អង្គការសុខភាពពិភពលោកនិយាយថា បេសកកម្មរួមគ្នាជាមួយចិននឹងចាប់ផ្តើមដើម្បីស៊ើបអង្កេតវីរុសកូរ៉ូណានៅចុងសប្តាហ៍នេះ

98
ចែករម្លែក

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) និយាយកាលពីថ្ងៃសុក្រទី២៤កុម្ភៈថា បេសកកម្មដឹកនាំដោយ WHO នៅប្រទេសចិននឹងចាប់ផ្តើមការស៊ើបអង្កេតការផ្ទុះឡើងនៃវីរុសកូរ៉ូណានៅចុងសប្តាហ៍នេះហើយនឹងផ្តោតលើរបៀបដែលវីរុសកូរ៉ូណាឆ្លងរាលដាលនិងភាពធ្ងន់ធ្ងរនៃជំងឺ។

ក្រុមមន្រ្តី WHO និយាយថា ក្រុមស៊ើបអង្កេត ដែលមានសមាជិកអន្តរជាតិ ១២ នាក់និងសមភាគីចិន ១២ នាក់ នឹងស្វែងរកព័ត៌មានលម្អិតអំពីរបៀប ទីកន្លែង និង ពេលវេលា ដែលបុគ្គលិកសុខាភិបាលជាង ១.៧០០ នាក់បានឆ្លងវីរុសកូរ៉ូណា។

ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយពីទីក្រុងគីនសាសាក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោប្រាប់ទៅអ្នកយកព័ត៌មានក្នុងក្រុងហ្សឺណែវ យ៉ាងដូច្នេះ “យើងរំពឹងថាក្រុមពេញលេញនឹងទៅដល់នៅចុងសប្តាហ៍នេះ”។

លោកបាននិយាយថា “គោលដៅនៃបេសកកម្មរួមគ្នានេះគឺត្រូវជូនដំណឹងជាជំហានៗឱ្យបានឆាប់រហ័សនៅក្នុងសកម្មភាពឆ្លើយតបនិងការត្រៀមខ្លួនសម្រាប់វីរុស Covid-19 នៅក្នុងប្រទេសចិននិងនៅទូទាំងពិភពលោក។ ការយកចិត្តទុកដាក់ពិសេសនឹងផ្តោតលើការយល់ដឹងអំពីការឆ្លងវីរុស ភាពធ្ងន់ធ្ងរនៃជំងឺ និង ប្រសិទ្ធភាពនៃវិធានការណ៍ឆ្លើយតបដែលកំពុងធ្វើ”។

លោកវេជ្ជបណ្ឌិត ម៉ៃ រ៉ាយអែន នាយកប្រតិបត្តិនៃកម្មវិធីសុខភាពបន្ទាន់របស់អង្គការសុខភាពពិភពលោកបាននិយាយថា លោកជឿថាក្រុមដែលដឹកនាំដោយ WHO នឹងរួមបញ្ចូលទាំងមន្ត្រីសុខាភិបាលអាម៉េរិកផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ៕ ដោយ៖ កញ្ញាដាលីស

ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស