អង្គការសហប្រជាជាតិ យល់ព្រម​កាត់បន្ថយ​ថវិកា​៦០០​លាន​ដុល្លារ​សម្រាប់​ការថែរក្សា​សន្តិភាព​

973
ចែករម្លែក

កាលពី​ថ្ងៃ​សុក្រ ទី​៣០ មិថុនា អង្គការសហប្រជាជាតិ បាន​យល់ព្រម​កាត់បន្ថយ​ថវិកា​ជិត​៦០០​លាន​ដុល្លារ​សម្រាប់​ថវិកា​ថែរក្សា​សន្តិភាព​របស់ខ្លួន បន្ទាប់ពី​មាន​សម្ពាធ​ពី​សហរដ្ឋអាមេរិក​ក្នុងការ​កាត់បន្ថយ​ការផ្តល់​លុយ​ដល់​អង្គការ​ពិភពលោក​នេះ​។​

​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​ព្រមព្រៀងគ្នា​ចំពោះ​ថវិកា​ប្រចាំ​ឆ្នាំនេះ ដែល​ត្រូវបាន​រំពឹងថា​នឹងមាន​សរុប​ចំនួន​៧,៣​ពាន់​លាន​ដុល្លារ ដោយ​ធ្លាក់ចុះ​ពី​ចំនួន​ថវិកា​បច្ចុប្បន្ន ៧,៨៧​ដុល្លារ​ដែល​ត្រូវបាន​​ចំណាយ​លើ​បេសកម្ម​សន្តិភាព​នៅ​ទូទាំង​ពិភពលោក​។​

ក្រុម​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​បាន​យល់ព្រម​លើ​ថវិកា​ចំនួន​៦,៨​ពាន់​លាន​ដុល្លារ​​សម្រាប់​ការផ្តល់​លុយ​ដល់​បេសកកម្ម​ចំនួន​១៤ ប៉ុន្តែ ថវិកា​បន្ថែមចំនួន​៥០០​លាន​ដុល្លារ​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ហៃ​ទី​និង​តំបន់​ដា​ហ្វួ​រ នៅ​ប្រទេស​ស៊ូដង់ នឹង​ទទួលបាន​ការយល់ព្រម​ជា​ចុងក្រោយ​នៅ​ខែធ្នូ​។​

សហរដ្ឋអាមេរិក ដែលជា​អ្នកផ្តល់​លុយ​ដ៏​ច្រើន​បំផុត​សម្រាប់​ការថែរក្សា​សន្តិភាព​នោះ បាន​ស្វែងរក​ការកាត់បន្ថយ​ប្រាក់​ជំនួយ​ជិត​១​ពាន់​លាន​ដុល្លារ​សម្រាប់​កិច្ចព្រមព្រៀង​ផ្តល់​ថវិកា​នេះ ហើយ​សហភាព​អឺរ៉ុប​ក៏បាន​ជំរុញឱ្យមាន​ការរក្សា​ទុក​ថវិកា​មួយចំនួន​ផងដែរ ដែលនាំឱ្យ​ថវិកា​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព​ធ្លាក់​មក​នៅត្រឹម​៧,៣​ពាន់​លាន​ដុល្លារ ។​

លោក ស្តេ​ហ្វា​នី ឌួ​ចារិក អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ បាន​និយាយថា “​ការផ្តល់​ថវិកា​នេះ គឺ​ពិត​ជាមាន​ចំនួន​តិចជាង​អ្វីដែល​យើង​មាន​កាលពី​ឆ្នាំមុន ប៉ុន្តែ អង្គការ​ពិភពលោក​នេះ នឹង​ខំប្រឹងប្រែង​ដើម្បី​ធានាថា អាណត្តិ​នៃ​ការបំពេញ​បេសកម្ម​ទាំងនោះ ត្រូវបាន​ប្រព្រឹត្តទៅ​៕

អង្គការសហប្រជាជាតិ ដាក់​កងទ័ព​ថែរក្សា​សន្តិភាព​ជិត​៩៥,០០០​នាក់​ឱ្យបំពេញ​បេសកកម្ម​នៅ​ទូទាំង​ពិភពលោក