អង្គការពិភពលោកធំៗ និងម្ចាស់​ជំនួយ គាំទ្រផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍជំនាញទេសចរណ៍កម្ពុជា​

128
ចែករម្លែក

ដោយោះមូលសម្បត្តិ/ភ្នំពេញ ៖ ក្រសួងទេសចរណ៍ សហការជាមួយ​អង្គការពិភពលោកធំៗ និងម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃ​លើសមត្ថភាព និងបទពិសោធរបស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដា​រ​គុណភាពជាតិ និងអាស៊ាន ក៏ដូចជាស្របតាមយុទ្ធនាការ «បុគ្គលិកម្នាក់ ជំនាញមួយ»។

ការវាយតម្លៃនេះធ្វើឡើងចាប់ពីថ្ងៃទី០៩-១៣ ខែធ្នូ ឆ្នាំ២០១៩ នៅសាល​សណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ដែលជាមជ្ឍមណ្ឌលវាយតម្លៃ​សមត្ថភាពផ្នែកសេវាកម្មសណ្ឋាគារ។

ការវាយតម្លៃសមត្ថភាពខាងលើនេះ មាន៣ដំណាក់កាល រួមមាន៖ សំណួរ​ផ្ទាល់មាត់ សំណួរសរសេរ និងការអនុវត្តន៍ផ្ទាល់ លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ជំនាញការិយាល័យជួរមុខ និងជំនាញគេហកិច្ច (Housekeeping)។

សកម្មភាពវាយតម្លៃនេះមានការគាំទ្រ និងសង្កេតការពីអង្គការអន្តរជាតិធំ​មួយចំនួន រួមមាន៖ អង្គការអន្តរជាតិខាងការងារ (ILO) អង្គការសហប្រជាតិ (UN) ទីភ្នាក់ងារសម្រាប់ការសហប្រតិបត្តិការអភិវឌ្ឍស្វីស អង្គការ UNESCO អង្គការ UNIDO អង្គការ UNYAP ព្រមទាំងគណៈប្រតិភូក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំ យុវជន និងកីឡាផងដែរ បានអញ្ជើញចុះមកពិនិត្យ និងដកស្រង់បទពិសោធន៍អំពីការវាយតម្លៃលើ​សមត្ថភាព និងបទពិសោធរបស់អ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ តាមយន្តការនៃការវាយតម្លៃការសិក្សាពីមុន (RPL) ស្របតាមស្តង់ដារ​គុណភាពជាតិ និងអាស៊ាន។

លោក ទ្រី ឈីវ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអ្នក​ជំនាញទេសចរណ៍ និងប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធាន​មនុស្សក្នុងវិស័យទេសចរណ៍ ២០១៧- ២០២៥ ក្រោមបរិបទនៃសមាហរណកម្ម​អាស៊ាន ដោយដាក់ចុះនូវផែនការវាយតម្លៃសម្ថភាពអ្នកដែលកំពុងបម្រើការ​នៅក្នុងវិស័យទេសចរណ៍ គឺជាគោលដៅយុទ្ធសាស្ត្រមួយ ដើម្បីធ្វើយ៉ាងណា​ឲ្យអ្នកកំពុងបម្រើការងារមានជំនាញច្បាស់លាស់ជាក់លាក់ ហើយអាច​អភិវឌ្ឍអាជីពរបស់ខ្លួនតាមវិថីអភិវឌ្ឍជំនាញទេសចរណ៍ ដែលក្រសួង​ទេសចរណ៍បានដាក់ចុះ ស្របទៅតាមផែនការយុទ្ធសាស្រ្តដែលបាន​ចែង​ថា ត្រឹមឆ្នាំ២០២០ អ្នកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ ត្រូវមាន​វិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទទួលស្គាល់យ៉ាងតិច ៥០% ២០២៥ សម្រេចឲ្យបាននូវចក្ខុវិស័យ «បុគ្គលិកម្នាក់ ជំនាញមួយ» ពោលគឺអ្នកបម្រើ​ការងារទាំងអស់ត្រូវមានវិញ្ញាបនបត្រជំនាញវិជ្ជាជីវៈទទួលស្គាល់ និងត្រឹមឆ្នាំ២០៣០ សម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយ​ចីរភាពរបស់អង្គការសហប្រជាជាតិ SDG4 «ការសិក្សាពេញមួយជីវិត» និង SDG8 «ការងារសមស្រប»។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាជាប្រទេសឈានមុខគេ​ក្នុងការអនុវត្តន៍កម្មវិធីសិក្សាតាមស្តង់ដារអាស៊ាន ក្នុងនោះក្រសួងទេសចរណ៍ ដែលមានគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ជាសេនាធិការបាន​ពង្រឹងសមត្ថភាពសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រើប្រាស់កម្មវិធី​សិក្សាស្តង់ដារអាស៊ានចំនួន ២០ បណ្តុះបណ្តាលគ្រូបង្គោល និងអ្នក​វាយតម្លៃបង្គោលអាស៊ានចំនួន ៣០រូប ហើយគ្រូបង្គោល និងអ្នកវាយតម្លៃ​បង្គោលជាតិប្រមាណជាង ៦០០នាក់។

បច្ចុប្បន្ន មានសិស្សដែលបញ្ចប់ការសិក្សាតាមស្តង់ដារអាស៊ាន ចេញពីសាលា​បណ្តុះបណ្តាលខាងលើមានចំនួនជាង ៤០០០នាក់។

ដោយឡែក ក្រសួងទេសចរណ៍កំពុងដាក់ចុះនូវអភិក្រមបណ្តុះ​បណ្តាលថ្មីៗផ្សេងទៀត ដូចជាកំពុងរៀបចំឲ្យមានការបណ្តុះបណ្តាលកម្រិត​សញ្ញាបត្រមធ្យមសិក្សាវិជ្ជាជីវៈទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយសិស្សសិក្សាក្នុងរយៈពេល៣ឆ្នាំ (ថ្នាក់ទី១០ ១១ និង១២) ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិវិទ្យាជីវទេសចរណ៍៕B/Ha