អង់គ្លេស​សន្យា​នឹង​ស្វែងរក​អាហារូបករណ៍​បន្ថែ​មជូ​ន​ដល់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស​

985
ចែករម្លែក

​ដោយ : ពៅ និមល​/​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានស្នើ​មន្ត្រីការទូត​អង់គ្លេស​ពិនិត្យ​លទ្ធភាព​ផ្តល់​អាហារ​រូបករណ៍​ថែមទៀត ​ដល់​និស្សិត​កម្ពុជា ពិសេស​ផ្នែក​វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម​, និង​គណិតវិទ្យា (S.T.E.M) ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​ការកសាង​សមត្ថភាព​របស់​កម្ពុជា សម្រាប់​គាំទ្រ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការធ្វើដំណើរ​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល នាពេល​អនាគត​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​ការងារ រវាង​លោក អែ​ដ វៃ​ហ្ស៊ី (Edward Vaizey) ប្រមុខ​ពាណិជ្ជកម្ម​របស់​ចក្រភព​អង់គ្លេស និង​លោកស្រី ធី​ណា រ៉េ​ដស (Tina Redshaw) ឯកអគ្គរាជទូត​ថ្មី​របស់​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានលើកឡើង​អំពី​សារៈសំខាន់​នៃ​ការកសាង​ធនធានមនុស្ស ដើម្បី​បម្រើការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រមទាំង​ចក្ខុវិស័យ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការបន្ត​កំណែទម្រង់​គ្រប់​វិស័យ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដែល​ទើបត្រូវ​បានអនុម័ត​កាលពី​ថ្មីៗ​នេះ ដើម្បី​ធានា​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​និង​ចីរភាព​។​

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភាគី​ជំនួប​អំពី​ស្ថិរភាព​នយោបាយ​, វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​, ផលិតផល​នាំចេញ​សំខាន់ៗ​របស់​កម្ពុជា​, អត្ថប្រយោជន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​និង​កិច្ចប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជ​ក​ម្ម ក្នុងការ​លើកកម្ពស់​ប​រិ​យា​កាស​ធុរកិច្ច និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ លើសពីនេះ លោក​បាន​ថ្លែងអំណរគុណ​សមាគម​បាល់ទាត់​អង់គ្លេស (FA) ដែល​បាន​ប្រើប្រាស់​ឯកសណ្ឋាន​ម៉ាក Marks & Spencer ផលិត​នៅ​កម្ពុជា​សម្រាប់​ក្រុម​កីឡាករ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍ វើ​ល​ខាប់ (World Cup) ឆ្នាំ​២០១៨​នាពេល​កន្លងមក​។​

​ជាការ​ឆ្លើយតប ភាគី​អង់គ្លេស​បាន​សន្យា​នឹង​ខិតខំ​ស្វែងរក​អាហារូបករណ៍​បន្ថែមទៀត សម្រាប់​និស្សិត​កម្ពុជា​ដើម្បី​ចូលរួម​លើកកម្ពស់​ការអភិវឌ្ឍ​ធនធានមនុស្ស សំដៅ​ជំរុញ​ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការបោះ​ជំហាន​ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។ ​ទន្ទឹមគ្នា​នោះ មន្ត្រីការទូត​ទាំងពីរ​បាន​កោតសរសើ​រ​អំពី​វឌ្ឍនភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ថិរភាព​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ព្រមទាំង​កិច្ចសហការ​ល្អ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជានា​ពេលកន្លងមក ដែល​បាន​ជំរុញ​ឲ្យ​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ​ថ្មី​នៅក្នុង​តំបន់​។
​ម​ន្ត្រិ​ការទូត​ទាំងពីរ​រូបនេះ​បានលើកឡើង​ទៀតថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​សំណង់​អង់គ្លេស​ជាច្រើន កំពុង​ស្វែងរក​ឱកាស​ចូលមក​ទីផ្សារ​កម្ពុជា ដើម្បី​នាំយក​បច្ចេកវិទ្យា​ទំនើបៗ និង​ជំនាញ​ផ្នែក​ស្ថាបត្យកម្ម​ថ្មីៗ សម្រាប់​​បម្រើការ​អភិវឌ្ឍ​វិស័យ​សំណង់ ដែល​កំពុងមាន​ការលូតលាស់​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​៕B