បន្ទាប់ពីធ្លាក់ថ្លៃ ឥឡូវអង្ករវៀតណាមបានឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល៦សប្តាហ៍មកនេះ ខណៈការទិញក្នុងស្រុកកើនឡើងនិងការបារម្ភអំពីការខ្វះខាតទឹកផលិតស្រូវ។
ថ្លៃក៏បានកើនឡើងចំពេលរូបបិយប័ណ្ណដុងរបស់វៀតណាមធ្លាក់ថ្លៃ។
នៅវៀតណាម អង្ករបាក់៥ភាគរយ បានកើនពី៣៦០ទៅ៣៧០ដុល្លារក្នុងមួយតោនកាលពីថ្ងៃព្រសហ្បតិ៍ទី២៥មេសា ដោយកើនពីថ្លៃ៣៦០ដុល្លារកាលពីសប្តាហ៍មុន។
ឈ្មួញម្នាក់នៅក្រុងហូជីមិញ បាននិយាយថា «មានសេចក្តីត្រូវការខ្លាំងឡើងនិងក្រុមហ៊ុននាំចេញនាំគ្នាទិញស្រូវពីកសិករទុកដើម្បីបំពេញចំនួនតាមការបញ្ជាទិញកាលពីពេលមុនៗនៅឆ្នាំនេះ»។
ថ្លៃស្រូវអង្ករក៏កើនដោយសារតែបណ្តាខេត្តតាមតំបន់ដីសណ្តរទន្លេមេគង្គកំពុងប្រឈមការខ្វះទឹក ខណៈកសិករចាប់ផ្តើមសាបព្រួសស្រូវប្រាំង។
នៅឥណ្ឌា ដែលជាប្រទេសនាំអង្ករនាំមុខគេ អង្ករបាក់៥ភាគរយបានចុះមកនៅប្រមាណ៣៧៥-៣៧៨ដុល្លារក្នុងមួយតោននៅសប្តាហ៍នេះ ដោយចុះពី៣៧៧-៣៨០ដុល្លារក្នុងមួយតោនកាលពីសប្តាហ៍មុន។
ពួកអ្នកជំនាញការខាងអង្ករបាននិយាយថា តំរូវការនៅអាហ្វ្រិកធ្លាក់ចុះដោយការលក់ចេញអង្ករចាស់ពីឃ្លាំងចិនទៅកាន់អាហ្វ្រិកហាក់គំហុកជាហេតុនាំអោយធ្លាក់ថ្លៃ។ការធ្លាក់ចុះតំលៃប្រាក់រូពីឥណ្ឌាក៏ចូលរួមមួយផ្នែកដែរ។
នៅបង់ក្លាដែសឯណោះវិញ ដោយសារប្រឈមការធ្លាក់ថ្លៃអង្ករនិងការប្រមូលផលស្រូវបានច្រើន ពួកមន្ត្រីបាននិយាយថាពួកខ្លួននឹងពិនិត្យមើលឡើងវិញបំរាមលើការនាំចេញអង្កររបស់ប្រទេស។សូមបញ្ជាក់ថាបង់ក្លាដែលដែលជាប្រទេសផលិតស្រូវលំដាប់ទី៤ក្នុងលោក បានហាមការនាំចេញអង្ករប្រភេទខ្លះទៅក្រៅកាលពីឆ្នាំ២០០៨ក្រោយការឡើងថ្លៃអង្ករនៅក្នុងស្រុក។ការហាមនាំចេញអង្ករគ្រប់ប្រភេទត្រូវបានធ្វើឡើងនៅមួយឆ្នាំក្រោយមក។
អង្ករបាក់៥ភាគរយថៃ មានតំលៃ៣៨៥-៣៨៨ដុល្លារក្នុងមួយតោន ដោយចុះពី៣៩៣-៤១១ដុល្លារក្នុងមួយតោនកាលពីមួយសប្តាហ៍មុន ដោយសារតែប្រាក់បាតធ្លាក់ថ្លៃទល់នឹងដុល្លារ៕ដោយ៖វាសនា
ដោយអាចមានភាពរាំងស្ងួតនៅឆ្នាំនេះ ការផ្គត់ផ្គង់អង្ករ ជាការព្រួយបារម្ភសំរាប់ឈ្មួញថៃនិងវៀតណាម