អង្គការសហប្រជាជាតិ​ស្វះស្វែង​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ខណៈ​ប្លា​ស្ទិ​ក​តែក្រោម​១០​ភាគរយ​ត្រូវបាន​ប្រើ​ឡើងវិញ​

1236
ចែករម្លែក

​ផលិតផល​ប្លា​ស្ទិ​ក​ក្រោម​១០​ភាគរយ​ប៉ុណ្ណោះ​ត្រូវបាន​ប្រើ​ឡើងវិញ​នាពេល​កន្លងមក ហើយ​បណ្តា​រដ្ឋាភិបាល​គួរ​ពិចារណា​ហាមប្រាម​ឬ​យកពន្ធ​លើ​ស្បោង​ប្រើតែ​ម្តង​ឬ ប្រអប់​ជ័រ​ដាក់​អាហារ​ដើម្បី​ទប់ស្កាត់​កំណើន​នៃ​ការបំពុល​បរិស្ថាន នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការសហប្រជាជាតិ​មួយ​ចេញ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មិថុនា​ចំ​ថ្ងៃ​​ទិវា​បរិស្ថាន​ពិភពលោក​។​

​ការសិក្សា​បាន​និយាយថា ថង់​ប្លា​ស្ទិ​ក​ដល់​ទៅ​៥​លាន​លាន​ត្រូវបាន​ប្រើ​នៅ​ទូទាំង​ពិភពលោក​ក្នុង​មួយឆ្នាំៗ ហើយ​សម្រាម​របស់​វា​គ្រប​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ប្រទេស​បារាំង​​ពីរដង​។​

​អេ​រិ​ក សូល​ហេម ប្រធាន​ទីភ្នាក់ងារ​បរិ​ស្ថាន​អង្គការសហប្រជាជាតិ បាន​សរសេរ​ក្នុង​របាយការណ៍​ថា “​ទុក្ខសោក​បង្កដោយ​ប្លា​ស្ទិ​ក បាន​ចូលដល់​គ្រប់​ច្រកល្ហក​នៃ​ពិភព​​លោក​។ បើ​អ្នក​មិនអាច​ប្រើ​វា​បានជា​ថ្មី​ទេ បដិសេធ​កុំ​ប្រើ​វា​”​។​

​របាយការណ៍​បាន​និយាយថា​” មានតែ​៩​ភាគរយ​នៃ​ប្លា​ស្ទិ​ក​៩​ពាន់​លាន​តោន​នៅលើ​ពិភពលោក ដែល​ត្រូវបាន​យកមកប្រើ​ឡើងវិញ​។​ភាគច្រើនបំផុត​ក្លាយជា​សម្រាម​លើ​​ដី​និង​ក្នុង​សមុទ្រ​”​។​

​ចិន​ជា​ប្រភព​ធំជាងគេ​នៃ​សម្រាម​ប្លា​ស្ទិ​កវេច​ខ្ចប់ ដោយនៅ​ពីមុខ​សហភាព​អឺរ៉ុប​និង​អាមេរិក ។​តែបើ​គិតពី​ចំនួន​ប្រជាជន អាមេរិក​ផលិត​ប្លា​ស្ទិ​ក​ច្រើនជាង​ជប៉ុន​និង​សហ​​ភាព​អឺរ៉ុប​។​

​ក្នុងពេល​ជាមួយគ្នា មាន​សញ្ញា​នៃ​វិធានការ​កំហិត​ការបំពុល​បរិស្ថាន​ដោយ​ប្លា​ស្ទិ​ក ដែល​ប៉ះពាល់​ជីវិត​សមុទ្រ ធ្វើអោយ​ខូច​ដី​និង​បញ្ចេញ​សារធាតុ​គីមី​ពុល​នៅពេល​ត្រូវ​​បាន​ដុត​។​របាយការណ៍​បាន​និយាយថា​” ការយកពន្ធ​និង​បំរាម អោយតែ​ត្រូវ​បានរៀបចំ​និង​អនុវត្ត​ត្រឹមត្រូវ​ស្ថិត​ចំណោម​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​កំហិត​​ការប្រើ​ប្លា​ស្ទិ​ក​ហួសហេតុ​”​។​

​អេ​លី​សា ថុ​ន​ដា នៅ​កម្មវិធី​បរិស្ថាន​អង្គការសហប្រជាជាតិ​មួយ បាន​និយាយថា ប្រទេស​ជាង​៦០​បាន​ហាមប្រាម​និង​យកពន្ធ​លើ​ផលិតផល​ប្លា​ស្ទិ​ក​ប្រើ​តែម្តង​ដូចជា​ស្បោង​​ប្លា​ស្ទិ​ក​ឬ​ប្រអប់​ជ័រ​។​ប្រទេស​ទាំងនេះ​៣០​ភាគរយ​ត្រូវបាន​រកឃើញថា មានការ​ធ្លាក់ចុះ​ការប្រើ​ស្បោង​ប្លា​ស្ទិ​ក​យ៉ាងគំហុក​នៅ​ឆ្នាំ​ដំបូង​បន្ទាប់ពី​ការដាក់កំហិត ហើយ​២០​ភាគរយ​ទៀត​មានការ​ផ្លាស់ប្តូរ​តិចតួច​។​តែ​ពាក់កណ្តាល រដ្ឋាភិបាល​មិនអាច​វាស់វែង​អំពី​ផល​នៃ​ការ​កំហិត​លើ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​បានទេ​៕​ដោយ​៖​វាសនា​