អង្គការសហប្រជាជាតិ​ចាប់ផ្តើម​ជុំ​ថ្មី​នៃ​កិច្ចចរចា​សន្តិភាព​ស៊ី​រី​នៅ​ទីក្រុង​ហ្សឺ​ណែវ​

341

​នៅមុន​ពេល​ជុំ​ថ្មី​នៃ​កិច្ចចរចា​សន្តិភាព​ស៊ី​រី​នៅ​ថ្ងៃ​អង្គារ​ទី​២៨​ខែវិច្ឆិកា​នៅ​ទីក្រុង​ហ្សឺ​ណែវ
​អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ លោក ស្តា​ហ្វា​ន ដេ មី​ស៊ូ​ត្រា (Staffan de Mistura) បាន​និយាយថា “​ឥឡូវនេះ វិបត្តិ​នេះ គឺ​ដល់​ពេលដែល​ត្រូវ​នាំទៅ​កាន់​ដំណោះស្រាយ​នយោបាយ​ពិតប្រាកដ​មួយ​ហើយ​” ។​

​លោក មី​ស៊ូ​ត្រា បាន​និយាយ​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ចន្ទ​ថា “​ក្រុម​មេដឹកនាំ​ពិភពលោក​កំពុងតែ​ស្វែងរក​គំនិត​ជា​មូលដ្ឋាន​រួម ដោយ​ផ្អែកលើ​ការអនុវត្ត​សេចក្តីសម្រេច​លេខ ២២៥៤ (​ឆ្នាំ​២០១៥) របស់​ក្រុមប្រឹក្សាសន្តិសុខ ហើយ​កំពុង​ជំរុញ​ឱ្យ​ស៊ី​រី​ចាប់ផ្តើម​ស្វែងរក​គំនិត​ជា​មូលដ្ឋាន​រួម​ផងដែរ​”​។​

​ជំនួប​ពិភាក្សា​នៅ​ក្រុង​ហ្សឺ​ណែវ នឹង​ផ្តោតលើ​អភិបាលកិច្ច គម្រោង​ជំនួប ការធ្វើ​ពង្រាង​រដ្ឋធម្មនុញ្ញ​ថ្មី និង ការបោះឆ្នោត​ដែលជា​មូលដ្ឋាន​សម្រាប់​ដំណើរការ​គ្រប់គ្រង​ដោយ​ស៊ី​រី​ខ្លួនឯង ដែល​នាំ​ដល់​ការបញ្ចប់​ជម្លោះ​នេះ​។​

​ក្រុមប្រឹក្សាសន្តិសុខ​សហប្រជាជាតិ​ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ស៊ី​រី​ទាំងអស់​ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ដំណើរការ​នយោបាយ ដោយ​គ្មាន​ដាក់​លក្ខខណ្ឌ និង​ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធានាបាន​នូវ​ជោគជ័យ​របស់ខ្លួន​។​

​រដ្ឋាភិបាល​ស៊ី​រី​មិនទាន់បាន​បញ្ជាក់ថា​ខ្លួន​នឹងចូលរួម​ក្នុងជំនួប​ចរចា​ជាមួយ​ក្រុម​អ្នកប្រឆាំង​ទេ​។​

​ទន្ទឹមនឹង​នេះដែរ នាយករដ្ឋមន្ត្រី​តួ​ក​គី លោក ប៊ី​ណា​លី យី​ល​ឌី​រី​ម (Binali Yildirim) បាន​និយាយថា “​ដំណើរការ​នៃ​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​អា​ស្តា​ណា ប្រទេស​កា​ហ្សា​ក់​ស្ថាន​ដើម្បី​ធ្វើឱ្យ​ដំណើរការ​សន្តិភាព​ស៊ី​រី​ដែល​ដឹកនាំ​ដោយ រុស្ស៊ី តួ​ក​គី និង អ៊ីរ៉ង់ កំពុង​ប្រព្រឹត្តទៅ​ជាមួយ​កិច្ចពិភាក្សា​ដើម្បី​សន្តិភាព​យូរអង្វែង​របស់​អង្គការសហប្រជាជាតិ​ជាជាង​ការ​ប្រជែង​គ្នា​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​និយាយថា ” កិច្ចចរចា​សន្តិ​ភា​ក្រុង​អា​ស្តា​ណា ដែលជា​កិច្ច​ជំនួប​ត្រីភាគី គឺ មិនមែនជា​ជម្រើស​របស់​ក្រុង​ហ្សឺ​ណែវ​ទេ​…​អ្វីដែល​យើង​ព្យាយាម​ធ្វើ​នោះ គឺ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដំណោះស្រាយ​នៅ​ទីក្រុង​ហ្សឺ​ណែវ​”​។​

​លោក ប៊ី​ណា​លី បាន​និយាយថា “​យើង​បាន​សម្រេចបាន​នូវ​វឌ្ឍនភាព​ដ៏​ជាក់លាក់ ដែល​ទាក់ទង​នឹង​ការកាត់បន្ថយ​ភាព​តានតឹង​នៅ​ប្រទេស​ស៊ី​រី ហើយ​កំពុង​ឈានឆ្ពោះ​ទៅរក​បទ​ឈប់​បាញ់​មួយ​”​។​

​ប៉ុន្តែ លោក ប៊ី​ណា​លី បានបញ្ជាក់​ជាថ្មី​ផងដែរ​អំពី​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​របស់លោក​ដើម្បីឱ្យ​លោក​បា​សា អាល់​អាសាដ ប្រធានាធិបតី​ស៊ី​រី ចុះ​ចេញពី អំណាច​។

​លោក ប៊ី​ណា​លី បាន​និយាយថា “​សូម​មើល​អ្វីដែល​បាន​កំពុង​កើតឡើង​នៅ​ប្រទេស​ស៊ី​រី​… នរណា ដែល​បានធ្វើឱ្យ​ប្រទេស​ស៊ី​រី​ស្ថិតក្នុង​ស្ថានភាព​ដូច​សព្វថ្ងៃនេះ ។ អ្វីៗ​ទាំងអស់ គឺ​កើតឡើង ដោយសារតែ​របប​នេះ គឺ​ពី​ព្រោះតែ លោក បា​សា អាល់​អាសាដ​។ លោក​បាន​បន្ថែមថា សម្រាប់​រយៈពេល​វែង​នោះ លោក​បា​សា អាល់​អាសាដ មិនអាច​ធ្វើឱ្យមាន​ភាព​ល្អប្រសើរ​ឡើងវិញ​នៅ​ស៊ី​រី​ទេ យើង​ត្រូវ​ទទួលស្គាល់​រឿងនេះ​”៕ ដោយ៖ សុខា

(​ពីស្តាំ​) ប្រធានាធិបតី​តួ​ក​គី ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន និង ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី ជួបពិភាក្សា​នៅ​ទីក្រុង​សូ​ជី ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃ​ពុធ​ទី​២២​ខែវិច្ឆិកា