អង់គ្លេស បារាំង​និង​អាល្លឺម៉ង់​ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​

290
ចែករម្លែក

​អង់គ្លេស​បារាំង​និង​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១​សីហា​បាន​ថ្កោលទោស​ការបាញ់​មី​ស៊ី​ល​ផ្លោង​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​ថា​ជា​ការរំលោភ​លើ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចូល​មក​ធ្វើការ​ចរចា​ប្រកប​ដោយ​អត្ថន័យ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ប្រទេស​ទាំង​៣​នេះ​ក៏​បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​ឱ្យ​ចាត់​វិធានការ​ជាក់ស្តែង​ឆ្ពោះទៅ​រក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​ហើយ​បាន​និយាយថា​ទណ្ឌកម្ម​អន្តរជាតិ​គួរតែ​នៅ​​តែ​មាន​និង​ត្រូវ​អនុវត្ត​ឱ្យបាន​ពេញលេញ​រហូត​ដល់​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​របស់ខ្លួន​ត្រូវបាន​រំលាយ​ចោល​។​

​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​បានចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​រៀបចំ​ធ្វើឡើង ដោយ​ លោក Rosemary DiCarlo ប្រមុខ​ដឹកនាំ​នយោបាយ​អង្គការ​សហប្រជាជាតិ​និង​ធ្វើ​ការពិគ្រោះ​យោបល់​។ ក្រុមប្រឹក្សា​នេះ​មិន​បាន​ចេញ​សេចក្តីថ្លែងការណ៍ ណាមួយ​ទេ​។​

​ឯកអគ្គរដ្ឋទូត​រង​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ លោក Dmitry Polyansky បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​មុន​កិច្ចប្រជុំ​ថា​”​យើង​នៅតែ​មាន​ព័ត៌មាន​​តិចតួច​ណាស់​។ តើ​វា​ជា​មី​ស៊ី​ល​ផ្លោង​ឬ​មិនមែន​មី​ស៊ី​ល​ផ្លោង​? តើ​ការបាញ់​នោះ​ជា​អ្វី​?​តើ​បាញ់​ប៉ុន្មាន​គ្រាប់ ? “​។​

​លោក​បាន​និយាយថា​រុស្ស៊ី​ព្យាយាម​ផ្អែកលើ​គោលជំហរ​របស់​ខ្លួន​លើ​ប្រភពព័ត៌មាន​ដែល​គួរឱ្យ​ទុកចិត្ត​ហើយ​”​ខ្ញុំ​មិន​គិត​ថា​យើង​ប្រញាប់​ធ្វើ​សេចក្តីសន្និដ្ឋាន​ណាមួយ​ចំពោះ​​បញ្ហា​នេះ​ទេ​”​។​

​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មេដឹកនាំ​របស់​ខ្លួន​គឺ​លោក​គីម ជុង​អ៊ុន​បាន​ត្រួតពិនិត្យ​មើល​ការបាញ់​សាកល្បង​ប្រព័ន្ធ​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុកកែត​ថ្មី​​ដែល​អាច​បង្កើន​សមត្ថ​ភាព​របស់​ខ្លួន​ក្នុងការ​វាយប្រហារ​លើ​គោលដៅ​នានា​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​និង​មូលដ្ឋាន​យោធា​អាម៉េរិក​នៅ​ទីនោះ​។​

​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កណ្តាល​កូរ៉េ​(KCNA) នេះ​គឺ​ខុស​ពី​ការវាយតម្លៃ​ដោយ​កងទ័ព​កូរ៉េខាងត្បូង​ដែល​បាន​សន្និដ្ឋានថា​ការបាញ់​សាក​​ល្បង​កាលពី​ថ្ងៃ​ពុធ​គឺជា​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​២​គ្រាប់​។​

​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​(​ទី​២​ខែ​សីហា​) កូរ៉េ​ខាងជើង​ក៏​បាន​បាញ់​គ្រាប់ផ្លោង​ថ្មី​ដែល​មិន​ស្គាល់​ប្រភេទ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Yonhap និង​ក្រុម​ម​ន្រី្ត​អាម៉េរិ​ក​។ នាយ​អគ្គ​​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង បាន​និយ​យា​ប្រាប់​សារព័ត៌មាន​Yonhap ថា​គ្រាប់ផ្លោង​ដែល​មិន​ទាន់​កំណត់​ប្រភេទ​បាន​ជា​ច្រើន​គ្រាប់ ដែល​មាន​រយៈ​ចម្ងាយ​ខ្លី ត្រូវ​បា​បាញ់​​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​នៃ​ប្រទេស​កូរ៉េខាងជើង​នេះ​។​

​នៅក្រោម ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវ​បាន​ហាមឃាត់​ពី​ការប្រើប្រាស់​មី​ស៊ី​ល​ផ្លោង​៕​ដោយៈ​សុខា​/sn

មេដឹកនាំកូរ៉េខាងជើង ត្រួតមើលការបាញ់សាកល្បងប្រព័ន្ធសព្វាវុធថ្មី