អង្គការសហប្រជាជាតិ បញ្ចូល​នាវា និង​ក្រុមហ៊ុន​ទៅក្នុង​បញ្ជីខ្មៅ​ដោយសារតែ​លួច​ដឹកទំនិញ​កូរ៉េខាងជើង​

1403
ចែករម្លែក
  • 38
    Shares

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​មីនា​បាន​បញ្ចូល​នាវា​២៧​និង​ក្រុមហ៊ុន​ចំនួន​២១ ព្រមទាំង​អ្នកជំនួញ​ម្នាក់​​ផង​ទៅក្នុង​បញ្ជីខ្មៅ ដោយសារតែ​បាន​ជួយ​កូរ៉េខាងជើង​អោយ​គេច​ទណ្ឌកម្ម ខណៈ​សហរដ្ឋអាមេរិក​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ក្រុង​​ព្យុងយ៉ាង ទោះ​ជាមាន​ទំនោរ​ទៅរក​ការចរចា​កាលពីពេល​ថ្មីៗ​ក្តី​។​

​ធ្វើតាម​សំណើ​អាមេរិក វា​ជា​ទណ្ឌកម្ម​មួយកញ្ចប់​ធំ​ទៅលើ​កូរ៉េខាងជើង​ដែល​ត្រូវ​បានអនុម័ត​ដោយ​គណៈកម្មការ​មួយ​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​។​ចំណាត់ការ​នេះ​ជា​ផ្នែក​នៃ​ការបង្ក្រាប​លើ​ការ​លួច​ដឹកជញ្ជូន​ទំនិញ​កូរ៉េខាងជើង​ដោយ​រំលោភ​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជា​​ជាតិ​។​

​ទណ្ឌកម្ម​នេះ​ត្រូវ​បានអនុម័ត​ឡើង ខណៈ​អាមេរិក​ត្រៀម​ជួបពិភាក្សា​ជាមួយ​កូរ៉េខាងជើង​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​របប​ឯកោ​នេះ​​ដោយ​ជំនួប​កំពូល​មួយ​គ្រោង​ធ្វើឡើង​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក​គីម ជុង​អ៊ុន​នៅ​ចុងខែ​ឧសភា​។​

​ឯកអគ្គរដ្ឋទូត​រប​ស់​ត្រាំ​នៅ​អង្គការសហប្រជាជាតិ លោកស្រី និក​គី ហា​លី កាលពី​ថ្ងៃ​សុក្រ​បាន​ស្វាគមន៍​កញ្ចប់​ទណ្ឌកម្ម​ជា​ប្រវត្តិសាស្ត្រ​​មួយ​នេះ ដោយ​ហៅ​វា​ថា​ជា​«​សញ្ញា​ច្បាស់លាស់​មួយ​ដែលថា​សហគមន៍​អន្តរជាតិ​រួបរួមគ្នា​ក្នុង​កិច្ចខិតខំ​របស់​យើង​ដើម្បី​ដាក់​សម្ពាធ​ជា​​អតិបរមា​លើ​របប​កូរ៉េខាងជើង​»​។​

​សរុប​នាវា​ដឹក​ប្រេង​និង​ដឹកទំនិញ​កូរ៉េខាងជើង​១៣​គ្រឿង​ត្រូវ​ហាម​មិនអោយ​ចូល​កំពង់ផែ​នៅ​ទូទាំង​ពិភពលោក រួមជាមួយ​នាវា​១២​គ្រឿង​​ទៀត​ដែល​ជួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង លួច​ដឹកជញ្ជូន​ទំនិញ​ហាមឃាត់ ឬ​ផ្គត់ផ្គង់​ប្រេង​និង​ឥន្ធនៈ នេះ​បើតាម​ឯកសារ​របស់​អង្គការ​​សហប្រជាជាតិ​មួយ​។​

​នាវា​កូរ៉េខាងជើង​ពីរ​ទៀត រង​ការ​បង្កក​ទ្រព្យ​ទូទាំង​ពិភពលោក តែ​មិន​ត្រូវបាន​ហាម​ចូល​ផែ​ទេ​។​ក្រុមហ៊ុន​ដឹកជញ្ជូន​តាម​សមុទ្រ​និង​​ក្រុមហ៊ុន​ពាណិជ្ជកម្ម​២១​ត្រូវ​បង្កក​ទ្រព្យ ដោយ​ក្រុមហ៊ុន​បី​ស្ថិតនៅ​ហុងកុង រួមមាន​ក្រុមហ៊ុន​Huaxin Shipping​ដែល​បាន​ដឹក​ធ្យូងថ្ម​​កូរ៉េខាងជើង​ទៅកាន់​វៀតណាម​កាលពី​ខែតុលា​៕​ដោយ​៖​វាសនា

​ក្រុមហ៊ុន​កូរ៉េខាងជើង​១២​ត្រូវ​បានដាក់​ក្នុង​បញ្ជីខ្មៅ​ដោយសារ​ប្រើ​នាវា​ដឹកជញ្ជូន​ប្រេង​និង​ឥន្ធនៈ​ដោយ​ខុសច្បាប់​