អង់គ្លេស​បញ្ជូនទាហាន​ម៉ា​រី​ន​ទៅកាន់​ឈូង​សមុទ្រ​ពែ​ក្ស​ដើម្បី​ការពារ​នាវា​របស់ខ្លួន​

540
ចែករម្លែក

​អង់គ្លេស​បាន​សំរេច​បញ្ជូន​ទាហាន​ម៉ា​រីន​១០០​នាក់​ទៅ​កាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស ដើម្បី​ការពារ​យោធា​និង​នាវា​ជំនួញ​របស់ខ្លួន​ក្រោយ​ឧបទ្ទវហេតុ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​​ចុងក្រោយ​នេះ​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ នេះ​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាវា​ដឹក​ប្រេង​២ បាន​រង​ការវាយប្រហារ​បង្ក​ជា​អគ្គិភ័យ​និង​ខូចខាត​នៅ​ឈូង​សមុទ្រ​អូ​ម៉ង់ជិត​ច្រក​សមុទ្រ ហ័​រមូស​។​

​ទោះ​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​នៅ​មិន​ទាន់​ត្រូវ​ដឹង​ច្បាស់ ក៏​សហរដ្ឋ​អាម៉េរិក អង់គ្លេស​និង​អា​រ៉ាប៊ីសាអូឌីត ដែល​ជា​សម្ពន្ធមិត្ត​ធំ​របស់​អាម៉េរិក​ក្នុង​តំបន់​បាន​ចោទ​​ប្រកាន់​អ៊ីរ៉ង់​ថា​ជា​អ្នកប្រព្រឹត្ត​។​

​យោង​តាម​កាសែត​The Sunday Times​ទាហាន​ម៉ា​រី​ន​ទៅ​ពី​ក្រុម​កុម្មង់​ដូ​42 Commando​នឹង​បង្កើត​ក្រុមការងារ​ពិសេស​មួយ សំរាប់​ល្បាត​នៅ​តំបន់​ឈូង​សមុទ្រ​។​

​កាលពី​ថ្ងៃ​សុក្រ ក្រសួងការបរទេស​អង់គ្លេស​បាន​ចោទប្រកាន់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ថា​បាន​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ទាំង​២ នៅ​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​​បាន​ធ្វើ​ការចោទប្រកាន់​ដូចគ្នា​។​

​អ៊ីរ៉ង់​បាន​បដិសេធ​ការចោទប្រកាន់ ខណៈ​អនុ​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​ព្រមាន​អំពី​ការព្យាយាម​ទម្លាក់កំហុស​លើ​អ៊ីរ៉ង់​មុន​ធ្វើការ​ស៊ើបអង្កេត​ល្អិតល្អន់​ណាមួយ​លើ​ឧបទ្ទវហេតុ​​នេះ​៕ដោយ៖វាសនា

#