អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ទាមទារ​ឱ្យមាន​ការស៊ើបអង្កេត​គួរឱ្យ​ទុកចិត្ត​ទៅលើ​ការបាត់​ខ្លួន​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ឈ្មោះ ចា​ម៉ា​ល់ ខា​សូក​ជី​

566
ចែករម្លែក

​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​បាន​ទទូច​កាលពី​ថ្ងៃអាទិត្យ​ទី​១៤​តុលា​ថា “​ការពិត​ត្រូវតែ​លាតត្រដាង​” អំពី​កន្លែង​លាក់ខ្លួន​របស់​អ្នកកាសែត ឈ្មោះ ចា​ម៉ា​ល់ ខា​សូក​ជី (Jamal Khashoggi) ខណៈដែល​ពួកគេ​អំពាវនាវ​ឱ្យមាន​ការស៊ើបអង្កេត​គួរឱ្យ​ទុកចិត្ត​លើ​ការបាត់​ខ្លួន​របស់គាត់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​លោក ជេ​រ៉េមី ហាន់ សម​ភាគី​បារាំង លោក ហ្ស​ង់ យី​ស ឡេ ដេ​រី​យ៉ង់ និង​លោក ហៃ​កូ ម៉ា​អាស របស់​អាល្លឺម៉ង់​បាន​និយាយថា ជន​ណា​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបាត់​ខ្លួន​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ទទួលខុសត្រូវ​។​

​លោក​ខា​សូក​ជី អ្នក​រួមចំណែក​ផ្តល់ព័ត៌មាន​ឱ្យ​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍ បាន​បាត់​ខ្លួន បន្ទាប់ពី​បាន​ចូលទៅ​កាន់​ស្ថាន​កុងស៊ុល​អារ៉ាប់​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី ២ តុលា​ដើម្បី​ទទួលបាន​ឯកសារ​ផ្លូវការ​សម្រាប់​អាពាហ៍ពិពាហ៍​នាពេលខាងមុខ​របស់គាត់​។​

​រដ្ឋមន្ត្រី​ទាំង​៣​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​ដោយ​ការិយាល័យ​បរទេស​នៅ​ទីក្រុង​ឡុង​ដ៍​ថា “​ការការពារ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​និង​សេរីភាព​សារព័ត៌មាន​និង​ការធានា​ការការពារ​អ្នកសារព័ត៌មាន​គឺជា​អាទិភាព​ចម្បង​សម្រាប់​ប្រទេស​អាល្លឺម៉ង់​ចក្រភព​អង់គ្លេស​និង​បារាំង​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​និយាយថា “​នៅក្នុង​ស្មារតី​នេះ ការពិត​ត្រូវតែ​លាតត្រដាង​អំពី​ការបាត់​ខ្លួន​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក ចា​ម៉ា​ល់ ខា​សូក​ជី​” ដោយ​ចង្អុល​បង្ហាញថា​ប្រទេស​ទាំង​៣​កំពុង​ដោះស្រាយ​រឿងនេះ “​ជាមួយ​ការយកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត​”​។​

​សេចក្តីថ្លែងការណ៍​នោះ​ឱ្យដឹងទៀតថា “​ត្រូវតែមាន​ការស៊ើបអង្កេត​គួរឱ្យ​ទុកចិត្ត​ដើម្បី​ផ្តល់​ការពិត​អំពី​អ្វីដែល​បានកើត​ឡើង និង​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបាត់​ខ្លួន​របស់ ចា​ម៉ា​ល់ ខា​សូក​ជី និង​ធានាថា​ពួកគេ​ទាំងនោះ​ត្រូវតែ​ទទួលខុសត្រូវ ប្រសិនបើ​ពាក់ព័ន្ធ​”​។​

​ខណៈដែល​បង្ហាញ​ការគាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​អារ៉ាប៊ីសាអ៊ូឌីត​និង​តួ​ក​គី​ដើម្បី​ពិនិត្យមើល​ការបាត់​ខ្លួន​របស់គាត់ ពួក​រដ្ឋមន្ត្រី​ទាំង​៣​បាន​និយាយថា រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ផ្តល់ “​ការឆ្លើយតប​ពេញលេញ​និង​លម្អិត​” ដោយ​បញ្ជាក់​ច្បាស់​ថា សារ​បែបនេះ​ត្រូវបាន​បញ្ជូន​ដោយផ្ទាល់​ទៅ​រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​។​

​ក្រុមមន្ត្រី​តួ​ក​គី​និយាយថា ពួកគេ​ជឿថា លោក​ខា​សូក​ជី​ត្រូវបាន​សម្លាប់​នៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ការអះអាង​ដ៏​បង្កចលាចល​មួយ ដែល​លាតត្រដាង​ថា គាត់​ត្រូវបានធ្វើ​ទារុណកម្ម​ហើយ​ថែមទាំង​កាត់​ជា​កង់ៗ​ទៀត​នោះ ត្រូវបាន​លេច​ធ្លាយ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​អារ៉ាប់​ប៊ី​សា​អូឌីត​បាន​ព្រមាន​កាលពី​ថ្ងៃអាទិត្យ​ថា​ខ្លួន​នឹង​សងសឹក​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ណាមួយ​ដែល​ដាក់​លើ​ព្រះរាជាណាចក្រ​សម្បូរ​ប្រេង​មួយ​នេះ ជុំវិញ​ការបាត់​ខ្លួន​របស់​ខា​សូក​ជី ខណៈដែល​ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​រី​យ៉ា​ដ បាន​ធ្លាក់ចុះ​ដោយសារ​ការ​ពួក​វិនិយោគិន​ព្រួយបារម្ភ​។​

​រាប់​ចាប់ពី​មហាសេដ្ឋី​បច្ចេកវិជ្ជា​រហូតដល់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ ក្រុមហ៊ុន​បស្ចិមប្រទេស​ជាច្រើន​កំពុង​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពីរ​ដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ ដោយ​ធ្វើឱ្យ​កំណែទម្រង់សេដ្ឋកិច្ច​ដ៏​មាន​ឥទ្ធិពល​របស់​ព្រះអង្គម្ចាស់​ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន់ ស្ថិតក្នុង​គ្រោះថ្នាក់​៕ ដោយ៖ កញ្ញាដាលីស

លោក ចា​ម៉ា​ល់ ខា​សូក​ជី បាត់​ខ្លួន​តាំងពី​ថ្ងៃទី​២​តុលា
#