អង្គការសហប្រជាជាតិ​បញ្ចេញ​ថវិកា​១០​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​ហ្វូង​សត្វ​កណ្តូប​បំផ្លាញ​ដំណាំ​នៅ​អាហ្វ្រិក​ខាងកើត​

108
ចែករម្លែក

​លោក​ម៉ាក ឡូ​វខក់ អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌​និង​សម្របសម្រួល​គ្រាអាសន្ន បាន​បញ្ចេញ​ថវិកា​ចំនួន​១០​លាន​ដុល្លារ​​ដើម្បី​ដោះស្រាយ​ការ​ផ្ទុះ​ឡើង​នៃ​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់​នៅ​អាហ្វ្រិក​ភាគ​ខាងកើត​។ នេះ​បើ​យោង​តាម​ការិយាល័យ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​​មនុស្សធម៌​(OCHA) ។​

​ការិយាល័យ​OCHA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​២២​មករា​ថា លោក លោក​ម៉ាក ឡូ​វខក់ ប្រធាន​ផ្នែក​មនុស្សធម៌​អង្គការ​សហ​ប្រ​​ជា​ជាតិ​បាន​បញ្ចេញ​ថវិកា​១០​លាន​ដុល្លារ​ពី​មូលនិធិ​ឆ្លើយតប​គ្រោះមហន្តរាយ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​ហ្វូង​សត្វ​កណ្តូប​ដែល​បង្ក​ការបំផ្លិចបំផ្លាញ​នៅ​អាហ្វ្រិក​​ខាងកើត​។​

​យោង​តាម​មន្ត្រី​អង្គការសហប្រជាជាតិ​បានឱ្យដឹងថា ការ​ផ្ទុះ​ឡើង​នៃ​ហ្វូង​សត្វ​កណ្តូប​អាច​នឹងេះ​ធ្វើឱ្យ​កង្វះខាត​ស្បៀងអាហារ​កាន់តែ​ធ្ងន់ធ្ងរ​នៅក្នុង​តំបន់​ដែល​រង​​ផលប៉ះពាល់​ខ្លាំង​។​

​លោក លោក​ម៉ាក ឡូ​វខ​ក់បាន​និយាយថា ការ​ផ្ទុះ​ឡើង​នៃ​ហ្វូង​សត្វ​កណ្តូប​នេះ​កំពុង ចាប់ផ្តើម​បំផ្លាញ​បន្លែ​និង​ផលដំណាំ​ផ្សេងៗ​ទៀត​នៅ​ទូ​ទាំង​អាហ្វ្រិក​ខាងកើត ដោយ​នាំ​ឱ្យ​មាន​ព្រួយបារម្ភ​ចំពោះ​ការបំផ្លិចបំផ្លាញ​ខ្លាំង​ឡើង​។

​លោក​បាន​បង្ហាញ​ភាពចាំបាច់​ក្នុង​ការបញ្ឈប់​ការ​រាតត្បាត​នៃ​ហ្វូង​កណ្តូប ដោយ​រារាំង​មិនឱ្យ​មាន​ការ​រាលដាល​ដល់​បណ្តា​ប្រទេស​អាហ្វ្រិក​ជាច្រើន​ថែមទៀត​។​

​ការ​ផ្ទុះ​ឡើង​នៃ​សត្វ​កណ្តូប​វាល​ខ្សាច់​នៅពេល​បច្ចុប្បន្ន​បាន​វាយប្រហារ​អាស៊ី​ភាគ​និរតី តំបន់​សមុទ្រ​ក្រហម​និង តំបន់​ស្នែង​នៃ​ទ្វីបអាហ្វ្រិក​។​យោង​តាម​អង្គការ​​សហប្រជាជាតិ​បាន​ឱ្យដឹងថា​នេះ​គឺជា​ការ​ផ្ទុះឡើង​នៃ​សត្វ​កណ្តូប​អាក្រក់​បំផុត​នៅ​ប្រទេស​អេត្យូ​ពី​និង​សូ​ម៉ាលី​ក្នុង​រយៈពេល​២៥ ឆ្នាំ​ចុងក្រោយ​នេះ និង​ជា​ករណី​ដ៏​​អាក្រក់​បំផុត​នៅ​ប្រទេសកេន​យ៉ា​ក្នុងរយៈពេល​៧០ ឆ្នាំ​ចុងក្រោយ​នេះ​៕​ដោយ​៖​សុខា​/sn

ការ​ផ្ទុះ​ឡើង​នៃ​ហ្វូង​សត្វ​កណ្តូប​នៅ​ប្រទេសកេន​យ៉ា​