អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ខំប្រឹងប្រែង​ជា​សកល​ក្នុង​ការដោះស្រាយ​បញ្ហា​បំផ្លិចបំផ្លាញ​ដោយ​ហ្វូង​សត្វ​កណ្តូ​ប​

115
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យជួយ​ក្រុម​ប្រទេស​អាហ្វ្រិក​ខាងកើត​និង​និង​អាស៊ី​ខាងលិច ជា​ទី​ដែល​ហ្វូង​សត្វ​កណ្តូប​ដ៏​បំផ្លិច​​បំផ្លាញ បន្ត​ស៊ី​បំផ្លិចបំផ្លាញ​ដំណាំ​និង​គំរាមកំហែង​ដល់​សុវត្ថិភាព​ស្បៀងអាហារ​នៅក្នុង​តំបន់​នោះ​។​

​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​(FAO) បានបញ្ជាក់​ថា​ប្រទេស​អេត្យូ​ពី សូ​ម៉ាលី កេន​យ៉ា តង់​សានី​និង​អ៊ូ​ហ្គង់​ដា​បាន​រង​ផលប៉ះពាល់​​ខ្លាំង​បំផុត​ពី​ហ្វូង​សត្វ​កណ្តូប​វាល​ខ្សាច់​ដែល​បង្ក​ការគំរាមកំហែង​គួរឱ្យ​ព្រួយបារម្ភ​ខ្លាំង​និង​មិន​ធ្លាប់មាន​ពីមុន​មក​ដល់​សន្តិសុខ​ស្បៀងអាហារ​និង​ការរស់នៅ​​របស់​ប្រជាជន​ចំនួន​១៣​លាន​នាក់​។​

​អ្នកស្រាវជ្រាវ​ខ្លះ​បាន​ភ្ជាប់​បញ្ហា​នេះ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​បាន​នាំមក​នូវ​ការអូសបន្លាយ​យូរ​នៃ​អាកាសធាតុ​សើម​ខុសពី​ធម្មតា​នៅ​អាហ្វ្រិក​ខាងកើត​។ ហ្វូង​សត្វ​កណ្តូប​ជាធម្មតា​កើត​ច្រើន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ចំពេល​មាន​ការរីកដុះដាល​បន្លែ​និង​ផលដំណាំ​ផ្សេងៗ​ទៀត​នៅ​តំបន់​ទី​ជម្រក​​របស់​ពួក​វា​ដែល​ជា​ធម្មតា​មាន​ភាពរាំងស្ងួត​នោះ​។​

​កាលពីដើម​ខែ​កុម្ភៈ ប្រទេស​ប៉ា​គី​ស្ថាន​ក៏​បាន​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​ជុំវិញ​បញ្ហា​ដូចគ្នានេះដែរ​។​ហ្វូង​សត្វ​កណ្តូប​ជាច្រើន​បាន​ហើរ​មក​តំបន់​បណ្តោយ​ព្រំដែន​​របស់​ប្រទេស​នេះ​ជាមួយ​ប្រទេស​ឥណ្ឌា​និង​ធ្វើឱ្យ​ខូចខាត​ផលដំណាំ​រាប់រយ​ហិច​តា​។​

​ក្រុម​អ្នកជំនាញ​បាន​ព្យាករណ៍​អំពី​ការ​រាតត្បាត​កាន់តែ​ធំ​នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​ដោយ​ព្រមាន​អំពី​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​ព្រោះ​វា​ជា​រដូវ​សំខាន់​​សម្រាប់​ពួក​អ្នក​ចិញ្ចឹម​គោ​ក្របី​និង​និង​កសិករ​នៅ​ទូទាំង​តំបន់​អាហ្វ្រិក​ខាងកើត​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ហ្វូង​កណ្តូប​វាយប្រហារ​អាហ្វ្រិក ឥឡូវ​រាល​ចូល​អាស៊ី​ខាងត្បូង​ហើយ