ម​នេះដែរ​។​

​ការសម្រេចចិត្ត​របស់​ចក្រភព​អង់គ្លេស​ក្នុង​ការបង្កើត​កងកម្លាំង​ដែនសមុទ្រ​រួមគ្នា​ជាមួយ​សហរដ្ឋ​អាម៉េរិក​កត់សម្គាល់​ពី​ការដាក់ចេញ​គោលនយោបាយ​ក្រោម​ការដឹកនាំ​របស់លោក​នាយករដ្ឋមន្ត្រី​ថ្មី លោក បូរី​ស ច​ន​សុន បន្ទាប់ពី​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ក្រោម​អ្នកដឹកនាំ​មុន​របស់លោក​គឺ​លោកស្រី​ថេ​រ៉េ​សា មេ ដើម្បី​បង្កើត​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អឺរ៉ុប​។​

​ចំណាត់ការ​នេះ​កើតឡើង​បន្ទាប់ពី​មាន​ឧបទ្ទវហេតុ​ជាច្រើន រួមទាំង​ការ​រឹបអូស​នាវា​រវាង​អ៊ីរ៉ង់​និង​មហាអំណាច​លោកខាងលិច​ជាពិសេស​ចក្រភព​អង់គ្លេស​និង​សហរដ្ឋ​អាម៉េរិក ដែលជា​តួអង្គ​ដ៏​សំខាន់​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស លោក បិ​ន វ៉​ល​ឡេស បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​ដើម្បី​ធានាថា​ការដឹកជញ្ជូន​តាម​នាវា​របស់ខ្លួន​ត្រូវបាន​ការពារ​ពី​ការគំរាមកំហែង​ខុសច្បាប់ ហើយ​សម្រាប់​ហេតុផល​នេះ យើង​បាន​ចូលរួម​ក្នុង​បេសកកម្ម​សន្តិសុខ​ដែនសមុទ្រ​ថ្មី​នៅ​ឈូង​សមុទ្រ​ពែ​កក្ស​”​។​

​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ​អង់គ្លេស​មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​មាន​ប្រទេស​ណា​ទៀត​នឹងចូលរួម​ក្នុង​សម្ព័ន្ធ​កងទ័ពជើងទឹក​ថ្មី​នេះ​ឬ​អត់​នោះទេ​។​

​ចក្រភព​អង់គ្លេស​ក៏មាន​ការឈឺចាប់​ផងដែរ​ចំពោះ​ការ​សង្កត់ធ្ងន់ថា ខ្លួន​មិន​ផ្លាស់ប្តូរ​គោលនយោបាយរ​បស់​ខ្លួន​ចំពោះ​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អង់គ្លេស​លោក ដូ​មី​និក រ៉ា​អាប បាន​និយាយថា “​យើង​នៅតែ​ប្តេជ្ញា​ធ្វើការ​ជាមួយ​អ៊ីរ៉ង់​និង​ដៃគូ​អន្តរជាតិ​របស់​យើង​ដើម្បី​ធ្វើឱ្យ​ស្ថានការណ៍​នេះ​ធូរស្រាល​និង​រក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​”​។​

​ការប្រកាស​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​និយាយថា​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​កាន់តែ​ឯកោ​ខ្លាំង​ឡើង​នៅក្នុង​ជំហរ​មានះ​រឹងត្អឹង​របស់ខ្លួន​ប្រឆាំងនឹង​តេ​ហេ​រ៉ង់ ហើយ​សម្ព័ន្ធមិត្ត​របស់​អាម៉េរិក​ក៏ “​ខ្មាស់អៀន​” ផងដែរ​ក្នុងការ​ចូលរួម​ជាមួយ​កងកម្លាំង​របស់ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​លោក ម៉ូ​ហា​ម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ ចម្អក​វ៉ាស៊ីនតោន​ថា សម្ព័ន្ធមិត្ត​របស់​អាម៉េរិក​ក៏ “​ខ្មាស់អៀន​” ក្នុងការ​ចូលរួម​បេសកកម្ម​ល្បាត​ឈូង​សមុទ្រ​ពែ​ក្ស​ដែរ