អង្គការសហប្រជាជាតិ​ព្យាយាមបញ្ចៀស “​ការប្រយុទ្ធ​បង្ហូរឈាម​ដ៏​ខ្លាំង​” នៅ​កំពង់ផែ​យេ​ម៉ែន​

900
ចែករម្លែក

អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទទី១១មិថុនាបានត្រៀមខ្លួនដើម្បីបង្វែរការប្រយុទ្ធបង្ហូរឈាមដ៏ខ្លាំសម្រាប់កំពង់ផែសំខាន់មួយនៅប្រទេសយេម៉ែនជាទីដែលខ្លួនត្រូវផ្តល់ជំនួយមនុស្សធម៌។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីការបរទេសយេម៉ែននៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កចំពេលមានការព្រមានថា ការវាយប្រហារលើកំពង់ផែ Hodeida ដែលកាន់កាប់ដោយឧទ្ទាម គឺជិតនឹងចាប់ផ្តើមហើយ។

លោក Antonio Guterres បេសកជនរបស់លោក គឺលោក Martin Griffiths បានចរចាដ៏តានតឹងជាមួយពួកឧទ្ទាមយេម៉ែនHuthis និងជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ព្រមទាំង អេមីរ៉ាត់អារ៉ាប់រួមដើម្បីស្វែងរកមធ្យោបាយដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នាផ្នែកយោធានៅកំពុងផែHodeida ។

លោក Stephane Dujarricអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិបាននិយាយថា ក្នុងអំឡុងកិច្ចប្រជុំរបស់ លោកជាមួយ លោក Khaled Alyemanyរដ្ឋមន្ត្រីការបរទេសយេម៉ែនថ្មីនេះ លោក Antonio Guterres បានសង្កត់ធ្ងន់ថា “មនុស្សគ្រប់គ្នាគួរតែខិតខំប្រឹងប្រែងទ្វេដងដើម្បីស្វែងរកដំណោះស្រាយនយោបាយនិងជៀសវាងការប្រយុទ្ធដ៏បង្ហូរឈាមសម្រាប់ កំពង់ផែHodeida” ។

អស់រយៈពេល២សប្តាហ៍កន្លងទៅនេះ កងទ័ពរដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយក្រុមចម្រុះ​បានខិតទៅជិតកំពុងផែHodeida ជាទីដែលពួកគេអះអាងថា កំពុងត្រូវបានប្រើប្រាស់ ដោយពួកឧទ្ទាមHuthisដើម្បីរត់ពន្ធអាវុធ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំបិទទ្វារ តាមសំណើរបស់អង់គ្លេស បន្ទាប់ពីរដ្ឋាភិបាលក្រុងឡុងដ៍បានប្រាប់ក្រុមភ្នាក់ងារផ្តល់ជំនួយថាខ្លួនបានទទួលការព្រមានពីប្រទេសអេមីរ៉ាត់ អារ៉ាប់រួម អំពីការវាយប្រហារដែលជិតនឹងកើតឡើងឆាប់ៗនេះទៅលើកំពុងផែHodeida៕

ជំនួយមនុស្សធម៌ដែលផ្តល់ដោយកាកបាទក្រហមអេមីរ៉ាត់អារ៉ាប់រួម មកដល់ទីក្រុងMujailis ប្រទេសេយ៉េម៉ែន កាលពីថ្ងៃទី៦ខែមិថុនាឆ្នាំ២០១៨