អង់គ្លេស​បញ្ជូន​នាវាចម្បាំង​ទី​ពីរ​មកកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស បន្ទាប់ពី​ប្រឈមមុខគ្នា​ជាមួយ​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​

139
ចែករម្លែក

​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១២​កក្កដា​ថា​ខ្លួន​បាន​បញ្ជូន​នាវាចម្បាំង​ទី​ពីរ​ទៅកាន់​ឈូង​សមុទ្រ​និង​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​នៅក្នុង​តំបន់​សម្បូរ​ប្រេង​នេះ ខណៈ​ភាព​តានតឹង​កើនឡើង​បន្ទាប់ពី​ទូក​ប្រយុទ្ធ​របស់​អ៊ីរ៉ង់​បាន​គំរាម​នាវា​ដឹក​ប្រេង​របស់​អង់គ្លេស​។​

​ការសម្រេចចិត្ត​នេះ​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​នៅពេលដែល​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​បង្កើន​សង្គ្រាមពាក្យសម្តី​របស់គាត់​ជាមួយ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដែល​បាន​បំពាន​ផ្នែក​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​ទាត់ចោល​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​សេត​វិមាន​ថា “​ប្រទេស​អ៊ីរ៉ង់​គួរតែ​ប្រុងប្រយ័ត្ន​។ ពួកគេ​កំពុង​ដើរ​លើ​ដែនដី​ដែលមាន​គ្រោះថ្នាក់​ខ្លាំង​។ អ៊ីរ៉ង់​ប្រសិនបើ​អ្នក​កំពុង​ស្ដាប់​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​”​។​

​មន្ត្រី​អង់គ្លេស​បាន​និយាយថា​ការដាក់​ពង្រាយ​របស់​ក​ង​ទ័ពជើងទឹក​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការប្តូរ​វេន​ដែល​បាន​គ្រោងទុក​និង​សំដៅ​ធានាឱ្យមាន​វត្តមាន​កង​ទ័ពជើងទឹក​អង់គ្លេស​នៅ​ផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់បំផុត​តែ​ងាយ​ប្រែប្រួល​មួយ​នេះ​នៅលើ​ពិភពលោក​។​

​ប៉ុន្តែ​ប្រភព​មួយ​បាន​និយាយថា​ការផ្លាស់ប្តូរ​វេន​នេះ​ត្រូវបាន​ធ្វើឡើង​ច្រើន​ថ្ងៃ​ហើយ ហើយ​គួរតែ​ឃើញ​នាវាចម្បាំង​ទំនើប​បំផុត​ពីរ​គ្រឿង​របស់​ច​ក្រ​ភព​អង់គ្លេស​រួមគ្នា​រុករ​កលើ​ដែនទឹក​នៅក្បែរ​អ៊ីរ៉ង់​សម្រាប់​អំឡុង​រយៈពេល​មួយ ដែល​អាច​អូសបន្លាយ​ច្រើន​សប្តាហ៍​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ម្នាក់​បាន​និយាយថា នាវា HMS Duncan “​កំពុង​ដាក់ពង្រាយ​ទៅកាន់​តំបន់​នេះ​ដើម្បី​ធានាថា​យើង​រក្សា​វត្តមាន​សន្តិសុខ​ដែនសមុទ្រ​ជា​បន្ត ខណៈ​នាវា HMS Montrose បាន​បំពេញ​នូវ​ការងារ​ជួសជុល​ថែទាំ​ទុក​ដែល​បានគ្រោង​ទុក​និង​ការផ្លាស់ប្តូរ​នាវិក​”​។​

​កាលពី​ថ្ងៃ​ពុធ នាវា HMS Montrose បាន​ព្រមាន​ទូក​ប្រយុទ្ធ​ល្បឿន​លឿន​របស់​អ៊ីរ៉ង់​ចំនួន​៣​គ្រឿង ដែល​មន្ត្រី​ចក្រភព​អង់គ្លេស​បាន​និយាយថា​កំពុង​ព្យាយាម​រារាំង​ដំណើរ​របស់​នាវា​ដឹក​ប្រេង​ខ្នាត​យក្ស​របស់​អង់គ្លេស​មួយគ្រឿង​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​

​ក្រុមមន្ត្រី​អ៊ីរ៉ង់​ចេញមក​បដិសេធថា ឧបទ្ទវ​ហេតុនេះ​មិន​ធ្លាប់​កើតឡើង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

នាវា HMS Duncan កំពុងធ្វើដំណើរ​មកកាន់​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស