អង្គការសហប្រជាជាតិ​៖ ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​សង្ឃឹមថានឹង​ទទួល​បាន​សន្តិភាព​និង​ស្ថិរភាព​នៅ​ពេល​ត្រឡប់​ពី​ប្រទេស​ថៃ

3169
ចែករម្លែក

​ជនភៀសខ្លួន​ចំនួន​៩៣​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បាន​រស់នៅ​ក្នុង​ជំរំ​នៅ​ប្រទេស​ថៃ បាន​វិលត្រឡប់ ទៅផ្ទះ​វិញ​ហើយ​កាលពី​ថ្ងៃ​អង្គារ ដែល​ជា​ការវិល​ត្រឡប់​ទី​២​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ។

​ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ​ទី​៨​ឧសភា​បង្ហាញ​ក្តីសង្ឃឹម​ចំពោះ​ការបិទ​ជំរំ​ជនភៀសខ្លួន​ដែល​មាន​រយៈពេល​ច្រើន​ឆ្នាំ​ជាងគេ​បំផុត​នៅ​អាស៊ី​​នេះ​។​

​ជនភៀសខ្លួន​ប្រហែល​១០០.០០០​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​កា​រ៉ែ​ន​បាន​រស់នៅ​ក្នុង​ជំរំ​ចំនួន​៩​នៅ​ប្រទេស​ថៃ​តាម​បណ្តោយ​​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​កងទ័ព​មី​យ៉ាន់​ម៉ា​បានចាប់ផ្តើម​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ឧទ្ទាម​កា​រ៉ែ​ន​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​។​

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​និង​ក្រុម​ឧទ្ទាម​ទាមទារ​តំបន់​ស្វ័យភាព​នេះ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​សន្តិភាព ដោយ​នាំ​ឱ្យ​មាន​ក្តីសង្ឃឹម​ថា​ជនភៀសខ្លួន​ទាំងនេះ​នឹង​ទៅផ្ទះ ​ទោះបីជា​ការ​ប៉ះទង្គិច​គ្នា​ម្តងម្កាល​នៅ​ភាគ​ខាងកើត​នៃ ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវបាន​រាយការណ៍​កា​លពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ក៏​ដោយ​។​

​ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុម​ជនភៀសខ្លួន​ទាំងនេះ​បាន​ចាកចេញ​ពី​ជំរំ​ចំនួន​៥ ហើយ​បាន​​ឆ្លងកាត់​ព្រំដែន​ចូល​ទៅ​រដ្ឋកា​រ៉ែ​ន​(Karen ) និង​កា​យ៉ា​(Kayah) របស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​អង្គការ​ជនភៀសខ្លួន​UNHCR បាន​និយាយថា ” ពួកគេ​ត្រូវបាន​ទទួល​ដោយ​ក្រុម​អាជ្ញាធរ​មី​យ៉ាន់​ម៉ា “៕ដោយ៖សុខា/SN

​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ច្រើន​នាក់ រត់​ភៀសខ្លួន​ចូល​ប្រទេស​ថៃ ចាប់តាំងពី​កងទ័ព​មី​យ៉ាន់​ម៉ា​ចាប់ផ្តើម​ប្រយុទ្ធ​ប្រឆាំង​ពួក​ឧទ្ទាម​កា​រ៉ែ​ន​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៨០

​ថៃ​បញ្ជូន​ជនភៀសខ្លួន​កា​រ៉ែ​ន​ជិត​១០០​នាក់​ទៅ​កាន់​មី​យ៉ាន់​ម៉ា​ពី​ជំរំ​នៅ​ខេត្ត​តាក​និង​មែ ហុង​សន​