អង្គការសហប្រជាជាតិ​និយាយថា មី​យ៉ាន់​ម៉ា​ធ្វើ​យុទ្ធនា​ការប្រឆាំង​អ្នកកាសែត​

147

អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារទី១១កញ្ញាថា ប្រទេសមីយ៉ាន់ម៉ាដែលកំពុងប្រឈមការរិះគន់ជាអន្តរជាតិចំពោះការដាក់គុកអ្នកកាសែតរ៉យទ័រ២នាក់នោះ កំពុងធ្វើយុទ្ធនាការនយោបាយប្រឆាំងក្រុមអ្នកសារព័ត៌មានឯករាជ្យ។ មីយ៉ាន់ម៉ា បានចាប់ដាក់គុកអ្នកកាសែតរ៉យទ័រ២នាក់ខណៈដែលពួកគេបានកំពុងធ្វើសេចក្តីរាយការណ៍អំពីការសម្លាប់រង្គាលក្រុមអ៊ីស្លាមរ៉ូហ៊ីយ៉ា។

របាយការណ៍ថ្មីមួយពីការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានរិះគន់ចំពោះ”ការប្រើប្រាស់ច្បាប់និងតុលាការធ្វើជាឧបករណ៍ដោយរដ្ឋាភិបាលនិងយោធាក្នុងអ្វីដែលជា យុទ្ធនាការនយោបាយប្រឆាំងក្រុមអ្នកសារព័ត៌មានឯករាជ្យ” ។

របាយការណ៍ថ្មីនេះ បានរិះគន់ចំពោះ”ការបរាជ័យនៃប្រព័ន្ធតុលាការក្នុងការលើកកម្ពស់សិទ្ធិទទួលបានការជំនំជម្រះដោយយុត្តិធម៌របស់អ្នកដែលត្រូវបានគេកំណត់គោលដៅហើយនោះ”។

ការិយាល័យសិទិ្ធមនុស្សនេះ បានលើកឡើងអំពីករណីនៃការផ្តន្ទាទោសអ្នកកាសែតរ៉យទ័រ២នាក់ គឺលោក Kyaw Soe Oo និង លោក Wa Lone។

កាលពីសប្ដាហ៍មុន ចៅក្រុមបានដាក់ទោស អ្នកកាសែតជនជាតិមីយ៉ាន់ម៉ាទាំង២នាក់នេះ ឱ្យជាប់គុកចំនួន៧ឆ្នាំក្នុងម្នាក់ៗ ក្រោមច្បាប់ព័ត៌មានសម្ងាត់របស់រដ្ឋ ដោយសារការរាយការណ៍របស់ពួកគេអំពីវិបត្តិរ៉ូហ៊ីងយ៉ានេះ។

ជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រហែល៧០០.០០០នាក់ដែលគ្មានរដ្ឋនេះបានបង្ខំចិត្តរត់ភៀសខ្លួនទៅប្រទេសបង់ក្លាដែសដោយសារការបង្ក្រាបដែលដឹកនាំដោយយោធាមីយ៉ាន់ម៉ា កាលពីខែសីហាឆ្នាំមុន។

របាយការណ៍របស់អង្គការសហប្រជាជាតិនេះ បាននិយាយថា មានឧទាហរណ៍ជាច្រើនទៀត នៃការឃុំខ្លួននិងការកាត់ទោសអ្នកកាសែតនិងអ្នកផ្តល់ព័ត៌មារបស់ពួកគេដែលបង្ហាញថា ជា ” ការបង្ក្រាបជាទូទៅនៃសេរីភាពបញ្ចេញមតិ ” ។

ដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារនោះ លោកស្រី Michelle Bachelet ប្រធានអង្គការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានព្រមានថា ស្ថានភាពបែបនេះគឺ “មិនអំណោយផលដល់ការផ្លាស់ប្តូរឱ្យមានលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាទេ”។

លោកស្រី បានអំពាវនាវឱ្យក្រុមអាជ្ញាធរនៅប្រទេសនេះបញ្ឈប់ការយាយីផ្នែកច្បាប់និងតុលាការលើក្រុមអ្នកកាសែតហើយផ្តួចផ្តើមពិនិត្យមើលឡើងវិញនូវច្បាប់ដែលកំណត់មិនត្រឹមត្រូវដែលជួយបង្កភាពងាយស្រួលដល់ការវាយប្រហារលើភាពស្របច្បាប់នៃសេរីភាពបញ្ចេញមតិ៕ដោយ៖សុខា/sn

លោកស្រី Michelle Bachelet ឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្សរូបនេះ ស្ថិតនៅពិធីបើកក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិលើកទី៣៩នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ ២០១៨